ខេត្តកំពង់ចាម៖ យុវជន២នាក់បានបាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ក្រោយបញ្ជូនទៅដល់មន្ទីរស្រុក ដោយសារត្រូវរថយន្តមិនស្គាល់អត្តសញ្ញាណបុកពីក្រោយ ហើយបើកគេចបាត់ ។
ហេតុការណ៍នេះ កើតឡើងនៅម៉ោង៨និង២៥នាទីយប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ នៅលើផ្លូវជាតិលេខ៧ ស្ថិតក្នុងភូមិព្នៅកើត ឃុំព្រៃចារ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា យុវជនរងគ្រោះក្នុងហេតុការណ៍នេះ ទី១ ឈ្មោះ ស្រេង គីមហ៊ាង ភេទប្រុស អាយុ២១ឆ្នាំ នៅភូមិថ្មី ឃុំសូទិព្វ ស្រុកជើងព្រៃ និងយុវជនអ្នករួមដំណើរ ជាមួយ ឈ្មោះ ទិត ស៊ីនិត ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិ/ឃុំស្រម៉រ ស្រុកជើងព្រៃ ។
ប្រភពបន្តថា មុនកើតហេតុ គេបានឃើញរថយន្តមិនស្គាល់ម៉ាកបើកក្នុងទិសដៅពីលិចទៅកើត ហើយបានបុកម៉ូតូម៉ាក ZOOMER.X ស្លាកលេខ ភ្នំពេញ 1FX.4236 បណ្តាលឲ្យយុវជន២នាក់ខាងលើរងរបួសធ្ងន់ យកមកសម្រាកព្យាបាលនៅមន្ទីរពេទ្យស្រុក លុះដល់មោ៉ង៩និង៣០នាទីព្រឹក ថ្ងៃទី១ ខែមករា ឆ្នាំ២០១៧ ជនរងគ្រោះទាំងពីរក៏បានបង់ជីវិត ។
សមត្ថកិច្ចក៏បានឲ្យថាដឹងថា ករណីនេះក្រោយពេលកើតហេតុរថយន្តបង្កបានបើករត់គេចបាត់ ។ មូលហេតុគ្រោះថ្នាក់ ត្រូវបានសមត្ថកិច្ចជំនាញបញ្ជាក់ថា បណ្តាលមកពីអ្នកបើកម៉ូតូ ជែងក្នុងស្ថានភាពគ្រោះថ្នាក់ ៕ វណ្ណះ