ព័ត៌មានទាន់ហេតុការណ៍៖

យុវជន៣នាក់ជិះម៉ូតូគេចសត្វឆ្កែជ្រុលទៅបុកដើមប្រេងខ្យល់ ស្លាប់ម្នាក់ និងរបួសធ្ងន់​២នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានហេតុការណ៍គ្រោះថ្នាក់ចររាចរណ៍គួរអោយរន្ធត់ ខណៈយុវជន៣នាក់ជិះម៉ូតូល្បឿនលឿន ហើយគេចសត្វឆ្កែ រេចង្កូតទៅបុកដើមប្រេងខ្យល់ពេញទំហឹងបណ្ដាលឲ្យស្លាប់ម្នាក់ នឹងកន្លែងកើតហេតុ និង២នាក់ទៀតរងរបួសធ្ងន់ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១រសៀល ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅលើផ្លូវលេខ៣១៤C ភូមិតារាងបាល់ សង្កាត់គយត្របែក ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។

សមត្ថកិច្ចនគរបាលក្រុងបានឲ្យដឹងថា យុវជនដែលស្លាប់ ឈ្មោះជា សំអាត អាយុ១៣ឆ្នាំ មុខរបរសិស្ស មានទីលំនៅមណ្ឌលកុមារកំព្រា ក្នុងសង្កាត់ស្វាយរៀង រីឯ អ្នករងរបួសធ្ងន់ ឈ្មោះនួន ពុតស៊ីនួន អាយ១៨ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង និងឈ្មោះទិត្យ សេរីបញ្ញា អាយុ១៣ឆ្នាំ មុខរបរសិស្សមានទីលំនៅភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខណៈបើកបរម៉ូតូម៉ាកវីស្តុន ពណ៌ក្រហម គ្មានស្លាកលេខ ខូចខាតស្ទើរទាំងស្រុង ។

សាក្សីបានឲ្យដឹងថា មុនកើតហេតុ យុវជន៣នាក់ ជិះម៉ូតូធ្វើដំណើរក្នុងល្បឿនលឿនពីជើងទៅត្បូង ស្រាប់តែសត្វឆ្កែរត់កាត់ផ្លូវ អ្នកបើកបរគេចពីឆ្កែហើយរេចង្កូតទៅបុកនឹងដើមប្រេងខ្យល់ពេញទំហឹងលាន់សូរដូចរន្ទះ បោកផ្ទប់យុវជន៣នាក់សន្លប់ក្នុងថ្លុកឈាម ។

ក្រោយកើតហេតុអ្នកភូមិបានមកចោមរោមមើល និងជួយសង្គ្រោះ ព្រមទាំងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានអន្តរាគមន៍ ប៉ុន្តែដោយយុវជនឈ្មោះជា សំអាត រងរបួសធ្ងន់ពេក ក៏ដាច់ខ្យល់ស្លាប់ ។ រីឯ២នាក់ទៀត ត្រូវបានបញ្ជូនមកកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះជីវិត។

សាកសពត្រូវបានសមត្ថកិច្ចនគរបាលប្រគល់ឲ្យខាងមណ្ឌលកុមារកំព្រាយកទៅធ្វើបុណ្យតាមប្រពៃណី៕ យឹម សុថាន

se-1 se-2 se-3


ចែករំលែក៖