ព័ត៌មានទាន់ហេតុការណ៍៖

រឿងអាស្រូវធំៗរបស់សិល្បករឆ្នាំ២០១៦

ចែករំលែក៖

១-ប៉ូលិសអាមេរិកតាមរក អ្នកចម្រៀង យុង ច័ន្ទសុធាវី ដែលរត់គេចខ្លួន

_-____-___________

អ្នករៀបចំកម្មវិធីដែលដឹកនាំសិល្បករចេញទៅសម្តែងនៅសហរដ្ឋអាមេរិកបានបញ្ជាក់ថា មន្ត្រីប៉ូលីសអាមេរិកបានតាមស្វែងរកតារាចម្រៀងស្រីពីកម្ពុជាគឺកញ្ញា យុង ច័ន្ទសុធាវីដែលសង្ស័យថានាងបានរត់គេចខ្លួនដើម្បីស្វែងរកសិទ្ធជ្រកកោននៅទីនោះ។ បងស្រីរបស់យុង ច័ន្ទកណ្ណិកាបានធ្វើដំណើរចេញពីកម្ពុជារួមជាមួយនឹងតារាកំប្លែងនាងប្រិមប្រិយ និងនាយក្រិន ដើម្បីចេញទៅសម្តែង និងច្រៀងរាំរកលុយនៅលើទឹកដីអាមេរិកកាលពីអំឡុងខែកញ្ញា ឆ្នាំ២០១៥ ។ ពួកគេបាន សម្តែងនៅតាមបណ្តារដ្ឋមួយចំនួននៅលើទឹកដីអាមេរិកដែលមានប្រជាជនខ្មែររស់នៅហើយគ្រោងនឹងវិលមកកម្ពុជាវិញក្នុងអំឡុងដើមខែមេសាឆ្នាំ២០១៦ខាងមុខ។ ការបាត់ខ្លួនដោយគ្មានដំណឹងនេះត្រូវបានអ្នករៀបចំកម្មវិធីចាត់ទុកថា គឺជាការគេចចេញពីការសម្តែង និងព្យាយាមលាក់ខ្លួនដើម្បីស្វែងរកការជ្រកកោណនៅសហរដ្ឋអាមេរិក។ ទោះជាយ៉ាងណានាងត្រូវបានគេស្វែងរកឃើញ ហើយក៏ត្រូវបានអ្នកផលិតកម្មវិធីបញ្ជូននាងវិលមកកម្ពុជាវិញមុនកាលកំណត់ ។

២-នាង អ៊ីត ធ្លាយដំណឹងលែងប្តី

_-___-____

តារាកំប្លែងស្រីល្បីឈ្មោះប្រចាំក្រុមពែកមី អ្នកនាងសេន ចិន្តាហៅ អ៊ីត បានសម្រេចចិត្តលែងប្តីកម្រត់កម្រជាគ្រូបង្រៀន។ រឿងរ៉ាវដែលនាំឲ្យចំណងស្នេហ៍ជាមួយស្វាមីឈានដល់ផ្លូវទាល់ក្រោយពីនាងអ៊ីត ទទួលដំណឹងថា ស្វាមីដើរបាត់ពីផ្ទះញឹកញាប់គ្រានាងចេញទៅសម្តែង ហើយនាងបានដាក់លក្ខខណ្ឌឲ្យស្វាមីបញ្ចប់ការដើរហើរយប់ព្រលប់ច្រើន ដែលធ្វើឲ្យស្វាមីនាងមិនសប្បាយចិត្តនិងបង្កើតជារឿងរ៉ាវចម្រូងចម្រាសកាន់តែខ្លាំងឈានដល់ការចែកផ្លូវគ្នា។ តារាកំប្លែងវ័យ៣២ឆ្នាំរូបនេះបញ្ជាក់ដែរថា អ្វីដែលនាងចង់គិតពេលនេះកឺពេលវេលារកប្រាក់និងការងារសិល្បៈផ្សេងៗនឹងមិនចង់រំលឹកអំពីរឿងគ្រួសារដែរ ។

៣-ប៉ែន ចំរ៉ុង ប្តឹងលែងលះ ភិន សុដាលីស ទាំងមានផ្ទៃពោះ

_-____-______-________

រឿងរ៉ាវស្នេហាប៉ែន ចំរ៉ុង និងភិន សុដាលីសបានផ្ទុះឡើងកាលពីអំឡុងខែមិនាក្រោយដំណឹងថាប៉ែនចំរ៉ុងដាក់ពាក្យប្តឹងលែងលះ ភរិយាទៅកាន់តុលាការក្រោយេះពីរួមរស់ក្រោមដំបូងតែមួយមិនបានមួយឆ្នាំផង។ ភិន សុដាលីស បានចេញទៅរស់នៅជាមួយពិធីករប៉ែន ចំរ៉ុង ក្រោយពីលិខិតអេតាស៊ីវិលបានធ្លាក់ដល់ដៃនាងកាលពីអំឡុងខែកញ្ញា ឆ្នាំ២០១៥។ សាលក្រមតុលាការបានចេញដោយភិន សុដាលីទទួលបានកូនក្នុងផ្ទៃខណៈដែលប៉ែនចំរ៉ុងទទួលបានទ្រព្យមួយចំនួន។ ភិន សុដាលីសបានធ្វើសន្និសីទសារព័ត៌មានចោទប្រកាន់ប៉ែន ចំរ៉ុងថាជាអ្នករករឿងរកលេសលែងលះ។ ភិន សុដាលីសបានសម្រាលបានកូនស្រីកាលពីអំឡុងខែតុលាក្រោយពីសម្រេចចិត្តវិលមករស់នៅជាមួយក្រុមគ្រួសារ។

៤-តារាចម្រៀង ខេម រងការចោទថាបើករថយន្តបុកគេស្លាប់រួចរត់បាត់

_-___

បុរសម្នាក់បានស្លាប់ភ្លាមៗយ៉ាងអាណោចអាធម៌ដោយគៀបជាប់នៅក្នុងរថយន្ត ខណៈដែល បើករថយន្តសេរីទំនើបមួយគ្រឿងម៉ាក CELICAបុកជាមួយនឹងរថយន្តសេរីទំនើបមួយគ្រឿងទៀតម៉ាកRage Roverដែលត្រូវបានគេស្គាល់ថាជារបស់តារាចំរៀងប្រចាំនៅផលិតកម្មថោន ឈ្មោះលោក ខេម។ ក្រោយកើតហេតុតារាចម្រៀងរូបនេះរួមទាំងនារីម្នាក់ក្នុងរថយន្តបានរត់គេចខ្លួនបាត់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២នឹង៤០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចមុខឃ្លាំងស្ថាននីយ៍ប្រេងសូគីម៉ិច តាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុង ខណ្ឌឬស្សីកែវ ។ បុរសជាជនរងគ្រោះមានឈ្មោះ លី ការីម អាយុ៣១ឆ្នាំ ជាបុគ្គលិកធនាគារអម្រិត បច្ចុប្បន្នស្នាក់នៅក្នុងភូមិគីឡូម៉ែត្រលេខ៨ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ ។ សំណុំរឿងខាងលើត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ប៉ុន្តែដំណឹងចុងក្រោយគឺគ្រួសារជនរងគ្រោះព្រមទទួលយកសំណងនិងបញ្ចប់ការផ្តឹងផ្តល់៕

៥-ចន ច័ន្ទលក្ខិណា ផ្ញើសាព្រមានប្រពន្ធថ្មី យុត្ថារ៉ា ឆានី

_-__-____________

តារាសម្តែង និងបង្ហាញម៉ូត អ្នកនាងចន ច័ន្ទ លក្ខិណា បានបញ្ចេញសារព្រមានជាលើកដំបូងទៅកាន់ភរិយាថ្មីរបស់លោក យុត្ថារ៉ា ឆានីក្រោយពីនារីនោះបានធ្វើចិត្ត មិនបានធ្វើបាបកូនស្រីរបស់នាង និងជានារីដែលបានមាក់ងាយចំពោះនាងខ្លាំងនោះ។ នៅលើហ្វេសប៊ុក កាលពីចុង ខែឧសភា អ្នកនាង ចន ច័ន្ទលក្ខិណា បានព្រលះភរិយាថ្មីរបស់លោក យុត្ថារ៉ា ឆានី យ៉ាងចាស់ដៃថា នាង គឺជានារីចិត្ត មិនបានធ្វើបាបកូនស្រីរបស់ខ្លួន និងជានារីដែលបានមាក់ងាយចំពោះខ្លួន ដែលសឹងនឹងធ្វើឲ្យអ្នកនាងទប់ចិត្តមិនបាន។ នាបើកុំតែយល់មុខដល់លោក យុត្ថារ៉ា ឆានី ដែលនៅមានឈាមជាឪពុករបស់កូនស្រី អ្នកនាងទំនងជាហ៊ានប្រកាសសង្គ្រាមដោយបើកចំហរជាមួយនារីម្នាក់នោះផងដែរប្រសិនបើមិនបញ្ចប់ការមាក់ងាយនាង និងធ្វើបាបចិត្តកូនស្រីនាងនោះ។សារ របស់អ្នកនាង ក៏បានស្ដែងចេញយ៉ាងច្បាស់ថា លោក យុត្ថារ៉ា ឆានី មិនបានរ៉ាប់រងទទួលខុសត្រូវលើកូនស្រី នោះទេ ក្រោយពេលអ្នកទាំងពីរ អ្នកទាំងពីរបែកបាក់គ្នា និងស្វែងរកឃើញគូស្នេហ៍ថ្មីរៀងៗខ្លួននោះ។

៦-ដេនី ខ្វាន់ ត្រូវក្រសួងវប្បធម៌កោះហៅក្រោយបង្ហាញភាពសិចស៊ី

_-____-______

កាលពីពាក់កណ្តាល ខែឧសភា តារាសម្តែង សិចស៊ីផ្អែលអស់មួយនគរ កញ្ញា ដេនី ខ្វាន់បានបង្ហាញវត្តមាននៅទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តាមការកោះហៅ ក្រោយពីនាងបានស្លៀកពាក់សិចស៊ី និងផ្ទុះជម្ល៉ោះជាពាក្យសម្តីជាមួយនឹងសិល្បករមួយចំនួន។រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ថៃ នរៈសត្យា លើកឡើងថា មិនមានច្បាប់ក្នុងការហាមប្រាមមិនឲ្យស្លៀកពាក់សិចស៊ីទេ ប៉ុន្តែ មានតែវិធានការណែនាំយ៉ាងណាកុំឲ្យជ្រុលហួសហេតុពេកធ្វើយ៉ាងណាកុំឲ្យខុសពីចំណូលចិត្តរបស់មហាជន។កញ្ញា ដេនី ខ្វាន់ បាន ទទួលយកការអំរំណែនាំពីសំណាក់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ហើយនឹងខិតខំកាត់បន្ថយភាពសិចស៊ីឲ្យបានច្រើនតាមតែអាចធ្វើទៅបានយ៉ាងណាឲ្យមហាជន មានការពេញចិត្តច្រើន។

៧-យ៉ាន លីនដា ព្រមាន យ៉ែម សំអូនឲ្យទុកកិត្តិយសឲ្យនាង

_-____-_____

ជាង១ឆ្នាំដែលដំណឹងអាស្រូវស្នេហារវាងគូស្នេហ៍ យ៉ែម សំអូន និងយ៉ាន លីនដាត្រូវបានបែកធ្លាយយ៉ាងកក្រើកពេញពិភពសិល្បៈ។ យ៉ាន លីនដាបានទម្លាយរឿងរ៉ាវឈឺចាប់មួយចំនួនដែលឈានដល់ការលែងលះ រួមទាំងការព្រមានអតីតស្វាមីឲ្យបញ្ចប់ការនិយាយមិនល្អពីនាងប្រាប់អ្នករួមអាជីព។ ប្រតិកម្មនេះបានកើតឡើងតបនឹងការទាមទារ របស់លោក យ៉ែម សំអូន ដែលកន្លងមកបានទទូចសុំកុំឲ្យអតីតភរិយា ហែករឿងអាក្រក់របស់ខ្លួន និងសុំឲ្យអ្នកនាងធ្វើខ្លួនស្ងប់ស្ងាត់ កុំត្រចៀក-ស ឆាប់ជឿពាក្យគេនោះ ។នាងបានលើកឡើងនូវរឿងអាស្រូវកាន់តែច្រើន ដែលបង្ហាញថាលោក យ៉ែម សំអូន ល្អតែពាក្យសម្ដីជាសាធារណៈ តែការពិតជាមនុស្សដែលពោរពេញ ដោយទង្វើស្មោគគ្រោក។អ្នកនាង យ៉ាន លីនដា បញ្ជាក់ថា ខ្លួនអត់ធ្មត់ អស់រយៈពេល១៤ឆ្នាំ គឺគ្រប់គ្រាន់ហើយ ក្នុងការរួមរស់ជាមួយលោក យ៉ែម សំអូន ហើយអ្នកនាងក៏យល់ថាខ្លួនឯងគិតត្រូវផងដែរ ដែលសុខចិត្តឈប់ឲ្យមនុស្សកំណាច មនុស្សផិតក្បត់ និងបុរសគ្មានការទទួលខុសត្រូវដូចលោក យ៉ែម សំអូន ត្រួតត្រាជីវិតតទៅទៀត។

៨-តារាចម្រៀង វ៉ាន់ នីឡា លេចធ្លាយរូបថតស្រាត

_-_____-____

ចម្រៀងប្រចាំផលិតកម្ម Pleng Record កញ្ញា វ៉ាន់ នីឡា ត្រូវបានគេទម្លាយរូបថតអាក្រាតកាយច្រើនសម្លឹកនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកកាលពីអំឡុងខែមិថុនា។ រូបថតទាំងនោះ ត្រូវកញ្ញាទទួលស្គាល់ថាគឺជារូប ពិត ដោយសារតែមុនទម្លាយចេញនូវរូបថតអាស្រូវទាំងនេះ កញ្ញា គឺបានប្រកាសថា មានរឿងឈ្លោះគ្នាខ្លាំងក្លាជាមួយអតីតសង្សារ ដោយបុរសម្នាក់នោះបានគំរាមរូបនាង ដើម្បីបង្ហោះរូបថតអាក្រាត។នាងបានដាក់បណ្តឹងទៅកាន់សាលាដំបូងរាជធានីភ្នំពេញ។ អតីតសង្សានាងត្រូវបានគេស្គាល់ថាលោក សិទ្ធិស័ក្ត ហើយក៏ត្រូវបានមន្ត្រីតុលាការធ្វើការកោះហៅមកបំភ្លឺផងដែរ ប៉ុន្តែគេនៅមិនទាន់មានពន្លឺអំពីការជំនុំជំរះនៅឡើយរហូតមកដល់ពេលនេះ។

៩-ក្រសួងវប្បធម៌ហាមចាក់បទ ស៊ីបានចេះតែស៊ីទៅ និងបទ ទាល់តែយូទើបស៊ីអូនបាន

_-________________

បទចម្រៀងទាំងពីរបទគឺបទ ស៊ីបានចេះតែស៊ីទៅ និងបទ ទាល់តែយូទើបស៊ីអូនបាន បានធ្វើឲ្យមហាជនហួសចិត្តនិងថ្លែកការរិះគន់យ៉ាងចាស់ដៃ ដែលមិនត្រឹមតែជាបទចម្រៀងដែលចម្លងបទភ្លេងពីបរទេសទេគឺថែមទាំងប្រើប្រាស់ពាក្យពេចន៍អសីលធម៌ផងដែរ។បទចម្រៀងទាំងពីរបទនេះត្រូវបានក្រសួងព័ត៌មានចេញលិខិតហាមធ្វើការចាក់បញ្ចាំង ឬចាក់ផ្សាយជាសាធារណៈ។ បទស៊ីបានចេះតែស៊ីទៅជាបទចម្រៀងច្រៀងដោយតារាចម្រៀងប្រចាំផលិតកម្មថោន លោក កែវ វាសនា និងនិពន្ធទំនុកច្រៀងដោយលោក ងួន សុបិន្ត។ រីឯបទទាល់តែយូទើបស៊ីអូនបាន ជាបទចម្រៀងដែលមានទំនុកច្រៀងដូចគ្នាច្រៀងដោយកញ្ញា ម៉ាលី ជាតារាចម្រៀងប្រចាំផលិតកម្ម U Production ។ លិខិតប្រកាសរបស់ក្រសួងបានលើកឡើងថាបទចម្រៀងទាំងពីរខាងលើគឺពុំបានបង្កប់នូវអត្ថន័យល្អៗដែលមានគុណប្រយោជន៍ដល់ការលើកកម្ពស់ការអប់រំសីលធម៌សង្គមនោះទេ ផ្ទុយទៅវិញគឺមានអត្ថន័យប៉ះពាល់ដល់កិត្តិយសនិងតម្លៃស្ត្រីខ្មែរថែមទៀត។

១០-សំប៉ូលីដា ត្រូវបីវាយដោយបំពង់ទីប

__-_________

តារាស្រីសម្តីបាន អ្នកនាង សំប៉ូលីដាបានបង្កើតឲ្យអ្នកសិល្បៈភ្ញាក់ផ្អើលនឹងសម្តែងក្តីអាណិតគ្រប់គ្នាក្រោយពីនាងលើកឡើងថាបានដួលចៃដន្យរហូតបាក់កជើងខាងស្តាំងនិងមានផ្នែកនៅមុខខ្លះទៀតជាំខ្មៅហើមភ្នែករបួសធ្ងន់មើលមុខស្ទើតែមិនស្គាល់។ទោះជាយ៉ាងណាប្រភពពីអ្នកសិល្បៈដែលស្និទ្ធនឹងនាងលើកឡើងថា របួសដែលបាក់ករជើង និងជាំមុខជាំមាត់នេះគឺដោយសារតែស្វាមីនាងប្របើអំពើហឹង្សាដោយប្រើដៃជើង និងបំពង់ទីបវាយទៅលើអ្នកនាង។ ទោះជាយ៉ាងណាក្តី អ្នកនាងសំប៉ូលីដាបាបឆ្លើយបដិសេធចំពោះការលើកឡើងថា ស្វាមីនាងបានធ្វើទារុណកម្មមកលើនាងរហូតដល់មានរួបស្នាមនិងបាក់ជើងនេះ។

១១-សាត រស្មី ត្រូវគេទម្លាយថាជាអតីតប្រពន្ធ ជៀស ស្រួច

__-___-_____

ក្រោយផ្ទុះរឿងរ៉ាវអតីកីឡាករប្រដាល់ ជៀសស្រួចធ្លាក់ខ្លួនក្រតោកយ៉ាក ក៏មានរឿងរ៉ាវអតីភរិយាលោកត្រូវបានរូបលោកទម្លាយថាគឺជាតារាសម្តែង សាត រស្មី ដែលដាច់ចិត្តដើរចោលលោក ព្រោះតែលុយ និងការចង់ប្រឡូកក្នុងអាជីពសិល្បៈ។ ក្រោយពីការទម្លាយរឿងដែលមិនមានអ្នកនឹកស្មានដល់នេះ តារាសម្តែងសាតរស្មីទទួលស្គាល់ថានាងពិតជាធ្លាប់ធ្វើជាភរិយារបស់ជៀស ស្រួចមែន ប៉ុន្តែការឈានដល់ដំណាក់កាលបែកបាក់គ្នាព្រោះតែមិនអាចទ្រាំទ្រនឹងទង្វើខ្វះគុណធម៌របស់អតីតស្វាមី។ នាងថា ការរៀបរាប់ពីការលំបាករបស់លោក ជៀស ស្រួចគឺត្រឹមតែចង់បានក្តីអាណិត ពីមហាជនប៉ុណ្ណោះ។ នាងថាការធ្លាក់ខ្លួនរបស់ជៀស ស្រួចគឺក្រោយពីស្រីបារាំងដែលធ្លាប់ចិញ្ចឹមលោកដកហូតហាងវិញ ។ នាងស្នើឲ្យមនុស្សពាក់ព័ន្ធនឹងការឆ្កឹះឆ្កៀលកកូរកកាយ និងសម្អុយកេរ្តិ៍ឈ្មោះនាងឲ្យធ្វើការសុំទោសជាសាធារណៈមួយមុនពេលនាងធ្វើចំណាត់ការទៅតាមផ្លូវច្បាប់។

១២-ឌុច លីដា ថតស្រាត

__-___-____

តារាសម្តែងស្រីលេចធ្លោកញ្ញា ឌុច លីដា បានធ្វើឲ្យអ្នកទស្សនាខ្សែភាពយន្តខ្មែរមានការភ្ញាក់ផ្អើលជាមួយនឹងការរិះគន់និងសរសើរផងជាមួយឈុតបែបនេះជាថ្មីក្នុងរឿង”នារីវេទមន្ត”។ លេចចេញទាំងការគាំទ្រនិងរិះគន់ព្រោះតែឈុតឆាកមួយចំនួន ព្រោះ ហ៊ានថតព្រលែងខ្លួនទាំងល្វែង បញ្ចេញសាច់សខ្ចី ជាច្រើនឈុតឆាក។ កញ្ញា ឌុច លី លើកឡើងថាវា គ្រាន់តែជាវិធីសាស្រ្ត ឬបច្ចេកទេស ក្នុងការថតតែប៉ុណ្ណោះ។នាងបញ្ជាក់ថាវាគឺជាលះបង់ខ្ពស់ហើយមុននឹងសម្រេចចិត្តថតបែបនេះគឺនាងមិនមែនមិនដឹងពីតម្លៃស្ត្រីខ្មែរហើយក៍យល់ដឹងពីតម្លៃវប្បធម៌យើងដែរ។ប៉ុន្តែអ្វីដែលនាងធ្វើដើម្បីតែសិល្បៈប៉ុណ្ណោះនិងចង់ឲ្យសាច់រឿងល្អហើយក៍មានបច្ចេកទេសគេជួយយើងដែរ។ ចំពោះតម្លៃបានពីការថតខ្សែភាពយន្តនេះនាងមិនបានបញ្ជាក់នោះទេដោយនាងលើកឡើងថាគឺជាការងារផ្ទៃក្នុង។នាងបន្តថាការរិះគន់គឺនាងពិតជាដឹងអ្នកខ្លះគ្រាន់តែមើលឈុតផ្សាយខ្លីៗគឺគេថានាងសាហាវខ្លាំងណាស់នារីខ្មែរមិនគួរធ្វើចឹងឡើយ។តែនេះជាលក្ខណៈសិល្បៈដើម្បីឲ្យរឿងខ្មែរល្អដើរទៅមុខទៀតប៉ុណ្ណោះ។

១៣-ពេជ្រ សោភា សារភាពបែកបាក់ប្តីជាងមួយឆ្នាំហើយ

__-_____-____

តារាចម្រៀងប្រចាំផលិតកម្មហង្សមាសអ្នកនាងពេជ្រ សោភា បានទទួលបានស្គាល់ថាចំណងស្នេហ៍នាងនិងស្វាមីដែលរស់នៅសហរដ្ឋអាមេរិកនោះបានដើរដល់ផ្លូវទាល់ជាងមួយឆ្នាំហើយ។ ការបញ្ជាក់នេះត្រូវបានធ្វើឡើងក្រោយពីមហាជននិងអ្នកគាំទ្រជាច្រើនជជីកសួរនាំនាងច្រើនអំពីស្វាមីហើយនាងក៏មិនដែលបង្ហាញពីភាពផ្អែមល្ហែមដូចគូស្នេហ៍ដទៃ។ បើទោះបីជាតារាចម្រៀងស្រីល្បីឈ្មោះរូបនេះមិននិយាយដោយចំៗក៏ដោយថានាងនិងប្តីបានលែងលះគ្នា ប៉ុន្តែនាងព្រលយថាទំនាក់ទំនងនាងនិងស្វាមីបានបញ្ចប់គឺមានត្រឹមតែជាមិត្តភ័ក្កិប៉ុណ្ណោះ។ នាង ពេជ្រ សោភាបានរៀបការជាមួយលោកឡៅ ឆលី មានវ័យជាង៣៤ឆ្នាំ ជាមន្ត្រីយោធានិងជាអាណិកជនរស់នៅសហរដ្ឋអាមេរិក កាលពីដើមខែកុម្ភៈឆ្នាំ២០១៥។ ក្រោយរៀបការ នៅសិល្បៈបន្តដដែលហើយគេក៏មិនដែលបានឃើញពីភាពផ្អែមល្ហែមរវាងនាងនិងស្វាមីដូចគូស្នេហ៍ដទៃនោះទេដែលសូម្បីតែគ្រានាងមានជំងឺធ្ងន់ធ្ងរក្តី៕

១៤-ពេជ្រ អាវីហ្សា រងហិង្សាពីគូស្នេហ៍

__-_____-________

តារាសម្ដែង ពេជ្រ អាវីហ្សា ត្រូវបានគេបញ្ចេញរូបថតរបស់នាងព្រោងព្រាតក្រោយពីនាងទទួលរងអំពើហិង្សាកាលពីរាត្រីថ្ងៃទី១៣ ខែវិច្ឆិកាក្នុងក្លឹបកម្សាន្តមួយនាខេត្តព្រះសីហនុ។ អ្នកប្រព្រឹត្តិត្រូវបានគេស្គាល់ថាជាអតីតគូស្នេហ៍មានឈ្មោះថា គៀន ហេង និងជាប្អូនថ្លៃអ្នកឧកញ៉ា ទ្រី ភាព។ នេះមិនមែនជាអំពើហិង្សាដំបូងទេដែលនាងទទួលរងការវាយដំពីអតីតសង្សាហើយចុងក្រោយនេះគឺកាន់តែមានសភាពធ្ងន់ធ្ងរ។ ចុងក្រោយនៃអំពើហិង្សាមកលើនាងត្រូវបានសម្រួលក្រៅរបងតុលាការ ប៉ុន្តែត្រូវបានរងការរិះគន់ពីមហាជនព្រោះតែយោងតាមផ្លូវច្បាប់ករណីវាយដំនេះឃើញថា ជាបទល្មើសព្រហ្មទណ្ឌ ទោះជាជនរងគ្រោះមិនហ៊ានប្ដឹងដោយសារភ័យខ្លាច ឬព្រមទទួលយកការសម្របសម្រួលក្រៅប្រព័ន្ធតុលាការក៏ដោយ គឺព្រះរាជអាជ្ញា និងប៉ូលិសព្រហ្មទណ្ឌ មានសិទ្ធិប្ដឹង និងបន្តធ្វើចំណាត់ការតាមវិធានការច្បាប់បាន ដើម្បីបញ្ចប់អំពើនិទ្ទណ្ឌភាពគឺភាពគ្មានទោសពៃនោះ។សាលាដំបូងខេត្តព្រះសីហនុ ចេញដីកាសម្រេចឃុំខ្លួនលោក គៀង ហេង ប្អូនថ្លៃអ្នកឧកញ៉ា ទ្រី ភាព និងជាអតីត:សង្សានាង ពេជ្រ អាវីហ្សា ដាក់ពន្ធនាគារជាបណ្តោះអាន្ន ហើយកាលពីថ្ងៃទី១៦ខែវិច្ឆិកានេះ និងបន្ទាប់ពីមានការរិះគន់ខ្លាំងៗពីមហាជន។ លោកគៀង ហេង ត្រូវបានចោទនិងដាក់ឲ្យស្ថិតក្រោមការពិនិត្យពីបទហិង្សាដោយចេតនាដែលជាបទល្មើសព្រហ្មទណ្ឌ។

១៥- បទ ផ្កាយព្រឹក របស់ម៉ៃសុគន្ធ រងការរិះគន់ថាថតដូចរឿងអាសអាភាស

__-____________

បទចម្រៀងរបស់តារាចម្រៀង លោក ម៉ៃ សុគន្ធបានបង្កើតឲ្យមានការរិះគន់ជាមួយនឹងបទចម្រៀងមរតកដើមមួយបទគឺបទផ្កាយព្រឹក។ រិះគន់ព្រោះតែបទចម្រៀងនេះត្រូវបានថតជាថ្មីជាមួយនឹងការលើកឡើងថាថតដូចរឿងអាសអាភាសដែលមានតួស្រីប្រុសសម្តែងគ្មានសម្លៀកបំពាក់នោះ។ បទនេះ ត្រូវបានសម្តែងដោយតារាសម្តែង កញ្ញ្ញា អ៊ុន អាលីហ្សា និងតារាសម្តែងប្រុសថ្មីម្នាក់។ អ្វីដែលគេចាប់អារម្មណ៍គឺមានឈុតឆាកមួយចំនួនដែលតួឯកស្រីនិងប្រុសប្រលែងខ្លួនក្នុងបន្ទប់ទឹកដែលគេមើលទៅហាក់មិនសូវជាឆ្លុះបញ្ចាំងពីតថភាពដែលស្តែងចេញពីបទម្រៀងនេះទេ។ ផ្ទុយទៅវិញវាត្រូវបានអ្នកទស្សនាមួយចំនួនរិះគន់ថាជាការផលិតបែបស្រាលអាសអាភាសទៅវិញ៕ វឌ្ឍនា

 


ចែករំលែក៖