ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះឃើញសាកសពអណ្ដែតទឹកស្ទឹងពោធិ៍សាត់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ប្រទះឃើញសាកសពបុរសម្នាក់ អណ្ដែតក្នុងទឹកស្ទឹងពោធិ៍សាត់បង្កការភ្ញាក់ផ្អើល ដែលអ្នកភូមិអះអាងថា អាចប្រកាច់ធ្លាក់ចូលទឹកលង់ស្លាប់បន្ទាប់ពីបាត់ខ្លួនរយៈពេល ២ថ្ងៃ ម្យ៉ាងជនរងគ្រោះមានជម្ងឺប្រចាំកាយ (ឆ្កួតជ្រូក) ។

ហេតុការណ៍បង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង ៨និង៣០នាទីព្រឹក ថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧ ត្រង់ចំណុចក្នុងទឹកស្ទឹងពោធិ៍សាត់ ស្ថិតក្នុងភូមិបឹងក្រាញ់ ឃុំកញ្ជរ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។

ប្រភពព័ត៌មានពីអាជ្ញាធរមានសមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះស្លាប់ដោយសារលង់ទឹកខាងលើនេះ ត្រូវបានគេស្គាល់ឈ្មោះ ហ៊ីង ឌុយ ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មានមុខរបរជាងកាត់សក់ បច្ចុប្បន្នរស់នៅភូមិ-ឃុំកើតហេតុខាងលើ ។

ប្រភពបន្តថា តាមការលើកឡើងពីមជ្ឈដ្ឋានជុំវិញកន្លែងកើតហេតុ ក៏ដូចជាសាច់ញាតិរបស់សាកសពនិយាយថា ជនរងគ្រោះបានលង់ទឹកស្លាប់កាលពីល្ងាចថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ នៅគ្រាដែលគាត់ចុះទៅដងទឹកត្រង់ចំណុចកើតហេតុ គ្រានោះសាច់ញាតិបានដឹងថាជនរងគ្រោះប្រកាច់លង់ទឹកស្លាប់ភ្លាមៗនោះដែរ ប៉ុន្តែនាំគ្នារាវរកអស់លទ្ធភាពរៀងៗខ្លួនដោយពុំឃើញនោះទេ លុះទាល់តែសាកសពអណ្ដែតមក ទើបប្រទះឃើញនៅឆ្ងាយពីកន្លែងកើតហេតុ ។

ប្រភពដដែលបន្តទៀតថា ក្រោយពីប្រទះឃើញសាកសពបង្កការភ្ញាក់ផ្អើលដល់សំណាក់អ្នកភូមិ សមត្ថកិច្ច ស្ថាប័នជំនាញពាក់ព័ន្ធបានចុះទៅស្រាវជ្រាវធ្វើកោសល្យវិច្ច័យ លទ្ធផលពុំឃើញមានស្លាកស្នាមពាក់ព័ន្ធគួរឱ្យសង្ស័យករណីឃាតកម្មនោះទេ ហើយបានប្រគល់សាកសពឱ្យសាច់ញាតិដើម្បីចាត់ចែងតាមប្រពៃណី៕ ប៉ឹម ពិន

photo_2017-01-01_12-28-19


ចែករំលែក៖