ខេត្តក្រចេះ៖ រថយន្តធុនធំ១គ្រឿងផ្ទុកឈើល្មើសច្បាប់ជាច្រើនម៉ែត្រគូប ត្រូវបានសមត្ថកិច្ចចាប់បង្ក្រាបទាំងយប់ កាលពីវេលាម៉ោង៣ទៀបភ្លឺ ឈានចូលថ្ងៃទី២៤ខែធ្នូ នៅមុខអធិការរដ្ឋាននគរបាលក្រុងក្រចេះ ក្រោយពីថៅកែឈើរត់ក៏ជាមួយសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តមិនច្បាស់សាស់ ។
យ៉ាងណាក៏ដោយក្នុងសកម្មភាពចាប់បង្ក្រាបរថយន្តដឹកឈើមិនបានរត់ការ របស់កម្លាំងនគរបាលក្រុងក្រចេះ សហការជាមួយកម្លាំងរដ្ឋបាលព្រៃឈើថ្មគ្រែ នាយប់នោះ សមត្ថកិច្ចមិនបានឃាត់ខ្លួន ជនណាម្នាក់ជាប់ពាក់ព័ន្ធនិងជំនួញឈើល្មើសច្បាប់នោះទេ ដោយសមត្ថកិច្ចបានអះអាងថា បុរស២នាក់នៅក្នុងរថយន្តគឺជាព្រូរនិងអ្នកស៊ីឈ្មួលបើករថយន្តតែប៉ុណ្ណោះ ។
បុរសជាអ្នកបើកយន្តដឹកឈើឈ្មោះ ម៉ាត់ លី វ័យជាង២០ឆ្នាំ រស់នៅស្រុកដំបែរខេត្តត្បូងឃ្មុំ បាននិយាយថា រូបលោកក្រាន់តែជាអ្នកស៊ីឈ្មួលបើករថយន្តតែប៉ុណ្ណោះ ចំណែកថៅកែឈើ ឈ្មោះ សល់ រស់នៅស្រុកតំបែរ ។ បុរសដដែរបានបន្តថា ដំបូងថៅកែឈើឈ្មោះ សល់ ប្រាប់គាត់ថា ឲ្យឱ្យមកបើកឡានដឹកដំឡូងមី ដោយឱ្យថ្លៃឈ្មួលបើករថយន្ត១ជើង៥ម៉ឺនរៀល តែពេលមកដល់ក្នុងព្រៃក្នុងស្រុកសំបូរ ខេត្តក្រចេះ ស្រាប់តែកម្មករបានលើកឈើដាក់លើរថយន្ត ចំណែកថៅកែឈើប្រាប់គាត់ថា ឲ្យបើកទៅកុំភ័យ គាត់បានរត់ការជាមួយសមត្ថកិច្ចក្នុងខេត្តអស់ហើយ ។ អ្នកបើកបររូបនោះបន្តថា នៅពេលបើកមកដល់ក្រុងក្រចេះ ត្រូវបានសមត្ថកិច្ចស្ទាក់ ចាប់ចំណែកថៅកែឈើបានរត់គិចខ្លួន មិនទទួលខុសត្រូវ ។
នាយសង្កាត់រដ្ឋបាលព្រៃឈើថ្មគ្រែ លោក ម៉ី វុទ្ឋី បាននិយាយថា រថយន្តដឹកឈើ១គ្រឿងនេះ គឺកម្លាំងរបស់លោកបានសហការជាមួយកម្លាំងនគរបាលក្រុងក្រចេះ ចាប់បង្រាបបាននៅកណ្តាលក្រុងក្រចេះ កាលពីវេលាម៉ោង៣ទៀបភ្លឺ ហើយបាននាំទៅរក្សាទុកនៅថ្នាលបណ្តុះកូនឈើខ្សារទាំងយប់តែម្តង ។
លោកនាយសង្កាត់បន្តថា ឈើនៅក្នុងរថយន្តគូរេចំណុះ២តោនកន្លះ គឺជាប្រភេទឈើអារលេខ១និងលេខ២ មានចំនួនជិត១០ម៉ែត្រគូប ។ លោកថា ក្រោយពីបញ្ចប់ការបូកសរុប ខាងផ្នែករដ្ឋបាលព្រៃឈើនិងចេញសេចក្តីប្រកាស រកម្ចាស់ឈើឱ្យចូលខ្លួនមកបង់ពិន័យតាមច្បាប់ព្រៃឈើ តែបើម្ចាស់ឈើមិនចូលខ្លួននោះទេសំណុំរឿងនេះនិងបញ្ជូនបន្តមកតុលាការ ដើម្បីមានចំណាត់ការបន្ត៕ កោះទ្រុង