ភ្នំពេញ: បើទោះបីជា សាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសក្នុងកម្រិតទាបបំផុតក៏ដោយ អតីតមន្ត្រីយោធាពាក់ស័ក្តិ៥ម្នាក់នៃក្រសួងការពារជាតិ បានបន្តប្តឹងមកសាលាឧទ្ធរណ៍ ដើម្បីសុំការបន្ធូរបន្ថយទោសបន្ថែមទៀត ។
សាលាឧទ្ធរណ៍ កាលពីព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ បើកសវនាការជំនុំជម្រះសំណុំរឿងមន្ត្រីយោធារូបនេះ ពាក់ព័ន្ធបទល្មើស”ឆបោក”ប្រាក់តាមរូបភាពរត់ការចូលក្របខ័ណ្ឌក្រសួងការពារជាតិ តែបរាជ័យ ។
មន្ត្រីសាលាឧទ្ធរណ៍ បញ្ជាក់ថា អតីតមន្ត្រីយោធារូបនេះឈ្មោះ អ៊ុក ស៊ីថន អាយុ៣៩ឆ្នាំ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល១ឆ្នាំនិងពិន័យ១លានរៀល ក្រោមការចោទប្រកាន់ពីបទ”ឆបោក”តាមមាត្រា៣៧៧និង៣៧៨នៃក្រមព្រហ្មទណ្ឌ ។ ប៉ុន្តែជនជាប់ចោទបានប្តឹងមកសាលាឧទ្ធរណ៍ ។
ជនជាប់ចោទឈ្មោះ អ៊ុក ស៊ីថន បានទទួលប្រាក់ពីជនរងគ្រោះចំនួន២៨០០ដុល្លារអាមេរិក ដើម្បីរត់ការចូលក្របខ័ណ្ឌក្រសួងការពារជាតិ ។ ប៉ុន្តែការរត់ការនេះ បរាជ័យ ហើយជនជាប់ចោទបានស៊ីដាច់ជនរងគ្រោះ ទើបឈានដល់ការប្តឹងផ្តល់ តែម្ដង ។
ដោយឡែក នាពេលសវនាការសាលាឧទ្ធរណ៍ ជនជាប់ចោទ អ៊ុក ស៊ីថន បានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តបទល្មើសដូចការចោទប្រកាន់មែន ដោយស្នើឲ្យសាលាឧទ្ធរណ៍ជួយបន្ធូរបន្ថយទោស ។ ប៉ុន្តែ តំណាងមហាអយ្យការ សន្និដ្ឋានតម្កល់បទចោទនេះ ទុកជាបានការដដែល ។
ទោះបីយ៉ាងណា ក្រោយការសួរដេញដោល លោកស្រីចៅក្រម គឹម ដានី បានលើកពេលប្រកាសសាលដីកាទៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ ខាងមុខនេះវិញ ។
សូមបញ្ជាក់ថា ជនជាប់ចោទនៅមានសំណុំរឿងឆបោកជាង១ម៉ឺនដុល្លារអាមេរិក មួយករណីទៀត ដែលកំពុងដំណើរការនៅសាលាដំបូងរាជធានីភ្នំពេញ ហើយនៅពេលអនុរក្សពន្ធនាគារ បញ្ជូនទៅគុកវិញ ជនជាប់ចោទ អ៊ុក ស៊ីថន បានស្រែកជេរអ្នកសារព័ត៌មានដែលកំពុងឈរថតរូប ថែមទៀតផង ៕ ចេស្តា