ខេត្តកណ្ដាល ៖ ជម្រាលមាត់ស្ទឹងតាខ្មៅ ដែលទើបស្ថាបនារួចកាលពីពេលថ្មីៗនេះឥឡូវស្រាប់តែបាក់ស្រុតចូលទឹកស្ទឹងទៅហើយនាំឲ្យមតិមហាជនលាន់មាត់ស្ទើរ គ្រប់គ្នាថា ហេតុអ្វីបានជាសំណង់នេះឆាប់ បាក់និងស្រុតយ៉ាងដូច្នេះ ?
ប្រជាពលរដ្ឋក្រុងតាខ្មៅក៏ដូចជាមហាជនដែលឃើញទិដ្ឋភាពនេះបានរអ៊ូរទាំថា គួរឲ្យស្ដាយណាស់ព្រោះលុយដែលសាងសង់នេះជាលុយរបស់រដ្ឋ មិនគួរស្ថាបនា បែបមិនមានបទដ្ឋានបច្ចេកទេសអ៊ីចឹងសោះគ្រាន់តែសង់ហើយភ្លាមបាក់ស្រុត បាត់ទៅហើយ ។
លោក ហេង ធៀម អភិបាលក្រុងតាខ្មៅ បានឲ្យដឹងថា ករណីបាក់ស្រុតនេះបណ្ដាល មកពីមួយរយៈមុនភ្លៀងផ្ទួនៗពេកទឹកស្ទឹង ក៏ហូរ ហើយដីមាត់ស្ទឹងដែលសាងសង់នេះ ជាដីចាក់ថ្មីទើបវាពុំទាន់ខាំស៊ីគ្នាជាប់ស្របពេលដែលភ្លៀងធ្លាក់មកក៏ស្រុតតែម្ដង ។
លោកអភិបាលក្រុងបន្តថា អ្នកទទួល ខុសត្រូវនោះគឺក្រុមហ៊ុនម៉ៅការសាងសង់ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់មន្ទីរ រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ខេត្តកណ្ដាល ។
លោក លឹម ចាន់សុភី ប្រធានមន្ទីររៀបចំ ដែនដី នគរូបនីយកម្ម និងសំណង់ខេត្ត កណ្ដាលមិនអាចសុំការពន្យល់បានឡើយ ដោយលោកនិយាយថាជាប់ប្រជុំហើយក៏បិទទូរស័ព្ទតែម្ដង ។
គួរបញ្ជាក់ថា ក្រុមហ៊ុនដែលម៉ៅការ សាងសង់នេះឈ្មោះ LPC ដែលគេដឹងថា ជាក្រុមហ៊ុនមានភាគហ៊ុនចូលគ្នាជាមួយលោកប្រធានមន្ទីរដែនដីនេះតែម្ដងដោយ សំណង់នេះស្ថាបនាអំឡុងបុណ្យចូលឆ្នាំខ្មែរ(ឆ្នាំ២០១៦)បើគិតមកដល់បច្ចុប្បន្នស្ថាបនាទើបតែរួចរាល់តែបែរជាស្រុតបាក់ទៅវិញគួរឲ្យសោកស្តាយ។ ប្រភពបង្ហើប ឲ្យដឹងថា ការស្ថាបនានេះចំណាយថវិកា ជាង២៥ម៉ឺនដុល្លារសហរដ្ឋអាមេរិក តែគុណ ភាពសំណង់បែរជាអន់ ។
មតិមហាជនបានរិះគន់ថា ការស្ថាបនា នេះពិតជាមានពាក់ព័ន្ធអំពើពុករលួយ ហើយបានជាបាក់ស្រុតយ៉ាងដូច្នេះ ហើយបើសិនបន្ទោសទៅលើការហូរទឹកចេញពីស្ទឹងគឺមិនត្រូវទេ ព្រោះបើត្រូវបាក់ដោយ សារទឹកហូរមែននោះពិតណាស់ជម្រាល ម្ខាងទៀតនៅត្រើយទល់មុខគ្នាប្រាកដជាបាក់ដូចគ្នាហើយតែនេះបាក់តែជម្រាល ខាងទើបស្ថាបនាទៅវិញ ។
ករណីនេះមហាជនក្រុងតាខ្មៅនិយាយពេញៗមាត់ថា ការចំណាយប្រាក់ច្រើន សន្ធឹកសន្ធាប់គួរតែស្ថាបនាឲ្យមានគុណភាពមិនមែនធ្វើឲ្យតែរួចពីដៃហើយដើរ ចេញយ៉ាងនេះទេ។ ប្រជាពលរដ្ឋនិយាយ ថានេះហើយជាអំពើពុករលួយមិនចាំបាច់ទៅរកឯណាទេ ៕ ហេង សូរិយា