ភ្នំពេញ៖ ថ្នាក់ដឹកនាំរបស់សហព័ន្ធកីឡាកាយសម្ព័ន្ធ មានសុទិដ្ឋិនិយម ចំពោះយុវជនវ័យក្មេង និងគ្រូបង្វឹក អាជ្ញាកណ្តាល ចៅក្រមរបស់ខ្លួនថា នៅថ្ងៃពេលខាងមុខដ៏ខ្លី សហព័ន្ធ នឹងខិតខំកៀរគរ និងសហការជាមួយស្ថាប័នពាក់ព័ន្ធនានា ដើម្បីធ្វើយ៉ាងបន្តព្រឹងព្រីកបន្ថែម លើការបណ្តុះបណ្តាល ជំនាញបច្ចេកទេស តិចនិចក្នុងការប្រកួត តាមរយៈក្រសួងអប់រំយុវជននិងកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងសហព័ន្ធកីឡាកាយសម្ព័អន្តរជាតិ ។ លោក ណយ ផាណា អគ្គលេខាធិការកីឡាកាយសម្ព័ន្ធកម្ពុជាបានឲ្យដឹងថា ឆ្លងកាត់ការបង្រៀនដោយអ្នកជំនាញការមកពីប្រទេសជប៉ុនគឺលោក YasunoriTahcibabaអស់រយៈពេល ១សប្តាហ៍កន្លងទៅសិក្ខាកាមទទួលបានចំណេះដឹងថ្មីៗជាច្រើន សម្រាប់យកទៅអនុវត្តជាមួយកីឡាករ កីឡាការិនី របស់ខ្លួនក្រោយបញ្ចប់វគ្គសិក្សានារសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ នៅសាលាដំបូលទូកក្នុងបរិវេណពហុកីឡដ្ឋានជាតិ។
លោកអគ្គលេខាធិការ បានបញ្ជាក់ថា សិក្ខាកាមបានយល់ដឹងបន្ថែមទាំងទ្រឹស្ដី ការអនុវត្តផ្ទាល់ និងដកស្រង់បទពិសោធន៍បច្ចេកទេសល្អៗថែមទៀតពីអ្នកជំនាញការជប៉ុន។ សម្រាប់វគ្គបណ្ដុះបណ្ដាលនេះដែរក៏មានការចូលរួមអនុវត្តន៍ផ្ទាល់ពីកីឡាករ កីឡាការិនី ១៨នាក់។ សិក្ខាកាមជាគ្រូបង្វឹក មកពី៦រាជធានី-ខេត្តសរុបមាន៤៣នាក់នេះគឺជាវគ្គបំប៉នលើកទី២ហើយខណៈដែលលើកទី១ធ្វើឡើងកាលពីថ្ងៃទី ១០ដល់ ១៦ ខែតុលា ឆ្នាំ ២០១៦។
លោកបានអះអាងថា ដើម្បីសម្រួចគោលដៅឲ្យកាន់តែរឹងមាំសម្រាប់ការត្រៀមធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍កីឡាថ្នាក់តំបន់ស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ សហព័ន្ធបានបង្កើតវគ្គបណ្តុះបណ្តាលដល់គ្រូបង្វឹក និងថ្នាលកីឡាករ កីឡាការិនីរយៈពេល៣ខែ ដែលចែកចេញជា២វគ្គបង្រៀនដោយផ្ទាល់ពីគ្រូធំមកពីប្រទេសជប៉ុន ។
ថ្វីដ្បិតតែវគ្គបណ្តុះបណ្តាលនេះជាវគ្គដ៏សំខាន់មួយក៏ពិតមែន ប៉ុន្តែវានៅតែមិនគ្រប់គ្រាន់សម្រាប់កីឡាករ កីឡាការិនីស្ថិតក្នុងប្រទេស ដែលកំពុងអភិវឌ្ឍន៍លើវិស័យកីឡា ពិសេសកីឡាកាយសម្ព័ន្ធកម្ពុជា មានកម្រិតមិនអាចឆ្លើយតបតាមការវិវត្តន៍នៃការរីកចម្រើនដូចប្រទេសក្នុងតំបន់នូវឡើយ។ ដោយឡែកលោក ឧកញ៉ា សុខ ហុង អនុប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានថ្លែងនូវអំណរគុណដល់លោកYasunori Tahcibaba ដែលបានចំណាយពេលវេលា ជួយបណ្តុះបណ្តាលគ្រូបង្វឹក និងកីឡាករកីឡាការិនី កាយសម្ព័ន្ធកម្ពុជា ក្នុងនោះដែរ លោកឧកញ៉ា ក៏បានផ្តាំផ្ញើដល់យុវជនថ្នាល ដែលជាក្តីសង្ឃឹមសម្រាប់ប្រទេសជាតិនាថ្ងៃអនាគត ត្រូវខិតខំហ្វឹកហាត់បន្ថែមទៀត បើទោះបីលោកYasunoriTahcibaba បានបញ្ចប់វគ្គបំប៉នក៏ពិតមែន ប៉ុន្តែអ្វីដែលយើងទទួលបានពីគាត់យើងត្រូវយកមកអនុវត្តបន្ថែមទៀត ដើម្បីឲ្យគុណភាពបច្ចេកទេសបានប្រសើរឡើង៕ សារីម