ភ្នំពេញ: លោកមេធាវី ពេជ រតនា ជាប់ចោទពីបទ”ប៉ុនប៉ងសូកប៉ាន់ចៅក្រម”តាមមាត្រា២៧និង៥១៨នៃក្រមព្រហ្មទណ្ឌកំណត់ការផ្តន្ទាទោសដាក់ពន្ធនាគារពី៥ឆ្នាំទៅ១០ឆ្នាំ ។
លោក ស្វាយ តុញ ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦ ប្រកាសសាលក្រមផ្តន្ទាទោសលោកមេធាវី ពេជ រតនា ដាក់ពន្ធនាគាររយៈពេល៥ឆ្នាំតែអនុវត្តទោសត្រឹម២ឆ្នាំប៉ុណ្ណោះ ។
ការសម្រេចនេះ មានន័យថា តុលាការបានផ្តន្ទាទោសលោកមេធាវី ពេជ រតនា ក្នុងកម្រិតទាបបំផុត ហើយព្យួរទោស៣ឆ្នាំឲ្យថែមទៀតផង ។
កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ សាលាដំបូងរាជធានីភ្នំពេញ ក៏បានប្រកាសសាលក្រមសំណុំរឿងប្រព្រឹត្តអំពើពុករលួយ មួយករណីដែរ ។ ប៉ុន្ដែលោក វ៉ាត ពិសិដ្ឋ ក្រឡាបញ្ជីតុលាការកំពូល ហាក់មាន”ភ័ព្វសំណាង”ដែលត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ៣ឆ្នាំតែអនុវត្តទោសក្នុងពន្ធនាគារត្រឹម៥ខែប៉ុណ្ណោះ ហើយលោកនឹងត្រូវដោះលែងឲ្យមានសេរីភាពឡើងវិញនាដើមខែមករា ឆ្នាំ២០១៧ ខាងមុខនេះ ។
គួររំលឹកថា លោកមេធាវី ពេជ រតនា សារភាពថា លោកពិតជាបានយកប្រាក់មួយចំនួន ដើម្បីសូកប៉ាន់ចៅក្រមស៊ើបសួរ ដើម្បីកុំឲ្យឃុំខ្លួនកូនក្ដីប្រាកដមែន ។ ប៉ុន្តែចៅក្រម ពុំព្រមទទួល រួចក៏ត្រូវសមត្ថកិច្ចអង្គភាពប្រឆាំងអំពើពុករលួយ ឃាត់ខ្លួនតែម្តង ។
លោកមេធាវី ពេជ រតនា សារភាពបែបនេះ នាសវនាការកាលព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៦ នៅសាលាដំបូងរាជធានីភ្នំពេញ កន្លងទៅ ។
លោកមេធាវី ពេជ រតនា ដែលជាប់ពន្ធនាគារជាង៣ខែរួចត្រូវបានដោះលែងវិញ បាននិយាយក្នុងសវនាការទៀតថា ខ្លួនពិតជាបានយកលុយចំនួន ៥០០០ដុល្លារពីកូនក្តីឈ្មោះ សេង សាវី ភេទស្រី ទៅសុំតម្កល់ឲ្យចៅក្រមស៊ើបសួរ ឈ្មោះ ជួន សុរាសី មែនដើម្បីជាការតម្កល់កុំឲ្យចៅក្រមស៊ើបសួររូបនោះឃាត់ និងឃុំខ្លួនកូនក្តីលោក ខណៈដែលកូនក្តីលោកជាប្តីអ្នកស្រី សេង សាវី ត្រូវបានតុលាការចាប់ឃុំខ្លួនពាក់ព័ន្ធរឿងដីធ្លីរួចមកហើយ។
ប៉ុន្តែ ចៅក្រមស៊ើបសួរ មិនព្រមទទួលយកសំណើសុំ ជាការតម្កល់ប្រាក់នោះទេ ហើយនៅគ្រាដែលលោកចាកចេញពីសាលាដំបូងរាជធានីភ្នំពេញ ក៏ត្រូវសមត្ថកិច្ចអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួនតែម្តង ៕ ចេស្តា