ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដង្ហែ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចម៉ែ មុនិនាថ សីហនុ យាងតាមរថភ្លើងពីរាជធានីភ្នំពេញឆ្ពោះទៅកាន់ខេត្តព្រះសីហនុ ដើម្បីឆ្លងឆ្នាំសកល ២០១៧

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦ បានដង្ហែ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចម៉ែ មុនិនាថ សីហនុ យាងតាមរថភ្លើងពីរាជធានីភ្នំពេញឆ្ពោះទៅកាន់ខេត្តព្រះសីហនុ ដើម្បីឆ្លងឆ្នាំសកល ២០១៧ ។

សម្តេចតេជោបានថ្លែងប្រសាសន៍យ៉ាងដូច្នេះថា៖ «ថ្ងៃនេះ ខ្ញុំនិងភរិយា ពិតជារីករាយ និងមានកិត្តិយសដ៏ឧត្តុង្គឧត្តមបំផុត ដែលបានដង្ហែ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចម៉ែ មុនិនាថ សីហនុ យាងតាមរថភ្លើងពីរាជធានីភ្នំពេញឆ្ពោះទៅកាន់ខេត្តព្រះសីហនុ ដើម្បីឆ្លងឆ្នាំសកល ២០១៧។ ទន្ទឹមនឹងនេះដែរ គឺដើម្បីព្រះអង្គបានទតទីតាំងភូមិសាស្ត្រ និងការវិវត្តន៍ថ្មីៗនៃផ្លូវរថភ្លើងរបស់ប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។

ពិតណាស់ ផ្លូវរថភ្លើងពីភ្នំពេញ ទៅកាន់ខេត្តព្រះសីហនុ គឺជាស្នាព្រះហស្ថរបស់អតីតព្រះបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ សម្តេចព្រះ នរោត្តម សីហនុ ដែលព្រះអង្គបានកសាងឡើងនៅសម័យសង្គមរាស្ត្រនិយម។ ដោយសារសង្រ្គាមផ្លូវរថភ្លើងកម្ពុជាត្រូវបានបំផ្លាញខូចខាតស្ទើរទាំងស្រុង និងទុកចោលជាច្រើនឆ្នាំ។ ក្រោយប្រទេសមានសន្តិភាព គឺផ្លូវរថភ្លើងយើងត្រូវបានជួសជុលរៀបចំឡើងវិញ ដើម្បីបំរើដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងសេវាដឹកជញ្ជូនទំនិញគ្រប់យ៉ាង។

ខ្ញុំ និងភរិយាសូមជូនពរជនរួមជាតិគ្រប់ស្រទាប់ វណ្ណៈទាំងក្នុង និងក្រៅប្រទេស កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងកងកម្លាំងដែលកំពុងបំពេញភារកិច្ចរក្សាសន្តិភាពនៅប្រទេសនានាក្រោមឆ័ត្រអង្គការសហប្រជាជាតិផង សូមបានប្រកបដោយសេចក្តីសុខ សេចក្តីចំរើន និងសំណាងល្អគ្រប់ៗគ្នាក្នុងឱកាសចូលឆ្នាំថ្មីសកល ២០១៧ ខាងមុខនេះ» ៕ ថាច់ យ៉ាត

1 2 3


ចែករំលែក៖