ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងបណ្ដាលឲ្យបុរសម្នាក់ត្រូវរថយន្ត HINO បើកកិនស្លាប់យ៉ាងអាណោចអាធម៌ ខណះដែលរូបគាត់ជិះម៉ូតូទាក់ដៃចង្កូតជាមួយរឺម៉កដួលចូលក្រោមកង់រថយន្ត ។ក្នុងហេតុការណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង១០និង១៥នាទីព្រឹកថ្ងៃទី៤ ខែមករាឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវ៣៧១ ស្ថិតក្នុងភូមិត្នោតជ្រុំ២ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។
អ្នកបើកបររថយន្តបង្កមានឈ្មោះ សុខ ចន្ថា អាយុ៣៣ឆ្នាំ មុខរបរបើកបររថយន្តស្នាក់នៅសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ចំណែកសពជនរងគ្រោះមិនបានស្គាល់ឈ្មោះទេ។
យោងតាមប្រភពព័ត៌មានពីសាក្សី ដែលឃើញហេតុការណ៍បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តម៉ាកហុីណូពណ៌ខៀវ ពាក់ស្លាកលេខតាកែវ 3A.0446 បើកបរដោយបុរសម្នាក់ ធ្វើដំណើតាមបណ្ដោយផ្លូវ៣៧១ ទិសដៅពីលិចទៅកើត ខណះមកដល់ចំណុចកើតហេតុស្រាប់តែមានម៉ូតូបុរសរងគ្រោះខាងលើម៉ាកស្មាក់វី ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 1J.3245 ជិះម្នាក់ឯងទិសដៅស្របគ្នាហើយបានវ៉ាជែងរថយន្តខាងស្ដាំខណះនៅខាងស្ដាំមានរថយន្តមួយគ្រឿងចតចោលនៅចញ្ចើមផ្លូវនិងរឺម៉កបើកស្របគ្នាធ្វើឲ្យម៉ូតូជនរងគ្រោះវ៉ាមិនផុតទាក់ដៃចង្កូតជាមួយរឺម៉កបណ្ដាលឲ្យដួលចូលក្រោមកង់រថយន្តកិនចំពាក់កណ្ដាលខ្លួនខ្ទេច ហើយដាច់ខ្យល់ស្លាប់ភ្លាមៗនៅក្នុងថ្លុកឈាមយ៉ាងអាណោចអាធម៌ ។ ចំណែករថយន្តបង្កបានបន្ថែមល្បឿនទៅមុខបានប្រហែល៣០០ម៉ែត្របំណងរត់គេចតែត្រូវបានប្រជាពលរដ្ឋនិងសមត្ថកិច្ចដេញតាមចាប់បានអ្នកបើកបរយកទៅសួរនាំនៅប៉ុស្តិបឹងទំពុនសង្កាត់បឹងទំពុនខណ្ឌមានជ័យ ។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានវាស់វែងយករថយន្តបង្ក និងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមផ្លូវច្បាប់នៅពេលក្រោយ ។
ចំណែកសពជនរងគ្រោះយកទៅតម្កល់នៅវត្តតាំងក្រសាំងដើម្បីស្រាវជ្រាវរកសាច់ញ្ញាតិ ៕ ភារ៉ា ដង្កោ