ភ្នំពេញ៖ ទីតាំងកន្លែងផលិតក្រដាសពន្ធ កាតគ្រីម៉ូតូ/ឡាន លតាប័ត្រ ប័ណ្ណបើកបរម៉ូតូ ក្រដាសឈៀករថយន្តក្លែងក្លាយដ៏ធំមួយកន្លែងស្ថិតនៅផ្ទះលេខ ៧១A ផ្លូវលេខ ០៩ សង្កាត់ព្រៃស ខណ្ឌដង្កោរាជធានីភ្នំពេញត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះខណ្ឌដង្កោដឹកនាំដោយលោក ចែ សុងព្រះរាជាអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ នឹង លោក ចេង មុនីរ៉ា អភិបាលរងខណ្ឌលោកវរសេនីយ៍ទោ ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោរួមសហការជាមួយមន្រ្តីគយនឹងមន្រ្តីពន្ធដា សាខាខណ្ឌដង្កោបានចុះបង្ក្រាបកាលពីល្ងាចថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០១៦ ដោយឃាត់ខ្លួនបានមនុស្ស ម្នាក់នឹងឆែកឆេររកឃើញសម្ភារនឹងឧបករណ៍ផលិតមួយចំនួនធំ ។
ក្នុងរង្វង់ប្រតិបត្តិការខាងលើនេះលោកវរសេនីយ៍ទោ ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោបានថ្លែងប្រាប់អ្នកសារព័ត៌មានថាមុននឹងឈានដល់ការបង្ក្រាបទីតាំងខាងលើនេះដំបូងឡើយលោកទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅក្បែរទីតាំងខាងលើថាមានមនុស្សចេញចូលច្រើន ហាក់មានអ្វីបង្ក្រប់នៅក្នុងនោះ ដូច្នេះលោកបានដាក់កម្លាំងតាមដានអស់រយះពេលជិត៣ខែមកហើយ ទើបនៅល្ងាចថ្ងៃទី ២៣ ម្សិលមិញនេះ មានបុរសម្នាក់ជាបុគ្គលិកដែលបម្រើការក្នុងទីតាំងខាងលើ បានជិះម៉ូតូដឹកសម្ភារមួយកាបូបស្ពាយចេញពីទីតាំងសង្ស័យ ដូច្នេះកម្លាំងលោកក៏បានជិះតាមនឹងធ្វើការឃាត់ខ្លួនសួរនាំនៅចំណុចផ្លូវបឹងតាម៉ាត សង្កាត់ដង្កោ ខណ្ឌដង្កោ ជាក់ស្តែងរកឃើញពន្ធក្លែងក្លាយចំនួន ៦មុខ រួមមានក្រដាសកលតាប័ត្រពន្ធផ្លូវ កលតាប័ត្រពន្ធគយ កាត់គ្រីម៉ូតូ កាត់គ្រីឡាន នឹងក្រដាសឈៀករថយន្ត ប័ណ្ឌបើកបរយានជំនិះ។
លោកអធិការបន្តថាក្រោយពីឃាត់ខ្លួននឹងឆែកឆេររកឃើញសម្ភារទាំងនេះលោកបានរាយការណ៍ជូនព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញនឹង ឧត្តមនាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ នឹងជាស្នងការនគរបាលរាជធានីភ្នំពេញ នឹងរាយការណ៍ជូនមន្រ្តីជំនាញ៣ដែលពាក់ព័ទ្ធគឺ មន្រ្តីគយ មន្រ្តីពន្ធដា នឹងមន្ត្រីសាធារណៈនឹងដឹកជញ្ជូនរាជធានីភ្នំពេញ រួចបន្តធ្វើការឆែកឆេរទីតាំងផលិតរកឃើញសម្ភារ ចំនួន១៥មុខ ប៉ុន្តែមានតែ៦មុខទេដែលក្រុមសង្ស័យទាំងនោះយកទៅចែកចាយលក់ជូនបងប្អូនប្រជាពលរដ្ឋទូរទាំងរាជធានី ខេត្ត ក្នុងតម្លៃទាប។
ជាមួយគ្នានោះលោក ចែ សុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញបានថ្លែងកោត សរសើដល់កម្លាំងនគរបាលខណ្ឌដង្កោដែលបានបង្រ្កាបទីតាំងផលិតពន្ធក្លែងក្លាយនេះ ព្រោះបើសិនជា ទីតាំងនេះនៅដំណើរការនោះគឺរដ្ឋបានបាត់បង់ចំណូលយ៉ាងធំធេង ។ ហេតុនេះតំណាងអយ្យការអម សាលាដំបូងរាជធានីភ្នំពេញនឹងចាត់វិធានការកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យដែលឃាត់បាននេះទៅនឹងសួរនាំស្រាវជ្រាវតាមចាប់បក្សពួកបន្តទៀត។
ប្រធានសាខាពន្ធដារខណ្ឌដង្កោ លោក អេង ទីតា បានថ្លែងប្រាប់អ្នកព័ត៌មានថា ប្រតិបត្តិការមួយ នេះជាជោគជ័យដ៌ធំធេងណាស់ដែលកម្លាំងរបស់អធិការខណ្ឌដង្កោធ្វើការបង្ក្រាបបទល្មើសបាន ព្រោះបទល្មើសវាជះទ្ធិពលខ្លាំងដល់ការប្រមូលចំណូលជាតិ ទាំងពន្ធដា យើងបានពិនិត្យឃើញស្រាប់ហើយទៅលើរថយន្តគ្រប់ប្រភេទភាគច្រើនមានកសារក្លែងក្លាយ ដែលធ្វើអោយបាត់បង់ចំណូលជាតិនឹង ធ្វើបាត់សេចក្តីទុក្ខចិត្តអ្នកចុះពន្ធផងដែរ ដូច្នេះការបង្ក្រាបបទល្មើសនេះគឺជាជោគជ័យធំណាស់។ លោកបន្តថា បើសិនជាទុក្ខអោយជនទាំងនេះបន្តប្រព្រឹត្តបទល្មើសតទៅទៀតយើងមានបញ្ហាច្រើន បាត់ជំនឿពីប្រជាពលរដ្ឋ ជាពិសេសបាត់បង់ចំណូលជាតិជាធំ ហើយសង្ឃឹមថាកម្លាំងសមត្ថកិច្ចនឹងសហការគ្នាបន្តបង្ក្រាបបទល្មើសណាដែលធ្វើប៉ះពាល់ដល់ចំណូល ជាតិនឹងប៉ះពាល់បញ្ហាផ្សេងៗ។
លោក ធៀម ថា ប្រធានសាខាគយខណ្ឌដង្កោបានលើកឡើងថា ពន្ធឡានមួយគ្រឿងតម្លៃរាប់ពាន់ដុល្លារ ហើយបើទីតាំងដែលបង្ក្រាបនាពេលនេះនៅបន្តអាជីវកម្មគឺ រដ្ឋបានបាត់បង់ចំណូលច្រើន ព្រោះដោយសារអាជីវកម្មនេះអាចធ្វើកលតាប័ត្រពន្ធគយលក់ជូនប្រជាពលរដ្ឋ។គួរបញ្ជាក់ថាក្នុងព្រឹកថ្ងៃនេះទី ២៤ ខែ ធ្នូ ឆ្នាំ ២០១៦នេះ កម្លាំងចម្រុះបានចុះដកហូតយកសម្ភារក្នុងទីតាំងផលិតយកទៅរក្សាទុក្ខបណ្តោះអាសន្នរង់ចាំចំណាត់ការ ហើយក្នុងរង្វង់ប្រតិបត្តិការណ៍ខាងលើនេះសមត្ថកិច្ចក៏ដូចជាមន្រ្តីជំនាញនៅមិនទាន់អាចបញ្ជាក់ថា ទីទាំងខាងលើបានផលិតនឹងចែកចាយ ក្រដាសកលតាប័ត្រពន្ធផ្លូវ កលតាប័ត្រពន្ធគយ កាត់គ្រីម៉ូតូ កាត់គ្រីឡាន នឹងក្រដាសឈៀករថយន្ត ប័ណ្ឌបើកបរយានជំនិះ បានប៉ុន្មានទេ ហើយសរុប ជាថវិការក៏នៅមិនអាចបញ្ជាក់បានឡើយ ដោយសារកំពុងបន្តនិតីវិធីសាកសួរទៅលើកជនដែលប្រព្រឹត្តបទល្មើស៕ ភារ៉ា ដង្កោ