ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជាជួបសំណេះសំណាលជាបន្តបន្ទាប់ជាមួយអតីតយុទ្ធជនកម្ពុជា ៥,៤៥៣នាក់ក្នុងរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានជួបសំណេះសំណាលជាបន្តបន្ទាប់ជាមួយអតីតយុទ្ធជនកម្ពុជាមកពីគ្រប់សង្កាត់ ខណ្ឌទាំងអស់ក្នុងរាជធានីភ្នំពេញ ក្នុងរយៈពេល ៣ថ្ងៃកន្លងមកនេះ គិតចាប់ពីថ្ងៃទី២១-២៣ ខែ ធ្នូ អតីតយុទ្ធជនកម្ពុជា ៥,៤៥៣នាក់ បានជួបសំណេះសំណាល និងស្តាប់នូវបញ្ហារបស់ពួកគេ។ នៅថ្ងៃទី២៤ ខែធ្នូ នេះ នាយឧត្តមសេ នីយ៍ គន់ គីម នឹងបន្តជួបសំណេះសំណាលជាមួយអតីតយុទ្ធជនជាង ៨០០នាក់បន្ថែមទៀត។

ក្នុងជំនួបសំណេះសំណាលរយៈពេល ៣ថ្ងៃកន្លងមកនេះ ក្រៅពីការស្តាប់ និងដោះស្រាយនូវកង្វល់របស់អតីតយុទ្ធជនហើយនោះ នាយ ឧត្តមសេនីយ៍ គន់ គីម ដែលជាអតីតយុទ្ធជនឆ្លងកាត់សមរភូមិក្នុងបុព្វហេតុជាតិដែរនោះ បានក្រើនរំលឹកដល់អតីតយុទ្ធជនទាំងអស់នាំ គ្នាចងក្រងសៀវភៅរៀបរាប់បង្ហាញពីប្រវត្តិតស៊ូ និងងស្នាដៃរបស់ខ្លួនក្នុងបុព្វហេតុជាតិមាតុភូមិ ជាពិសេសគឺការតស៊ូរំដោះប្រទេសជាតិ ចេញពីរបបវាលពិឃាត ប៉ុល ពត។

បើតាមនាយឧត្តមសេនីយ៍ គន់ គីម តាមរយៈការចងក្រងសៀវភៅស្តីពីប្រវត្តិតស៊ូនេះ អាចធ្វើឲ្យមនុស្សជំនាន់ថ្មី ក៏ដូចជាក្មេងៗជំនាន់ ក្រោយបានដឹងពីស្នាដៃ និងប្រវត្តិ នៃការតស៊ូរបស់អតីតយុទ្ធជន ហើយក៏ទុកជាការចងចាំសម្រាប់មនុស្សជំនាន់ក្រោយឲ្យបានដឹងពីទុក្ខ កើតចេញពីភ្លើងសង្រ្គាម។ សៀវភៅនេះ ក៏អាចនឹងដាស់ស្មារតីមនុស្សជំនាន់ថ្មីឲ្យរួមគ្នាការពារសុខសន្តិភាពរបស់កម្ពុជាផងដែរ។

ក្នុងកិច្ចសំណេះសំណាលនោះ នាយឧត្តមសេនីយ៍អគ្គលេខាធិការ ក៏បានណែនាំឲ្យថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជននៅតាមគ្រប់ខណ្ឌ សង្កាត់ក្នុងរាជធានីភ្នំពេញ យកចិត្តទុកដាក់ឲ្យបានខ្ពស់បន្ថែមទៀតថា ទៅលើការរស់នៅរបស់អតីតយុទ្ធជន។ «ពេលបងប្អូនណាម្នាក់ ទទួលមរណភាពនោះ ថ្នាក់ដឹកនាំ សមាគម គ្រប់ថ្នាក់ ពិសេសប្រធានសមាគមថ្នាក់ខ័ណ្ឌ ប្រធានសាខាសង្កាត់ ត្រូវប្រមូលផ្តុំអញ្ជើញបងប្អូន សមាជិក សមាគម ក្នុងភូមិ និង សង្កាត់ជុំវិញ មកចូលរួមរៀបចំចាត់ចែង ពិធីបុណ្យសពឲ្យបានអធិកអធម»។

នាយឧត្តមសេនីយ៍ គន់ គីម បន្ថែមថា «ក្រៅពីប្រគល់ប្រាក់មរណសង្គ្រោះជូនគ្រួសារសពហើយ ក្រុមការងារចម្រុះត្រូវរៀបចំឲ្យមានកម្មវិធីគោរពវិញ្ញាណក្ខន្ធសព ដោយមានការអានវិយោគកថា អានលិខិតចូលរួមមរណទុក្ខ របស់សាលារាជធានី សាលាខណ្ឌ និងសមាគម ដែលនោះគឺជាការផ្តល់កិត្តិយសឲ្យសក្តិសមនឹងគុណបំណាច់ដ៏ធំធេងរបស់វីរយុទ្ធជនយើង ដែលបានលះបង់ ដើម្បីភាពសុខសាន្តរបស់ប្រជាជនយើង»។

លោកអគ្គលេខាធិការ គន់ គីម បានថ្លែងជំរុញចៅសង្កាត់ និងប្រធានសាខាសមាគម សង្កាត់ ត្រូវឧស្សាហ៍ ចុះជួបសួរសុខទុក្ខ ពិនិត្យពីស្ថានភាពគ្រួសារសពអតីតយុទ្ធជន និងត្រូវអន្តរាគមន៍ជួយដោះស្រាយជួយឧបត្ថម្ភតាមគ្រប់លទ្ធភាព សំដៅជួយឲ្យក្រុមគ្រួសារ មានលំនឹងជីវភាព និងសម្របសម្រួលបង្កលទ្ធភាពឲ្យទទួលបានសេវាសាធារណៈផ្សេងៗ ថែមទៀត។

យោធិនពិការជើងទាំង២ លោក ប្រាក់ ប៊ុនថន ដែលមានវ័យ ៦៣ឆ្នាំ មកពីភូមិ១ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន បានសម្តែងក្តីរំភើបឥតឧបមា ចំពោះការដាស់តឿនរបស់នាយឧត្តមសេនីយ៍ គន់ គីម ចំពោះសុខទុក្ខរបស់ពួកគាត់ ដែលមិនធ្លាប់មានពីមុនមក ជាពិសេស ការណែនាំឲ្យចងក្រងសៀវភៅបង្ហាញស្នាដៃ។

លោក ប្រាក់ ប៊ុនថន បានថ្លែងដូច្នេះ «ការសរសេរទុក នូវប្រវត្តិ ស្នាដៃ និងបទពិសោធន៍នេះ ពិតជាមានសារៈសំខាន់ណាស់សម្រាប់ឲ្យកូនចៅយើងដឹងថា ឪពុក ម្តាយ ឬ ជីដូន ជីតា ខ្លួន បានធ្វើអ្វីខ្លះ? មានគុណបំណាច់យ៉ាងណាខ្លះ? ចំពោះជាតិ ហើយសង្គ្រាម វាបង្កវិនាសកម្មហិនហោចយ៉ាងណា ? ជាមួយនោះ ប្រទេសជាតិយើង ដែលកំពុងមា សន្តិភាពពេញលេញ ដូចសព្វថ្ងៃ តើរដ្ឋាភិបាលបានផ្តល់ការរស់នៅដោយសុខសាន្ត ដល់ប្រជាជនយ៉ាងណា ហើយប្រទេសជាតិ កំពុងអភិវឌ្ឍន៍ដូចម្តេច?។ ខ្ញុំ ពិតជាបិទភ្នែកជិតហើយ ព្រោះដឹងថា ពេលស្លាប់ត្រូវបានសមាគម និងអាជ្ញាធរផ្តល់កិត្តិយសសម្រាប់ជីវិតចុងក្រោយរបស់ខ្ញុំ»។

ក្នុងកិច្ចសំណេះសំណាលនាថ្ងៃទី២៣ ធ្នូ នាយឧត្តមសេនីយ៍ គន់ គីម ក៏បានស្នើសុំសម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធ ជនសង់ផ្ទះមួយខ្នងជូនអ្នកស្រី មាស សារី ជាប្រពន្ធជនពលី រស់នៅភូមិ១២ សង្កាត់បឹងកក់ ខណ្ឌទួលគោក ដែលកំពុងមានជីវភាពទីទ័លក្រផងដែរ។

ក្នុងកិច្ចសំណេះសំណាលនោះ មន្រ្តីជាន់ខ្ពស់របស់កម្ពុជា និងសប្បុរសជនមួយចំនួន បានឧបត្ថម្ភថវិកាសម្រាប់ទ្រទ្រង់ក្នុងសកម្មភាពជួយអតីតយុទ្ធជនផងដែរ។ សប្បុរសជន ជួយឧបត្ថម្ភ ដល់អតីតយុទ្ធជននោះរួមមាន៖

១- លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឧបត្ថម្ភ ២៣លានរៀល

២- អ្នកឧកញ៉ា ឈុន អូន អគ្គនាយកក្រុមហ៊ុនតេលា ( TELA ) ឧបត្ថម្ភ ២០លានរៀល

៣- នាយឧត្តមសេនីយ នាង ផាត រដ្ឋលេខាធិការក្រសួងការពារជាតិ ចំនួន ៥ លានរៀល

៤- នាយឧត្តមសេនីយ ស៊ុ សំណាង អគ្គនាយក នៃអគ្គនាយកដ្ឋានភ័ស្តុភារ និងហិរញ្ញវត្ថុក្រសួងការពារជាតិ ឧបត្ថម្ភ ១០លានរៀល

៥- សាលាខ័ណ្ឌ ទួលគោក និង ខ័ណ្ឌ ៧ មករា ចលនាសប្បុរសជនជួយឧបត្ថម្ភ ២០លានរៀល ៕ ហេង សូរិយា

hade-1 hade-2 hade-3 hade-4 hade-5 hade-6


ចែករំលែក៖