ភ្នំពេញ៖ កីឡាករ វៀត ប៊ុនធឿន មកពីក្លិបសមាគមកីឡាក្រសួងការពារជាតិ និងកីឡាករ បឺត សង្ឃឹម មកពីក្លិប រ៉ាហាប់ស្វាយប៉ាក់ឈ្នះកៅអីវគ្គ១៦នាក់ដូចគ្នា ក្រោយវាយឈ្នះដៃគូប្រកួតកាលពីល្ងាចថ្ងៃសៅរ៍ទី៣១ខែធ្នូឆ្នាំ២០១៦ នៅសង្វៀនទូរទស្សប៉ុស្តិ៍លេខ៥អារីណា។
ជ័យជម្នះរបស់វៀត ប៊ុនធឿន ដែលបានឡើងទៅវគ្គ១៦នាក់ ជុំទី២ ដោយសារវាយឈ្នះកីឡាករ ម៉ន លីហួរ មកពីក្លិបការិយាល័យទី៥ កងទ័ពជើងគោក ដោយពិន្ទុ ។ កាតប្រកួតរយៈពេល៣ទឹករវាងកីឡាករទាំង២នាក់ខាងលើ ទទួលបានការគាំទ្រខ្លាំង ព្រោះសកម្មភាពរបស់ធ្វើឲ្យទស្សនិកជនរំជួលចិត្តមែនទាន ។ អ្វីដែលពិសេសនោះគឺផ្តើមចេញពីកីឡាករ ម៉ន លីហួរ លោតវាយប៊ុនធឿននៅក្នុងទឹកទី២ បណ្តាលឲ្យប៊ុនធឿនផ្ទុះកំហឹងតាមវាយរហូតទទួលបានជ័យជម្នះ។
ដោយឡែកជំនួបរវាងកីឡាអ្នកប្រដាល់ជើងចាស់ ឆាយ មាស មកពីក្លិប សំរោងកោងខេត្តបាត់ដំបងត្រូវចាញ់ក្រោមថ្វីដៃ អ្នកប្រដាល់វ័យក្មេងបឺត សង្ឃឹមដោយពិន្ទុ ក្នុងចំណោម៣ទឹក។ កីឡាករគឆាយ មាសត្រូវទស្សនិកមើលឃើញថា ចាញ់ប្រៀបកម្លាំង និងកាយសម្បទា បឺតសង្ឃឹមតាំងពីទឹកទី១ម្លេះ ដូច្នេះការហើយសង្ឃឹមកាន់តែមានឱកាសតាមវាយសន្ធប់ បើទោះបីឆាយ មាសខំរើបម្រោះ វាយតបសងបឺតសង្ឃឹមវិញយ៉ាងណាក៏មិនអាចដណ្តើមបានកៅអីវគ្គ១៦នាក់ឡើងទៅដំណាក់កាលទី២ដែរ។គួររំលឹកថាកម្មវិធីប្រកួតកីឡាប្រដាល់ដណ្ដើមជើងឯកពានរង្វាន់TV5 Knock Out Series ទម្ងន់៦០គីឡូក្រាមនេះ មានអ្នកប្រដាល់ចំនួន៣២នាក់ ចែកចេញជា៤ដំណាក់កាល ដោយឡែកម្ចាស់ជើងឯកពានរង្វាន់ខាងលើទទួលបានថវិកាចំនួន៤ពានដុល្លារអមជាមួយពានរង្វាន់១ ៕ សារីម