ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមហ៊ុនឡាចហុក និង ភ្លន់លាងហេង ធ្វើអាជីវកម្មកាយអាចម៌ដីយកលក់នៅក្រុងសិរីសោភ័ណ បានរងការចោទពីពលរដ្ឋបណ្តាលបាក់ដីចំការដំឡូង រថយន្តដឹកដីហ៊ុយប៉ះពាល់សុខភាពនិងរថយន្ត បើកលឿនកន្លែងសាលារៀន

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ប្រជាពលរដ្ឋរស់នៅភូមិកងវ៉ា សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ បានធ្វើការចោទប្រកាន់ទៅលើក្រុមហ៊ុនចំនួន២គឺក្រុមហ៊ុន ឡាច ហុក និងក្រុមហ៊ុន ភ្លន់ លាងហេង ដែលពលរដ្ឋប្រាប់ថាជាក្រុមរបស់កូនប្រុស លោកមេបញ្ជាការសឹករងខេត្តបន្ទាយមានជ័យ បានធ្វើសកម្មភាពជីកកកាយអាចម៌ដីយកលក់ បង្កឱ្យបាក់ដីចំការដំឡូងមី របស់ប្រជាពលរដ្ឋ រថយន្តដឹកដីបើកកាត់មុខផ្ទះដីហ៊ុយបង្កប៉ះពាល់សុខភាព និងការរស់នៅ របស់ប្រជាពលរដ្ឋរួមនិងបានធ្វើឱ្យផ្លូវរងការខូចខាតទៀតផង មិនតែប៉ុណ្ណោះ រថយន្តដឹកដីបានបើកលឿនចំណុចសាលារៀន ធ្វើឲ្យអាណាព្យាបាលសិស្ស និងលោកគ្រូអ្នកគ្រូកំពុងមានការព្រួយបារម្ភ ពីសុវត្ថិភាព របស់សិស្ស គ្រាដែលការធ្វើសកម្មភាពរបស់ក្រុមហ៊ុនទាំង២ ត្រូវគេដាក់ការសង្ស័យ ថា ក្រុមហ៊ុនឡាច ហុក ធ្វើអាជីវកម្មកាយអាចម៌ដី ហួសអាជ្ញាប័ណ្ណ ចំណែកក្រុមហ៊ុន ភ្លន់ លាងហេង ធ្វើអាជីវកម្មអត់ច្បាប់ គ្រាដែលមានសេចក្តីរាយការណ៍ពីសាលាក្រុងឱ្យដឹងថា សាលាក្រុងធ្វើលិខិតកោះហៅ ម្ចាស់ក្រុមហ៊ុនឱ្យបញ្ឆប់សកម្មភាព ក្រុមហ៊ុន មិនអនុវត្តតាម នោះឡើយ ពោលក្រុមហ៊ុន បន្តធ្វើសកម្មភាពយ៉ាងគគ្រឹកគ្រេង គ្មានខ្លាចញញើតអាជ្ញាធរដែនដីនោះទេ។

ទន្ទឹមដែលគេមើលឃើញទៀតថា ការធ្វើអាជីវកម្មជីកកកាយដីរបស់ក្រុមហ៊ុនទាំង២ ហាក់បីខុស
បច្ចេកទេស មានជម្រៅជ្រៅមិនក្រោមពី៣០ម៉ែត្រទៅ៥០ម៉ែត្រ បណ្តាលឱ្យបាក់ដី ជាបន្តបន្ទាប់ ប្រជាពលរដ្ឋក៏បានព្រួយបារម្មសុវត្ថិភាពពីសត្វគោ ក្របីដើរស៊ីស្មៅនិងកូនក្មេងតូចៗដើរទៅម្តុំនោះហើយធ្លាក់ចូលក្នុងរណ្តៅ អាចបង្កគ្រោះថ្នាក់ផងដែរ ។

ប្រជាពលរដ្ឋរស់នៅភូមិកងវ៉ា ប្រាប់អ្នកយកព័ត៌មានយើងឱ្យដឹងថា កន្លងមករថយន្តដឹកដីបានបើកលឿនឆ្លងកាត់មុខផ្ទះពួកគាត់ធ្វើឱ្យមានការព្រួយបារម្ភពីសុវត្ថិភាពកូនតូចៗ រត់លេងឆ្លងថ្នល់ និងរថយន្តដឹកដីក្នុងមួយថ្ងៃរាប់សិបគ្រឿងបានបើកហ៊ុយដីបង្កឱ្យប៉ះពាល់សុខភាពពលរដ្ឋ នៅពេលក្រុមហ៊ុនបានស្រោចទឹកតាមផ្លូវ មិនទៀងទាត់ ។

ប្រជាពលរដ្ឋ ក៏បានសំដែងនូវការព្រួយបារម្ភ កន្លងទៅថ្មីៗនេះមានរថយន្តដឹកដី១គ្រឿងបានបើកលឿននៅចំណុចសាលារៀននៅពេលកូនសិស្សចេញលេងរត់ឆ្លងថ្នល់ទៅទិញនំចំណី រថយន្តបើកសំដៅបម្រុងបុកក្មេង ប៉ុន្តែកូនសិស្សរត់គេចទាន់ពីកង់រថយន្ត បង្កឱ្យពលរដ្ឋនិងលោកគ្រូអ្នកគ្រូបានឃើញនាំគ្នាស្រែកយ៉ាងភ្លាត់សំឡេង។

ពាក់ព័ន្ធនឹងបញ្ហា លោក វ៉ៃ កេងលី អភិបាលក្រុងសិរីសោភ័ណបានប្រាប់ឱ្យដឹងនៅ រសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ នេះថា ក្រុមហ៊ុន ភ្លន់ លាងហេង ធ្វើអាជីវកម្មអត់ច្បាប់នោះឡើយ អាជ្ញាធរក្រុងបានចេញលិខិតហាមឃាត់ម្តងរួចមកហើយប៉ុន្តែក្រុមហ៊ុនមិនបានអនុវត្ត តាមការហាមឃាត់របស់អាជ្ញាធរក្រុងនោះឡើយ។ដោយឡែកក្រុមហ៊ុន ឡាច ហុក ក្រុមហ៊ុន នេះមានអាជ្ញាប័ណ្ណធ្វើអាជីវកម្មបុន្តែអាជីវកម្មនោះសង្ស័យហួសកំណត់ទៅហើយ អាជ្ញាធរក្រុងនៅថ្ងៃច័ន្ទខាងមុខនេះនិងចុះត្រួតពិនិត្យអាជ្ញាប័ណ្ណរបស់ក្រុមហ៊ុន ឡាច ហុក នេះ។

លោក ភ្លន់ តារា មេបញ្ជាការសឹងរងខេត្តបន្ទាយមានជ័យដែលជាតំណាងក្រុមហ៊ុន ភ្លន់ លាងហេង ប្រាប់ឱ្យដឹងថា ក្រុមហ៊ុន លោកធ្វើអាជីវកម្មមានច្បាប់ទម្លាប់ត្រឹមត្រូវ ខាងសាលាក្រុងចេញលិខិតកោះហៅក្រុមហ៊ុនលោក ដោយមិនបានឃើញលិខិតនោះឡើយ។

ដោយឡែកសម្រាប់ ប្រធានក្រុមហ៊ុន ឡាច ហុក ដែលរងការចោទប្រកាន់ខាងលើ រួមនិង លោក សុខ វឌ្ឍនា ប្រធានមន្ទីររ៉ែនិងថាមពលខេត្ត អ្នកយកព័ត៌មានមិនអាចរកការសុំបំភ្លឺបាននោះឡើយទូរស័ព្ទរបស់លោកមិនអាចទំនាក់ទំនងបាន។

សូមបញ្ជាក់ថា នៅខេត្តបន្ទាយមានជ័យធ្លាប់កើតមានគ្រោះថ្នាក់នៃ ការធ្វើអាជីវកម្មដីភ្នំខុសបច្ចេកទេស បានបង្កឱ្យបាក់ដីថ្មភ្នំធំ បណ្តាលឱ្យកម្មករស្លាប់៣នាក់ម្តងរួចមកហើយ ដោយសារការធ្វេសប្រហែសគ្មានការត្រួតពិនិត្យបច្ចេកទេសត្រឹមត្រូវ។ សកម្មភាពនៃការធ្វើអាជីវកម្មជីកកកាយយកអាចម៌ដីរបស់ក្រុមហ៊ុនទាំង២ខាងលើនោះដែរ គេសង្កេតឃើញហាក់បីធ្វើខុសបច្ចេកទេស ជីកកកាយជម្រៅជ្រៅ រងការបាក់ស្រុតដីជាបន្តបន្ទាប់ បញ្ហានោះហើយជាចំណុចប្រឈមដែលអាចបង្កឱ្យកើតមានគ្រោះថ្នាក់ដោយប្រការផ្សេងៗ បើសិនមន្រ្តីមន្ទីរជំនាញ មិនបាន ត្រួតពិនិត្យបច្ចេកទេសឱ្យបានល្អនោះ៕ សំ វិច្ឆិកា

1 2 3 4 5 6 7 8 10 img_9172 img_9173 img_9175 img_9176 img_9196


ចែករំលែក៖