ខេត្តកណ្តាល៖ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ ដែលបង្កឲ្យមនុស្ស៣នាក់ជាអ្នកជិះមូ៉តូរងរបួសស្រាល និងរថយន្តខូចខាត៣គ្រឿង និងមូ៉តូ១គ្រឿងយា៉ងតំណំ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាមោ៉ង៧និង៤០នាទីព្រឹក ថ្ងៃទី២៥ ខែឆ្នូ ឆ្នាំ២០១៦ ឋិតនៅតាមផ្លូវជាតិលេខ៦ នៅក្បែរស្ពានលេខ១៣ ចន្លោះស្ពានលេខ១២ ក្នុងភូមិព្រែកតាបែន ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូលខេត្តកណ្តាល។
គ្រោះថ្នាក់នេះ តាមប្រភពពីសមត្ថកិច្ច និងសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា ដំបូងឃើញរថយន្ត៣គ្រឿងបានបើកបរស្របទិសគ្នា មានទិសដៅពីត្បូងទៅជើង រថយន្តទីមួយម៉ាកឡង់គ្រីសរ័ ពណ៌ខ្មៅ ពាក់ស្លាក់លេខ ភ្នំពេញ ២AP-6399 ម្ចាស់រថយន្តឈ្មោះ ម៉េង លីនីនអាយុ៤៦ឆ្នាំ ជាមន្រ្តីរាជការ នៅសាលាខេត្តក្រចេះ រថយន្តទីពីរជារថយន្តហ្វ័ត ប្រភេទរថយន្តតាក់សីុ ពណ៌ទឹកប្រាក់ ពាក់ស្លាក់លេខ ភ្នំពេញ 2AJ-4245 ជារថយន្តប្រភេទទេសចរណ៍ បន្ទាប់ពីកើតហេតុ ម្ចាស់រថយន្តបានគេចខ្លួនបាត់ រថយន្តទីបី ជាប្រភេទរថយន្តក្រុងក្រុមហ៊ុនកាពីតូល ពណ៌ស លាយប្រផេះ ពាក់ស្លាក់លេខ ភ្នំពេញ 3B-1915 ដែលមានអ្នកដំណើរពេញនៅលើរថយន្ត។
ប្រភពដដែលបានបន្តថា រថយន្តទាំងបីគ្រឿងធ្វើដំណើរស្របទីសគ្នា លុះមកដល់ចំណុចកើតហេតុ រថយន្តទីមួយបានជាន់ហ្វ្រាំងបន្ថយល្បឿន ទើបធ្វើឲ្យរថយន្តទីពីរបុកគូទរថយន្តទីមួយលាន់សូរគ្រាំង បណ្តាលឲ្យបែកស្តុបក្រោយខាងស្តាំ រីឯរថយន្តទីពីរត្រូវបានរថយន្តក្រុងបុកពីក្រោយបុកយ៉ាងដំណំ ។ បន្ទាប់ពីកើតហេតុ ម្ចាស់រយន្តទីពីរបានគេចខ្លួនបាត់ ចំណែកម្ចាស់រថយន្តក្រុង ត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ស្រុកមុខកំពូល នាំតៃកុងររថយន្តទៅកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីសួរនាំ តែដោយមានការធ្វេសប្រហែសពីមន្រ្តីនគរបាលចរាចរណ៍បានឲ្យតៃកុងរថយន្តក្រុងទៅបត់ជើងនៅក្នុងបន្ទប់ទឹកបណ្តាលឲ្យតៃកុងរថយន្តរូបនោះគេចខ្លួនបាត់ស្រមោល ។
ក្នុងឧបទេវហេតុគ្រោះថ្នាក់ចរាចណ៍នេះ សមត្ថកិច្ទមិនទាន់ដឹងមូលហេតុច្បាស់លាស់ទេ បុ៉ន្តែគេដឹងម្ចាស់ម៉ូតូ និងប្រពន្ធជិះជាមួយគ្នាមានរបួសស្រាល ដែលបានក្រុមគ្រួសារបញ្ជូនទៅកាន់ពេទ្យឯកជននៅក្បែរនោះ។
ប្រភពពីប្រជាពលរដ្ឋម្នាក់ ដែលជិះនៅលើរថយន្តក្រុងក្នុងដំណើរទៅកាន់ខេត្តសៀមរាប បានរៀបរាប់ប្រាប់អ្នកយកព័ត៌មាននគរវត្តថា រូបគាត់ឃើញតៃកុងរថយន្តបើកបរមានល្បឿនលឿនគួរសម ហើយបានយកទូរស័ព្ទនិយាយ ខណៈកំពុងបើកបរ ពេលតៃកុងរថយន្តស្លុងអារម្មណ៍មិនប្រយ័ត្ន ក៏បុករយន្តបន្តកន្ទុយគ្នាតែម្តង។
បច្ចប្បន្នសមត្ថកិច្ចនគរបាលចរាចរណ៍ស្រុកមុខកំពូលកំពុងកោះអញ្ជើញគ្រប់ភាគីចូលខ្លួនដើម្បីដោះស្រាយតាមនិតិវិធីនៃច្បាប់ ៕ ឡូ សំអាត