ខេត្តកណ្តាល: ជនសង្ស័យ២នាក់ក្នុងចំណោម៥នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកកៀនស្វាយចាប់ខ្លួនដកហូតបានថ្នាំញៀនប្រ ភេទម៉ាទឹកកក១១៩កញ្ចប់តូចនិងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀត ។
ប្រតិបត្តិការនេះ ធ្វើឡើងនៅវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៦ នៅចំនុចកោះតូច ក្នុងភូមិកណ្តាល ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ជនសង្ស័យមានឈ្មោះ មានឈ្មោះប៊ុន រដ្ឋាចហៅតើម ភេទប្រុសអាយុ៣៥ឆ្នាំ មានទីលំនៅភូមិព្រែកតាគង់ សង្គាត់ចក្រអង្រែក្រោម ខណ្ឌមានជ័យ និងម្នាក់ទៀមានឈ្មោះអុល វិសាល ភេទប្រុសអាយុ១៩ឆ្នាំ មានទីលំនៅចំនុចកោះតូច ភូមិកណ្តាល ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ដោយឡែក៣នាក់ទៀតដែលរត់គេចខ្លួនសមត្ថកិច្ចស្គាល់អត្តសញ្ញាណអស់ហើយ ។
ក្នុងប្រតិបត្តិការនេះដែរ សមត្ថកិច្ចដកហូតបានថ្នាំញៀនចំនួន១១៩កញ្ចប់តូច ក្នុងនោះថ្នាំមួយចំនួនទៀតត្រូវក្រុមជនសង្ស័យបោះចូលក្នុងទឹកទន្លេ ព្រោះទីតាំងដែលចុះទៅបង្ក្រាបនៅជិតនិងមាត់ទន្លេ ពេលដឹងថាកម្លាំងសមត្ថកិច្ចហ៊ំព័ទ្ធជនសង្ស័យមួយចំនួនលោតចូលទៅក្នុងទឹកទន្លេដើម្បីគេចខ្លួន ។
លោក អ៊ួន សុផាត មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកកៀនស្វាយបានអោយដឹងថា បន្ទាប់ពីទទួលបានពត៍មានពីប្រជាពលរដ្ឋ កម្លាំងអាវុធហត្ថស្រុកបានធ្វើការស៊ើបអង្កេតទីតាំងដែលក្រុមជនសង្ស័យប្រមូលផ្តុំគ្នាចែកចាយនិងប្រើប្រាស់ថ្នាំញៀន ។ បន្ទាប់ស៊ើបដឹងច្បាស់ថាពិតជាទីតាំងចែកចាយនិងប្រើប្រាស់គ្រឿងញៀនរួចមក លោកឧត្តសេនីយ៍មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាលបានបញ្ជាផ្ទាល់អោយកម្លាំងអាវុធហត្ថស្រុកបើកប្រតិបត្តិការភ្លាមៗទៅតាមជំនាញ ។ ក្នុងពេលប្រតិបត្តិការកម្លាំងមួយចំនួនបានស្លៀកពាក់ជាស៉ីវិល និងកម្លាំងមួយចំនួនទៀតស្លៀកពាក់ឯកសណ្ឋាន..គ្រាន់តែហ៊ំព័ទ្ធភ្លាមជនសង្ស័យមួយចំនួនបានរត់គេចខ្លួន និងខ្លះទៀតលោតចូលទឹកទន្លេ ដោយឡែកនៅសល់២នាក់រត់មិនរួចក៍ត្រូវចាប់ខ្លួនបានតែម្តងដកហូតបានថ្នាំញៀនជា១០០កញ្ចប់ កាំភ្លើងកែច្នៃ១ដើម និងសម្ភារៈមួយចំនួនទៀត ។
ក្រោយចាប់ខ្លួនជនសង្ស័យទាំង២នាក់ត្រូបានបញ្ជូនមកកាន់ទីបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាលដើម្បីចាត់ការតាមផ្លូវច្បាប់ ។
សូមបញ្ជាក់ថា នៅក្នុងខែធ្នូ ចុងឆ្នាំ២០១៦នេះ កម្លាំងកងរាជអាវុធហត្ថស្រុកកៀនស្វាយបានបំបែកសម្បុកក្រុមរកស៉ីចែកចាយថ្នាំញៀន២កន្លែង នៅក្នុងភូមិសាស្ត្រឃុំបន្ទាយដែកដកហូតបានថ្នាំញៀនជិត៣០០កញ្ចប់តូចនិងសម្ភារៈមួយចំនួនទៀត ៕សណ្តោស