ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកឈើចុះចំណោតភ្នំបុកគំនរដីឈើរុញសង្កត់ស្លាប់អ្នកបើកបរ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ រថយន្តធន់ធំដឹកឈើអារពេញមួយគ្រឿង បើកចុះចំណោតភ្នំរេចង្កូតបុកគំនរដីចិញ្ចើមផ្លូវបណ្ដាលឱ្យឈើរុញបុកកាប៊ីនរថយន្តស្លាប់អ្នកបើកបរ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៣និង៣០នាទីរសៀលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ ៥៥ ត្រង់ចំណុចចំណទភ្នំចិនយំ ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

លោកវរសេនីយ៍ត្រី ធាង ឡេង អធិការនគរបាលស្រុកវាលវែង បានឱ្យដឹងតាមទូរស័ព្ទនៅព្រឹកថ្ងៃទី០១ ខែមករា នេះថា ជនរងគ្រោះស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ឈើសង្កត់ខាងលើឈ្មោះ វេ ហ៊ុល ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិស្រែល្វា ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ ជាអ្នកបើកបររថយន្តធន់ធំម៉ាកហ៊ីណូ ពណ៌សស្នូតលឿងលាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3A-0519 យីឌុប ដឹកឈើអារពេញ។

លោកវរសេនីយ៍ត្រីបន្តថា រថយន្តដឹកឈើអារប្រភេទយីឌុបបង្កគ្រោះថ្នាក់ចរាចរណ៍បុកគំនរដី បណ្ដាលឱ្យអ្នកបើកបរគៀបស្លាប់នៅក្នុងកាប៊ីនដោយសារឈើសង្កត់ខាងលើ ជាឈើរបស់ក្រុមហ៊ុន MDS (ឧកញ៉ា ទ្រី ភាព) ដឹកចេញពីឃុំអន្លង់រាប ស្រុកវាលវែង ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ ៥៥ ដែលកំពុងកសាង លុះមកដល់ចំណុចកើតហេតុ ត្រូវបានគេសង្ស័យរថយន្តបង្កមានបញ្ហាផ្នែកហ្វ្រាំង ខណៈនោះគេឃើញរថយន្តរេចង្កូតទៅបុកគំនរដីទើបរថយន្តទៅមុខលែងរួច ធ្វើឱ្យទម្ងន់ឈើរុញសង្កត់ខ្ទេចកាប៊ីនរថយន្តគៀបអ្នកបើកបរស្លាប់យ៉ាងអាណោចអធ័ម គាស់យកសាកសពអស់ជាច្រើនម៉ោង ។

លោកអធិការបន្តទៀតថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍បង្កឱ្យស្លាប់មនុស្សខាងលើ វត្ថុតាងទាំងឈើទាំងរថយន្តត្រូវបានប្រគល់ឱ្យក្រុមហ៊ុនចាត់ចែងដោះស្រាយជាមួយជនរងគ្រោះ ដោយពុំបានយកមករក្សាទុកនៅសមត្ថកិច្ចនគរបាលនោះទេ ចំណែកសាកសពជនរងគ្រោះ បានប្រគល់ឱ្យក្រុមគ្រួសារចាត់ចែងតាមប្រពៃណី។

ទោះជាយ៉ាងណាក្ដី មហាជនបានធ្វើការរិះគន់ថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងដោយរថយន្តដឹកឈើសង្កត់មនុស្សស្លាប់ ប៉ុន្តែគេមិនដឹងច្បាស់លាស់ថាឈើនេះមានច្បាប់ ឬគ្មានច្បាប់នោះទេ នេះគ្រាន់តែជាការអះអាងរបស់សមត្ថកិច្ចប៉ុណ្ណោះ? ហើយការដឹកទម្ងន់បែបនេះ គេក៏មិនដឹងថាស្របច្បាប់នោះដែរ? ម្យ៉ាងទៀតរថយន្តផ្ទុកឈើខាងលើនេះ ស្របតាមច្បាប់បច្ចេកទេសដែរ ឬយ៉ាងណា? ពិសេសជាងនេះទៀតនោះ គេនៅចាំបានថា រថយន្តដឹកឈើបង្កខាងលើម្ចាស់នៅឃុំត្រពាំងជង ស្រុកបាកាន ហើយបើម្ចាស់នេះមែនគេនៅចាំបានថា កាលពីប៉ុន្មានឆ្នាំមុនស្លាប់កម្មករម្នាក់ដែរ ដោយសាររថយន្តដឹកឈើក្រឡាប់សង្កត់ ហើយមករកស៊ីដឹកជញ្ជូនឈើជ្រកក្រោមស្លាកយីហោ ក្រុមហ៊ុន MDS របស់លោកឧកញ៉ា ទ្រី ភាព។

ទោះជាយ៉ាងណាក្ដីពាក់ព័ន្ធនឹងផ្លូវច្បាប់ ហេតុអ្វីបានជាសមត្ថកិច្ចចេះតែឱ្យរួចខ្លួនរហូតដូច្នេះ? បើករណីនេះធ្វើឱ្យមនុស្សស្លាប់ជាបន្តបន្ទាប់ ស្ថាប័នច្បាប់គួរតែពិចារណឡើងវិញពាក់ព័ន្ធនឹងបញ្ហាខាងលើនេះ ដូច្នេះហើយមានន័យថា ជាក្រុមបក្ខពួកដែលបានរៀបគំរោងចាប់ខ្លួនអ្នកសារព័ត៌មានចំនួន ០៣នាក់ កាលពីវេលាម៉ោង ១២និង៣៥នាទី ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចហាងបាយមួយកន្លែង ស្ថិតក្នុងភូមិព្រែក៣ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ហើយត្រូវបានសាលាដំបូងខេត្តសម្រេចឃុំខ្លួនអ្នកសារព័ត៌មានទាំង ០៣នាក់ នៅរសៀលថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៦ ដោយចោទពីបទកំហែងយក ៕ ប៉ឹម ពិន

pursat-1 pursat-2 pursat-3 pursat-4 pursat-5 pursat-6 pursat-7 pursat-8 pursat-9


ចែករំលែក៖