ព័ត៌មានទាន់ហេតុការណ៍៖

ផ្លូវ០៥ខ្សែ ក្នុងខណ្ឌ ចំការមន និងទួលគោក ត្រូវបានជួសជុល ដោយចាក់អ៊ុតកៅស៊ូAC តាមការសន្យា របស់ អាជ្ញាធររាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ និងមន្ទីរសាធារណការរាជធានី បានបើកការដ្ឋានជួសជុល និងចាក់អ៊ុតកៅស៊ូAC ផ្លូវចំនួន៥ខ្សែ ដែលមាន ប្រវែងសរុប៥.០៦៥ម៉ែត្រ ទទឹងចាប់ពី៧ម៉ែត្រ ដល់១០ម៉ែត្រ ស្ថិតក្នុងខណ្ឌទួលគោក និខណ្ឌចំការមន ក្រោមអធិបតីភាពលោកត្រាក់ថែសៀង អភិបាលរងរាជធានីភ្នំពេញ នៅថ្ងៃទី ០៣ មករា ឆ្នាំ ២០១៧ ។

លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញ ជានិច្ចកាលតែងតែយកចិត្តទុកដាក់គិតគូរពីការលំបាករបស់បងប្អូនប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរក្នុងរាជធានីភ្នំពេញ កែលម្អផ្លូវចំនួន៥ខ្សែនេះ ដែលក្នុង នោះរួមមាន ផ្លូវលេខ៥៦៦ ផ្លូវលេខ៦១៨ ផ្លូវលេខ២៩១ ផ្លូវលេខ១៨៣ និងផ្លូវលេខ១០៥។

លោកសាំ ពិសិដ្ឋ បានមានប្រសាសន៍បន្តថា ផ្លូវមួយចំនួនក្នុងរាជធានីភ្នំពេញ ជាពិសេស ក្នុងមូលដ្ឋានខណ្ឌទួលគោក និងខណ្ឌចំការមន គឺជាផ្លូវកៅស៊ូប្រភេទ DBST ដែលបានស្ថាបនាជាយូរឆ្នាំមកហើយ និងជាទីតាំងដែលទទួលរងនូវការលិចលង់យ៉ាងខ្លាំងនៅក្នុងរដូវវស្សា ហើយជាទូទៅផ្លូវប្រភេទនេះមានអាយុត្រឹមតែ៥ទៅ៧ឆ្នាំប៉ុណ្ណោះ។ ឆ្លងតាមការប្រើប្រាស់រយៈពេលជាច្រើនឆ្នាំ ស្របពេលដែលមានការអភិវឌ្ឍន៍ សំណង់អគារធំៗ និងសំណង់លំនៅដ្ឋាន តម្រូវការទៅតាមកំណើនប្រជាជន និងការរីកទំហំទីក្រុងនោះ ផ្លូវមួយចំនួននេះ មានភាពសឹករេចរឹល ផតស្រុត ប្រេះបែកខូចគ្រឹះ មានជង្ហុក និងដក់ទឹកដោយកន្លែង ដែលទាមទារឲ្យធ្វើការជួសជុលនិងថែទាំងខួប។ លោកបានបន្ថែមថា ផ្លូវនៅក្នុងរាជធានីភ្នំពេញ មួយចំនួនផ្សេងទៀតក៏ទាមទារការជួសជុលថែទាំអ៊ុតកៅស៊ូ AC Overlay បន្ថែម។ ក្រៅពីផ្លូវ៥៧ខ្សែ ក្នុងគម្រោងដែលបានបើកការដ្ឋានជួសជុលនាថ្ងៃនេះ ក៏នៅមានផ្លូវប្រភេទកៅស៊ូប្រភេទបេតុង សរុបចំនួន១៨០គីឡូម៉ែត្រ ដែលរដ្ឋបាលរាជធានីភ្នំពេញ នឹងត្រូវស្ថាបនានៅក្នុងផែនការឆ្នាំ២០១៧។

លោកត្រាក់ ថៃសៀង អភិបាលរងរាជធានីភ្នំពេញ បានមានប្រសាសន៍ថា នៅក្នុងយុទ្ធនាការនៃការជួសជុលដោយចាក់អ៊ុតកៅស៊ូ AC Ovelay ផ្លូវទាំង៥៧ខ្សែនេះ នឹងផ្តល់ភាពងាយស្រួលសម្រាប់ការធ្វើដំណើរ និងជួយកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរ ស្របទៅតាមកំណើនប្រជាពលរដ្ឋ និងកំណើនយានយន្ត នាពេលបច្ចុប្បន្ននេះ និងដើម្បីចូលរួមចំណែកអនុវត្តន៍ ឲ្យបានជោគជ័យ នូវយុទ្ធសាស្រ្តចតុកោណ របស់រាជរដ្ឋាភិបាលកម្ពុជា៕ សំរិត

image1 image2 image4 image6


ចែករំលែក៖