ភ្នំពេញ ៖ លោក អូស្មាន ហាស្សាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា បានប្រកាសជំហរ របស់សហគមន៍ ឥស្លាមថា សហគមន៍ ឥស្លាម នូវតែបន្ដ គាំទ្រ គម្រោងអភិវឌ្ឍន៍ ឲ្យសាលារាជធានីភ្នំពេញ ដាក់ប្រព័ន្ធលូ និងបើកផ្លូវសាធារណៈ នៅក្បែវិហារឥស្លាមបឹងកក់ ដើម្បីងាយស្រួលដល់ប្រជាពលរដ្ឋធ្វើដំណើរ ហើយការបើកផ្លូវ និងដាក់ប្រព័ន្ធលូនេះ មិនមានផលប៉ះពាល់ណាមួយដល់វិហារឥស្លាមបឹងកក់នោះទេ។
ការប្រកាសជំហបែបនេះត្រូវបានធ្វើឡើង នៅរសៀលថ្ងៃទី២៦ ខែធ្នូ ក្នុងកិច្ចប្រជុំគណៈអ៉ីម៉ាំ គ្រប់លំដាប់ថ្នាក់តំណាងសាសនិក ឥស្លាមទូទាំងប្រទេស របស់គណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា ក្រោមអធិបតីភាព លោក សុះ កំរុី ចាងហ្វាង នៃ គណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា, លោក ឃួង ស្រេង អភិបាលស្ដីទី រាជធានីភ្នំពេញ ព្រមទាំងថ្នាក់ដឹកនាំ ឥស្សរជនឥស្លាមសំខាន់ៗ ប្រមាណជិត៧០០០នាក់ តំណាងឲ្យសាសនិកឥស្លាមទូទាំងប្រទេសជាង ៧០ម៉ឺននាក់។
លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖ ជំហរឯកជនរបស់ខ្ញុំ មិនខុសពីជំហររបស់បងប្អូនយើងទាំងអស់ទេ គឺខ្ញុំឯកភាពតាំងពីដើមរហូតមកដល់ថ្ងៃនេះថា គម្រោងរបស់សាលារាជធានីភ្នំពេញ គឺជាគម្រោងដែលនាំមកនូវអត្ថប្រយោជន៍សម្រាប់ប្រជាជនយើងទូទៅ សម្រាប់គ្រប់សាសនា សម្រាប់គ្រប់សាធារណជន ទាំងមនុស្ស ទាំងសត្វ ។លោកបន្ដថា ៖ វិហារឥស្លាមបឹងកក់ នេះ ប្រសិនបើសាលារាជធានីភ្នំពេញបើកផ្លូវ គឺជាវិហារមួយដែលមានចម្ងាយពីផ្លូវរហូត ទៅដល់៦០ម៉ែត្រ ខណៈ ដែលវិហារឥស្លាមផ្សេងទៀត មានចម្ងាយជិតជាងនេះ ពោលគឺវិហារគីឡូម៉ែត្រ៩ មានចម្ងាយពីផ្លូវ៤០ម៉ែត្រ គីឡូម៉ែត្រលេខ៨ មានចម្ងាយ ពីផ្លូវ២២ម៉ែត្រ វិហារគីឡូម៉ែត្រលេខ៧ ចម្ងាយពីផ្លូវ១៧ម៉ែត្រ វិហារទួលទំពូង ចម្ងាយពីផ្លូវ១៧ម៉ែត្រ វិហារជ្រោយចង្វារ ចម្ងាយពីផ្លូវ៩ម៉ែត្រ និងវិហារព្រែកប្រា មានចម្ងាយពីផ្លូវត្រឹមតែ ៣.៥ម៉ែត្រ តែប៉ុណ្ណោះ។
ជាមួយគ្នានោះដែរ លោក ស៊ូ សេន អ៊ីម៉ាំ ខេត្តកណ្ដាល តំណាងឲ្យវិហារឥស្លាមចំនួន១៧ បានលើកឡើងថា កាលណាអាជ្ញាធរបើកផ្លូវនេះវិហារឥស្លាមបឹងកក់ នឹងមានប្រជាជនជិះឆ្លងកាត់ និងស្គាល់កាន់តែច្រើនបន្ថែមទៀត ហើយលោកបានអំពាវនាវឲ្យសាលារាជធានីភ្នំពេញ បន្ដអនុវត្តគម្រោងនេះ ដោយមិនឈប់ ព្រោះតែមានក្រុមមួយចំនួនតូចមករារាំងយ៉ាងណាក៍ ដោយ ។ លោកបន្ដថា ៖ ប្រសិនបើ សាលារាជធានីភ្នំពេញ គួរតែអនុវត្តគម្រោងនេះចាប់ពីថ្ងៃស្អែកនេះ តទៅក៍កាន់តែល្អ ។
លោក ឃួង ស្រេង អភិបាលស្ដីទីរាជធានីភ្នំពេញ បានបញ្ជាក់ថា ៖ បើទោះបីសាសនិកឥស្លាមប្រមាណ ៩០ភាគរយ បានគាំទ្រឲ្យ សាលារាជធានីភ្នំពេញ ដាក់ប្រព័ន្ធ លូ និងបើកផ្លូវ R4 ដែលនៅក្បែវិហារឥស្លាមបឹងកក់នេះក៏ដោយ លោក និងក្រុមការងារ បច្ចេកទេស របស់រដ្ឋបាលរាជធានីភ្នំពេញ នូវតែ រងចាំទទួលនូវពាក្យបណ្ដឹងជំទាស់ រឿង គម្រោងការអភិវឌ្ឍបើកផ្លូវ R4 នេះជានិច្ច ។ តែជំហរ រាជធានី នូវតែបន្ដគម្រោងនេះ ទៅមុខ ដ៍ដែល បើទោះបី មានក្រុមបងប្អូន សាសនិកឥស្លាម មួយចំនួន មករារាំង មិនអនុវត្ដ គម្រោងនេះក្ដី ៕ សំរិត