ខេត្តរតនគិរី៖ ក្នុងដំណើរចុះសួរសុខទុក្ខ មន្ត្រីរាជការមន្ទីរព័ត៌មានខេត្តរតនគិរី នាព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦ លោកខៀវ កាញារីទ្ធបានប្រកាសចំពោះមុខមន្ត្រីរាជការមន្ទីរព័ត៌ខេត្តរតនគិរីថា នៅឆ្នាំ២០១៧ លោកនឹងផ្តល់ជូនក្របខណ្ឌមន្ត្រីជាប់កិច្ចសន្យាចំនួន០៧រូប ក្នុងនោះមន្ត្រីជាជនជាតិដើមភាគតិច គ្រឹង១នាក់ភេទស្រីមានឈ្មោះកើស ដាវី, ចារ៉ាយ១នាក់ភេទប្រុសឈ្មោះរចំ សារឿន, ព្រៅ១នាក់ឈ្មោះធិន សៅអ៊ុនភេទស្រី,ទំពួន១នាក់ឈ្មោះ កែវ លឺនភេទប្រុសនិងបុគ្គលិកជាប់កិច្ចសន្យាជនជាតិខ្មែរចំនួន៣រូបមានឈ្មោះ ងួន ក្រែង, ហ៊ុន សុភា , ហ៊ុន ស្រី។
ថ្លែងក្នុងពិធីសំណេះសំណាលនេះ លោករដ្ឋមន្ត្រីក្រសួងព័ត៌មានបានសន្យាផ្តល់ជូនម៉ាស៊ីនផ្សាយទូរទស្សន៍កម្លាំង០៥គីឡូវ៉ាត់ ជូនដល់មន្ទីរព័ត៌មានខេត្តរតនគិរីនាពេលខាងមុខនេះផងដែរ។
លោករដ្ឋមន្ត្រីបានជម្រុញឲ្យថ្នាក់ដឹកនាំ និងមន្ត្រីរាជការខេត្តរតនគិរី ត្រូវបន្តខិតខំបំពេញភារកិច្ចការងារស្នូលរបស់ខ្លួនឲ្យបានល្អប្រសើរឆ្លើយតបទៅនឹងទិសស្លោករបស់ក្រសួងគឺពេលណាក៏បាន កន្លែងណាក៏បាន រហ័ស និងជឿទុកចិត្តបាន។
លោកឆាយ បូរិនប្រធានមន្ទីរព័ត៌ខេត្តរតនគិរីបានគោរពថ្លែងអំអរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមានលោករដ្ឋមន្ត្រី និងលោកស្រីដែលបានឈ្លៀតឱកាសដ៏មានតម្លៃអញ្ជើញមកសួរសុខទុក្ខមន្ត្រីរាជការមន្ទីរព័ត៌មានខេត្តរតនគិរី ជាពិសេសបានផ្តល់ជូននូវមន្ត្រីក្របខណ្ឌចំនួន០៧រូបផងដែរ ៕ វុទ្ធ ឦសាន