ភ្នំពេញ ៖ សម្រាប់ការប្រកួតជម្រុះសប្តាហ៍ទី៧នេះ ប្រជុំដោយអ្នកប្រដាល់ជើងខ្លាំង ដូចជាកីឡាករ វៀត ប៊ុនឌឿន មកពីសមាគមកីឡាក្រសួងការពារជាតិ ជួបប្រកួតជាមួយ ម៉ន លីហួរ មកពីក្លិបការិយាល័យទី៥ កងទ័ពជើងគោក ខណៈដែលកីឡាករឆាយ មាស អ្នកប្រដាល់ក្លិបសំរោងកោងខេត្តបាត់ដំបង ប៉ះ បឺត សង្ឃឹម មកពីក្លិបរ៉ាហាប់ស្វាយប៉ាកដើម្បីដណ្តើម កៅអីវគ្គ១៦នាក់ជុំទី២ នៃពានរង្វាន់TV5 Boxing Knock Out Series ទម្ងន់៦០គីឡូក្រាមនៅសង្វៀន TIFFY ARENA នៅថ្ងៃសៅរ៍ ទី៣១ ខែធ្នូ ឆ្នាំ២០១៦។
ការជួបគ្នារវាង វៀត ប៊ុនឌឿន និង ម៉ន លីហួរនេះ ពួកគេធ្លាប់ជួបគ្នាម្តងហើយកាលពីថ្ងៃទី៩តុលាកន្លងមកនេះ គឺ លីហួរ ត្រូវ ប៊ុនឌឿន វាយឲ្យសន្លប់ក្នុងទឹកទី១។ ដូច្នេះសម្រាប់ការជួបគ្នារវាង វៀត ប៊ុនឌឿន និង ម៉ន លីហួរលើកទី២នេះអាចចាត់ទុកបានថា គឺជាការប្រកួតសងសឹក។ប៉ុន្តែក្រុមអ្នកវិភាគប្រដាល់បានកត់សម្គាល់ឃើញថា ម៉ន លីហួរ ទំនងមិនអាចឈ្នះប៊ុនឌឿន បានទេ។ ព្រោះ ប៊ុនឌឿន មានសុហ្វខ្លាំង និងស្នៀតល្អជាងលីហួរ។ ចាំមើល តើ វៀត ប៊ុនឌឿន អាចយកឈ្នះ ម៉ន លីហួរ បានទៀតដែរ ឬអត់?។
ឆាយ មាស នេះ ជាអ្នកប្រដាល់ជើងចាស់ ឯបឺត សង្ឃឹម ជាអ្នកប្រដាល់ជើងថ្មី។ ពីរនាក់នេះ មិនធ្លាប់ដែលប៉ះគ្នាទេកន្លងមក។សម្រាប់ការជួបគ្នាលើកនេះ មិនដឹងថានរណា ជាអ្នកមានសំណាងបានឡើងទៅប្រកួតបន្តនូវជុំទី២វគ្គ១៦នាក់នោះទេ? តែយ៉ាងណា ឆាយ មាស វ័យចាស់មានកលល្បិច និងបទពិសោធន៍លើរេញច្រើនខណៈដែល បឺត សង្ឃឹមកំពុងពេលកម្លាំង។ ឆាយ មាស ហានតែធ្វេសប្រហែស អាចនិងអស់ឱកាសព្រោះបឺត សង្ឃឹម កម្លាំងសុហ្វរឹងមាំល្អណាស់។
កម្មវិធីប្រកួតកីឡាប្រដាល់ដណ្ដើមជើងឯកពានរង្វាន់TV5 Boxing Knock Out Series ទម្ងន់៦០គីឡូក្រាមនេះ មានអ្នកប្រដាល់ចំនួន៣២នាក់ ហើយចែកចេញជា៤ដំណាក់កាល ម្ចាស់ជើងឯកពានរង្វាន់នេះទទួលបានថវិកាចំនួន៤ពានដុល្លារ៕ សារីម