ភ្នំពេញ៖ គូស្នេហ៍ពិធីករ លោក ជា វិបុល និងអ្នកនាងគង់ សុជាតិ បានសម្រេចក្តីសុបិន្តក្នុងការបង្កើតកូនដែលជាដំណក់ឈាមរួមគ្នាហើយ។ កូនស្រីរបស់ពួកគេបានកើតកាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០១៧ បន្ទាប់ពីអ្នកទាំងពីរទន្ទឹងរង់ចាំអស់ជាច្រើនខែ។
អ្នកនាងគង់ សុជាតិ បានបញ្ជាក់នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកផ្ទាល់របស់នាងថា ”ម្តាយរំភើបណាស់ដែលកូនស្រីម្តាយកើតមកដោយសុវត្ថិភាពដោយមានប៉ាប៉ានៅជិតរហូត”។ គេមិនអាចស្វែងរកការបញ្ជាក់បន្ថែមពីលោក ជា វិបុល និងអ្នកនាង គង់ សុជាតិ បាននៅឡើយទេ ប៉ុន្តែតាមរយៈសាច់ញាតិ អ្នកទាំងពីរបានបញ្ជាក់ថា កូនស្រីរបស់អ្នកនាង គង់ សុជាតិ ឈ្មោះជា សុជាតិ នារី ដូរី បានកើតកាលពីថ្ងៃ០៤ មករា ២០១៧ នៅវេលាម៉ោង១១និង២៥នាទី នៅមន្ធីរពេទ្យកំពូលពេជ្រ។ អ្នកជិតស្និទ្ធក្រុមគ្រូសារគង់ សុជាតិ ក៏បានបង្ហាញអារម្មណ៍អបអរសាទរ ដល់សមាជិកថ្មីរបស់ប្ដីប្រពន្ធអ្នកសិល្បៈល្បី១គូនេះដែរ ហើយលោកជា វិបុលបានបង្ហាញទឹកមុខរីករាយជាខ្លាំង នៅពេលដែលទទួលបានកាដូដំណក់ឈាមជាលើកដំបូងជាមួយអ្នកនាង សុជាតិ នៅពេលនេះ។ ទោះជាយ៉ាងណានេះ មិនមែនជាលើកទីមួយឡើយ សម្រាប់អ្នកនាងក្នុងការសម្រាលកូននោះ ព្រោះនេះជាកូនទី៣ហើយ ដោយសារចំណងស្នេហ៍ប្ដីមុននោះ នាងបានកូន២នាក់ ដែលពេលនេះកូនប្រុសនាងធំពេញវ័យហើយដែរ ។
ប្រភពបន្តថា សុជាតិ បានសម្រេចចិត្តសម្រាលកូននៅក្នុងស្រុក ព្រោះតែនាងយល់ថា ពេទ្យក្នុងស្រុកមានជំនាញខ្ពស់ដែលអាចឲ្យនាងទុកចិត្តបាន។ មុនពេលសម្រាលនាងបានសម្រុកថតកម្មវិធីជាច្រើនរបស់ទូរទស្សន៍My TVហើយដែរ ហើយនាងនឹងសម្រាកមើលថែបុត្រក្នុងរយៈពេលខ្លីប៉ុណ្ណោះ ព្រោះតែនាងមានការងារច្រើនដែលត្រូវបំពេញ។
គួរបញ្ជាក់ដែរថា អ្នកនាងគង់ សុជាតិបានរៀបការជាមួយលោក ជា វិបុល កាលពីថ្ងៃទី០៩ វិច្ឆិកា ២០១៣ នៅសណ្ឋាគាអាំងទែរកុងទីណង់តាល់ ដោយចំណាយថវិកាជាច្រើនម៉ឺនដុល្លារ។ ក្រោយរៀបការជាង៣ឆ្នាំនោះ សុជាតិ និងវិបុល ចង់អស់សង្ឃឹមរឿងយកកូន។ អ្នកទាំងពីរមានឱកាសមានកូនដូចបំណងក្រោយពីបានទៅប្រឹក្សាជាមួយមន្ទីរពេទ្យសម្ភពមួយនៅក្បែរវិទ្យាល័យព្រះស៊ីសុវត្ថិ៕ វឌ្ឍនា