ខេត្តបាត់ដំបង៖ ស្ត្រីថៅកែភ្នាក់ងារវីង នៅស្រុកមោងឫស្សី ខេត្តបាត់ដំបង ត្រូវបានចៅក្រមអមសាលាដំបូងខេត្តបាត់ដំបងដោះលែងឲ្យមានសេរីភាពស្ងាត់ៗ ដែលប្រការនេះធ្វើឲ្យអតិថិជន ជ្រួលច្របល់យ៉ាងខ្លាំង ដែលអាចនឹងមានបាតុកម្មបិទផ្លូវជាតិលេខ៥ ក្នុងពេលឆាប់ៗនេះ ប្រសិនបើគ្មានដំណោះស្រាយសងលុយកាក់ពួកគាត់ឲ្យបានច្បាស់លាស់ទេនោះ ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០១៧ បន្ទាប់ពីមានបទបញ្ជារបស់ព្រះរាជអាជ្ញាធមសាលាដំបូងខេត្តរួចមក លោកគិត ហ៊ាង អធិការនគរបាលស្រុកមោងឫស្សីបាននាំកម្លាំងចុះទៅឃាត់ខ្លួនស្ត្រីថៅកែផ្ទះវេរលុយវីង ដែលមានយីហោ ចំរើនសុម៉ាលី ដែលមានអ្នកស្រី ជា សុមាលី អាយុ៣២ឆ្នាំ រស់នៅភូមិពោធិ៍១ ឃុំគា ស្រុកមោងឫស្សី ខេត្តបាត់ដំបង ពាក់ព័ន្ធពីបទឆបោក និងរំលោភសេចក្តីទុកចិត្ត ។
ពាក់ព័ន្ធនឹងករណីខាងលើនេះ ប្រភពបានឲ្យដឹងថា មានពាក្យបណ្តឹងពីរបានដាក់ចូលដល់សមត្ថកិច្ច និងតុលាការ ដែលពាក្យបណ្តឹងទី១ គឺជាអ្នករកស៊ីទិញស្រូវ ដែលតែងតែផ្ញើលុយទៅវិញទៅមកតាមរយៈផ្ទះវេរលុយវីងនេះ មានចំនួនទឹកប្រាក់៤០.០០០ដុល្លារ និងបណ្តឹងទី២ គឺពលករខ្មែរធ្វើការនៅប្រទេសថៃ បានវេរលុយមកក្រុមគ្រួសារតាមរយៈផ្ទះវេរលុយវីងខាងលើនេះ មានតម្លៃទឹកប្រាក់ច្រើនជាង៥សែនបាត ។
បើតាមសេចក្តីរាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងថា ដោយមានការដុតដៃដុតជើងពីក្រុមហ៊ុនវីង ស្រ្តី ជា សុម៉ាលី ត្រូវបានដោះលែង ប៉ុន្តែបញ្ហាប្រាក់សំណងចំពោះអតិថិជនមិនទាន់បាននិយាយដល់នោះឡើយ ។ គេនិយាយថា ទង្វើរបស់ក្រុមហ៊ុនវីងគឺច្បាស់ណាស់ថា ជាការរួមចំណែកបោកអតិថិជនជាមួយអ្នកស្រី ជា សុម៉ាលី ក្នុងទំហំទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ ។ ប្រជាពលរដ្ឋក្រីក្រនៃកម្ពុជា ក្នុងខេត្តភាគពាយព្យមួយនេះ ត្រូវក្រុមហ៊ុនវីង សហការជាមួយអ្នកស្រីជា សុម៉ាលី បោកប្រាស់ដោយគ្មានអាណិតអាសូរ ។
បើតាមប្រជាពលរដ្ឋមួយចំនួនដែលបានមកសំកុកសុំបើកលុយរបស់ខ្លួន ដែលកូនផ្ញើមកពីប្រទេសថៃ បាននិយាយថា មានអតិថិជនជាច្រើន ដែលព្យាយាមមកបើកលុយនៅផ្ទះវីងវេរលុយយីហោចំរើនសុម៉ាលី ប៉ុន្តែអ្នកស្រីជា សុម៉ាលី ព្យាយាមមិនព្រមមិនបើកលុយឲ្យ ខណៈដែលលុយទាំងនោះ ត្រូវក្រុមគ្រួសាររបស់ពួកគាត់ធ្វើការបង្ហូរញើសឈាមនៅឯប្រទេសថៃផ្ញើមកឲ្យ ។
ក្រុមប្រជាពលរដ្ឋដែលពាក់ព័ន្ធនឹងការផ្ញើលុយតាមរយៈផ្ទះវីងវេរលុយខាងលើនេះព្រមានធ្វើបាតុកម្មបិទផ្លូវជាតិលេខ៥ ដើម្បីឲ្យម្ចាស់ផ្ទះ និងក្រុមហ៊ុនវីងសងលុយឲ្យពួកគាត់គ្រប់ចំនួនវិញ ។ នៅក្នុងចំណោមម្ចាស់លុយទាំងនោះ អ្នកខ្លះនិយាយដោយចម្ងល់ថា ហេតុអ្វីបានជាសាលាដំបូងបញ្ជាឲ្យសមត្ថកិច្ចចាប់ខ្លួនស្ត្រីជា សុម៉ាលី ហើយដោះលែងវិញ ដោយមិនមានដំណោះស្រាយជូនប្រជាពលរដ្ឋយ៉ាងដូច្នេះ ។
ប្រភពក្រៅផ្លូវការបានឲ្យដឹងថា ការដោះលែងស្ត្រីម្នាក់នេះពីសំណាក់ចៅក្រមស៊ើបសួរ និងជាអនុប្រធានសាលាដំបូងខេត្តបាត់ដំបងដោយយកលេសថា គឺត្រូវដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការ ។ ប៉ុន្តែបើតាមអ្នកច្បាប់ តាមតុកាហ្វេនិយាយថា ករណីរំលោភសេចក្តីទុកចិត្តតាមមាត្រា៣៩១ នៃក្រមព្រហ្មទណ្ឌគឺត្រូវជាប់ពន្ធនាគារចាប់ពី៦ខែដល់៣ឆ្នាំ និងពិន័យជាប្រាក់ពី១លានដល់៦លានរៀល ។
ប្រភពបានឲ្យដឹងថា ស្ត្រីជា សុម៉ាលី បានសារភាពថា ខ្លួនបានទទួលបញ្ញើពីក្រៅប្រទេស(ប្រទេសថៃ) និងក្នុងប្រទេសយ៉ាងច្រើន ហើយមិនបានបើកទៅឲ្យក្រុមគ្រួសារគេនោះមែន ។ ប្រភពបានបន្ថែមថា ស្ត្រីរូបនេះ បាននិយាយថា ខ្លួនស្ទះលុយមិនអាចបើកឲ្យអតិថិជនបានទាន់ពេល ។
តាមសេចក្ដីរាយការណ៍ពីមន្ត្រីនគរបាលស្រុកមោងឫស្សីឱ្យដឹង នៅព្រឹកថ្ងៃទី៥ ខែមករា ថា កម្លាំងសមត្ថកិច្ចបានធ្វើការឡោមព័ទ្ធទីតាំងផ្ទះវីងវេរលុយយីហោ «ចំរើន សុម៉ាលី» ដែលជាប់សង្ស័យពីបទ «ឆបោក» ប្រាក់អស់រាប់លានបាតពីអតិថិជនរបស់ខ្លួន ស្ថិតនៅស្រុកមោងប្ញស្សី ដើម្បីសាកសួរដំណើររឿងសារជាថ្មី ។
បើតាមសេចក្ដីរាយការណ៍ថា ការសម្រេចនាំខ្លួនស្ត្រីខាងលើនេះ មកសាកសួរនាំជាថ្មីនៅពេលនេះ គឺធ្វើឡើងតាមបទបញ្ជារបស់ស្ថាប័នអយ្យការអមសាលាបំបូងខេត្ត និងបន្ទាប់ពីមានប្រជាពលរដ្ឋដែលរងគ្រោះជាច្រើននាក់ បានសម្រុកទៅពាក្យបណ្ដឹងប្រឆាំងនឹងលោកចៅក្រមស៊ើបសួរសាលាដំបូងខេត្ត ដែលបានដោះលែងស្ត្រីឈ្មោះជា សុម៉ាលី (ដែលជាប់សង្ស័យ) ដោយមិនទាន់បានសម្របសម្រួលជាមួយម្ចាស់លុយរាប់សិបនាក់នោះ ។
ស្ត្រីឈ្មោះជា សុម៉ាលី មានអាយុ៣២ឆ្នាំ ជាម្ចាស់ទីតាំងវីងវេរលុយដ៏ធំមួយ នៅក្នុងភូមិពោធិ៍១ ឃុំគារ ស្រុកមោងប្ញស្សី ត្រូវអតិថិជនរបស់ខ្លួនរាប់សិបនាក់ បានដាក់ពាក្យបណ្ដឹងចោទប្រកាន់ថា ប្រើល្បិចបោកប្រាក់សរុបរាប់លានបាត ដែលកូនចៅពួកគាត់ធ្វើការនៅប្រទេសថៃ ផ្ញើមកឱ្យយជារៀងរាល់ខែនោះ ហើយស្ត្រីរូបនេះត្រូវព្រះរាជអាជ្ញាបញ្ជាឲ្យឃាត់ខ្លួន កាលពីព្រឹកថ្ងៃទី០២ មករា កន្លងមក ។
លុះដល់ថ្ងៃទី៤ មករា ក្រោយពីបញ្ជូនដល់តុលាការ និងក្រោយពីសួរនាំ ក៏ត្រូវលោកចៅក្រមស៊ើសួរម្នាក់ បែរជាដោះលែងវិញ ដោយអះអាងថា ដាក់ឱ្យស្ថិតក្រោមការត្រូតពិនិត្យរបស់តុលាការ ។ ប៉ុន្តែការដោះលែងនេះបានធ្វើឱ្យដើមបណ្ដឹងផ្ទុះប្រតិកម្មយ៉ាងខ្លាំង រហូតគំរាមធ្វើបាតុកម្មបិទផ្លូវជាតិលេខ៥ ។
បើតាមប្រភពដដែលបញ្ជាក់ថា សមត្ថកិច្ចបានព្យាយាមហៅស្ត្រីឈ្មោះជា សុម៉ាលី នេះមកសួរនាំជាថ្មី តែស្ត្រីរូបនេះមិនព្រមចេញពីផ្ទះឡើយ ខណ:មានប្រជាពលរដ្ឋដែលជាម្ចាស់លុយរាប់សិបនាក់ កំពុងកញ្ជ្រោលនៅខាងមុខផ្ទះវីងវេរលុយនោះ។
បើតាមប្រភពបានបញ្ជាក់ទៀតថា ការព្យាយាមនាំខ្លួនស្ត្រីរូបនេះមកសួរនាំឡើងវិញ គឺបន្ទាប់ពីមានការអន្តរាគមន៏ពីថ្នាក់កំពូលៗផងដែរ ។ គិតត្រឹមវេលាម៉ោង១២ និង៤៤នាទីថ្ងៃដដែល ស្ត្រីខាងលើនៅតែមិនព្រមចេញពីក្នុងផ្ទះ ដោយបានគន្លឹះពីក្នុងអត់ឱ្យអ្នកណាចូលទៅចាប់គាត់បានទេ ។ ដូច្នេះ សមត្ថកិច្ចត្រូវរង់ចាំដីកាពីព្រះរាជអាជ្ញា ដើម្បីចាត់ការតាមនីតិវិធី ៕ ហេង សូរិយា