ព័ត៌មានទាន់ហេតុការណ៍៖

បង្ហាញមុខក្រុមចោរប្លន់ និងអ្នកទទួលផលចោរកម្ម៨នាក់ នៅប៉ុស្តិ៍ស្ទឹងមានជ័យ

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យចំនួន៨នាក់ ដែលជាក្រុមចោរប្លន់យ៉ាងសកម្ម និងជាអ្នកទទួលផលចោរកម្ម ត្រូវបានកម្លាំងនគរបាលខណ្ឌមានជ័យ ដឹកនាំដោយលោកវរៈសេនីយ៍ឯក តេង ស៊ីណូ អធិការនគរបាលខណ្ឌមានជ័យ ធ្វើការបង្ហាញមុខជាសាធារណៈ កាលពីវេលាម៉ោង១០ និង៣០នាទី ព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០១៧ នៅប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្ទឹងមានជ័យ ក្រោយពីជនសង្ស័យទាំងនេះ ត្រូវបានសមត្ថកិច្ចធ្វើការបង្ក្រាបបានកាលពីពេលកន្លងមក។

លោកវរៈសេនីយ៍ឯក តេង ស៊ីណូ អធិការនគរបាលខណ្ឌមានជ័យបានមានប្រសាសន៍ថា ក្រុមជនសង្ស័យទាំង៨នាក់ដែល ឃាត់ខ្លួនបានខាងលើនេះ ទី១មានឈ្មោះ ប៉ាន់ សំរិត (ហៅម៉េវ) អាយុ២៣ឆ្នាំ ស្នាក់នៅផ្ទះជួល ភូមិដំណាក់ធំ២។ជនសង្ស័យទី២ឈ្មោះ មិន ឌីណា (ហៅខ្នុយ) អាយុ២១ឆ្នាំ ស្នាក់នៅផ្ទះជួល ក្នុងភូមិដំណាក់ធំ២។ ជនសង្ស័យទី៣ឈ្មោះ លាភ ឆន្ទៈណាលី អាយុ២១ឆ្នាំ មានទីលំនៅក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ។ជនសង្ស័យទី៤ឈ្មោះ ហ៊ាន ច័ន្ទករុណា ហៅឡា អាយុ១៩ឆ្នាំ ស្នាក់នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ។ ជនសង្ស័យទី៥ឈ្មោះ អ៊ូ បញ្ញាវុធ ហៅញ៉ អាយុ១៨ឆ្នាំ ស្នាក់នៅផ្ទះគ្មានលេខ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា។ជនសង្ស័យទី៦ឈ្មោះ សុខ ឡា អាយុ២៤ឆ្នាំ មានទីលំនៅភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ពួកគេទាំង៦នាក់ជាក្រុមជនសង្ស័យដែលតែងតែធ្វើសកម្មភាពវាយប្លន់យកម៉ូតូពីប្រជាពលរដ្ឋនៅតាមដងផ្លូវពេលយប់។ ចំណែកឯជនសង្ស័យ២នាក់ទៀតជាអ្នកទទួលផលចោរកម្មមានទី១មានឈ្មោះ ញ៉ែម អ៊ីម អាយុ៥៨ឆ្នាំ មុខរបរជាងម៉ាស៊ីន ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិថ្លុកស្រូវ ឃុំខ្ចៅ ស្រុកកងមាស ខេត្តកំពង់ចាម និងជនសង្ស័យទី២ឈ្មោះ ឈឿន អូន ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរបើកបររថយន្ត ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិខ្ចំ ឃុំ តាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

ក្នុងការបង្ក្រាបនេះដែរ សមត្ថកិច្ចដកហូតបានរថយន្តម៉ាក COROLLA ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2E-0453មួយគ្រឿង និងម៉ូតូចំនួន២គ្រឿង រួមមានម៉ូតូម៉ាក Fino ពណ៌សលាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1AR-1460 មួយគ្រឿង និងម៉ាកស៊ុយសាគីលែត ពណ៌សលាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1CL-9995 មួយគ្រឿងទៀតផង។

លោកវរៈសេនីយ៍ឯក តេង ស៊ីណូ អធិការនគរបាលខណ្ឌមានជ័យបានមានប្រសាសន៍បន្តទៀតថា ក្នុងប្រតិបត្តិការបង្ក្រាបក្រុមចោរប្លន់ និងអ្នកទទួលផលចោរកម្មទាំង៨នាក់ខាងលើនេះដែរ គឺធ្វើឡើងក្រោយពីទទួលបាននូវពាក្យបណ្តឹងរបស់បុរសជាជនរងគ្រោះម្នាក់ឈ្មោះ ឆាង ឈីត អាយុ ២២ឆ្នាំ មុខរបរជាកម្មកររោងចក្រ ស្នាក់នៅផ្ទះជួល ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កាលពីពេលកន្លងមកនេះ និងសុំការអនុញ្ញាតពី នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ ទើបធ្វើការបង្ហាញនាពេលនេះតែម្តង។

ក្រោយពីធ្វើការបង្ហាញក្រុមជនសង្ស័យជាចោរប្លន់ និង អ្នកទទួលផលចោរកម្មទាំង ៨នាក់ រួមទាំងវត្ថុតាងរួមមាន រថយន្ត មួយគ្រឿង និងម៉ូតូ២គ្រឿង ត្រូវបានសមត្ថកិច្ចធ្វើការឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការទៅតាមនីតិវិធីច្បាប់៕ តាឡឹម

taes-1 taes-2 taes-3 taes-4 taes-5 taes-6


ចែករំលែក៖