ខេត្តកណ្តាលៈ ចោរកាច់កម៉ូតូម្នាក់ ក្នុងចំណោមបក្ខពយក២នាក់ត្រូវបានប្រជាពលរដ្ឋនាំគ្នាឡោមព័ទ្ធចាប់ខ្លួនបានស្វាគមន៍ម្នាក់មួយដៃម្នាក់មួយជើង ទើបប្រគល់ឲ្យ សមត្ថកិច្ចដើម្បីចាត់ការតាមច្បាប់ ។
ករណីលួចកាច់កម៉ូតូនេះបានកើតឡើង កាលពីវេលាម៉ោង១៨ និង២៨នាទី ថ្ងៃទី០២ ខែមករា ឆ្នាំ២០១៧ ត្រង់ចំណុចផ្សារបឹងខ្យាង ស្ថិតក្នុងភូមិបឹងខ្យាង ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ។
មន្ត្រីនគរបាលស្រុកកណ្តាលស្ទឹងបានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានចាប់ខ្លួននោះឈ្មោះ វ៉ាន់ នឿន ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ មិនពិតប្រាកដ បច្ចុប្បន្នរស់នៅភូមិស្រះចកសង្កាត់ស្រះចក រាជធានីភ្នំពេញ ។ ចំណែកឯជនរងគ្រោះឈ្មោះ ងិន វិច្ឆិកា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងជួសជុលទូរស័ព្ទ មានទីលំនៅភូមិបឹងខ្យាង ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ជាម្ចាស់ម៉ូតូម៉ាកស៊ុយហ្ស៊ូគីនិច ពណ៌ស ស៊េរីឆ្នាំ២០១៤ ពាក់ស្លាកលេខ ភ្នំពេញ1FR-8059 ។
ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូទៅចតចោលខាងមុខផ្សារ ហើយបានដើរទៅក្នុងផ្សារ គ្រានោះជនសង្ស័យខាងលើនេះនិងបក្ខពួកបានចូលទៅធ្វើសកម្មភាពកាច់.កម៉ូតូជនរងគ្រោះបញ្ឆេះ។ ភ្លាមៗនោះជនរងគ្រោះឃើញទាន់ក៏ស្រែកឆោឡោឡើងបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក្បែរនោះ តាមចាប់ខ្លួនជនសង្ស័យបានម្នាក់ ខណៈដែលបក្ខពួកម្នាក់ទៀតជិះម៉ូតូគេចខ្លួន ។
ក្រោយពីចាប់បានជនសង្ស័យប្រជាពលរដ្ឋបានស្វាគមន៍ម្នាក់មួយដៃម្នាក់មួយជើង បណ្តាលឲ្យរងរបួស ទើបប្រគល់ឲ្យសមត្ថកិច្ចនគរបាលបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង ដើម្បីចាត់ការតាមច្បាប់ ៕ ស្អាងជ័យ