ភ្នំពេញ៖ ដោយសារតែមានសេរីភាពក្នុងការប្រើប្រាស់ថ្នាំញៀនយ៉ាងពេញបន្ទុក នៅក្នុងផ្ទះសំណាក់ ឬក្នុងសណ្ឋាគារតូចធំ បានធ្វើឲ្យជនបរទេសម្នាក់ទៀតត្រូវគាំងបេះដូងស្លាប់ បន្ទាប់ពីជនបរទេសរូបនោះប្រើប្រាស់គ្រឿងញៀនលើសកម្រិត ។
ហេតុការណ៍ភ្ញាក់ផ្អើលនោះ បានកើតឡើងកាលពីវេលាម៉ោង១៤និង១៥នាទី ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦នៅចំណុចបន្ទប់លេខ១២ជាន់ទី២ នៃផ្ទះសំណាក់យីហោ (រីវើ ១០៨)នៅទីតាំងផ្ទះលេខ២Eo ផ្លូវលេខ១០៨ ភូមិ០៦ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនបរទេសដេកស្លាប់នោះឈ្មោះ Brjan Lea Frerisen ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិណកវ៉េ មុខរបរទេសចរណ៍កាន់លិខិតឆ្លងដែនលេខ២៨៨៤០៤៦៥ស្នាក់នៅផ្ទះសំណាក់កើតហេតុ។
ប្រភពព័ត៌មានពីឈ្មោះមិន សំណាង និងឈ្មោះ ឈុត មុយ ជាបុគ្គលិកផ្ទះសំណាក់បានបំភ្លឺប្រាប់សមត្ថកិច្ចថា ជនបរទេសរងគ្រោះ បានមកជួលបន្ទប់កើតហេតុស្នាក់នៅកាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦ ដោយសព្វថ្ងៃបានចេញចូលផ្ទះសំណាក់ជាធម្មតា លុះរហូតដល់ ថ្ងៃទី២៨ ខែធ្នូនេះ បានទូរស័ព្ទចូលបន្ទប់ជនរងគ្រោះដើម្បីសំអាត តែមិនមានការឆ្លើយតបនោះ ទើបគេនាំគ្នាមកគោះទ្វារហៅ តែមិនឆ្លើយតបដដែលនោះ ហើយម្យ៉ាងវិញទៀត បន្ទប់នោះជាប់គន្លឹះសោទៀតផងនោះ ក៏រាយការណ៍ប្រាប់សមត្ថកិច្ចឲ្យហៅជាងសោមកធ្វើសោ បើកបន្ទប់មើល ទើបដឹងថាជនបរទេសរូបនោះដេកស្លាប់បាត់ទៅហើយ ។
សមត្ថកិច្ចបញ្ជាក់ថា ដោយឆ្លងតាមការពិនិត្យរបស់លោកឧកញ៉ានង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យសាលាដំបូងរាជធានីភ្នំពេញ និងនគរបាលការិយាល័យបច្ចេកទេសវិទ្យាសាស្រ្តរាជធានីភ្នំពេញបានឲ្យដឹងថា ជនរងគ្រោះរូបនោះ ស្លាប់ដោយគាំងបេះដូង ព្រោះតែការប្រើប្រាស់សារធាតុញៀនប្រភេទមេតំហ្វេតាមីន។
បច្ចុប្បន្នសពបានបញ្ជូនទៅតម្កល់ក្លាស្សេនៅវត្តស្ទឹងមានជ័យ៕ ស តារា