ខេត្តបាត់ដំបង៖ រថយន្តកូនរបស់មន្រ្តីនគរបាលអន្តោប្រវេសន៍ម្នាក់ នៅច្រកអន្តជាតិដូង បានបើករថយន្តធ្វើដំណើរមានគ្នា២នាក់បុកត្រាក់ទ័រដឹកផ្ទុកដំឡូងមីសំពីងសំពោងក្នុងទិសដៅស្របគ្នា បណ្តាលឱ្យអ្នកបើករថយន្តដែលជាកូនប្រមន្រ្តីនគរបាលអន្តោប្រវេសន៍ស្លាប់នកន្លែងកើតហេតុចំណែកម្នាក់ទៀតអ្នកធ្វើដំណើរតាមរថយន្ត និងអ្នកធ្វើដំណើរលើត្រាក់ទ័រ៣នាក់ សរុបអ្នករងរបួស៤នាក់បានទទួលរងរបួសធ្ងន់ស្រាល។ហេតការណ៍ឡើងនៅវេលាម៉ោង៦និង៣០នាទីយប់ថ្ងៃទី៥ ខែមករា ឆ្នាំ២០១៧ នៅកំណាត់ផ្លូវជាតិ៥៧ B ស្ថិតក្នុងភូមិតាំងយូ ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង។
លោក ស្រី វុទ្ធី អធិការរងទទួលការងារសណ្តាប់ធ្នាប់ចរាចរណ៍នៃអធិការដ្ឋាននគរបាលស្រុកកំរៀងប្រាប់ឱ្យដឹងថា ជនរងគ្រោះដែលបាត់បង់ជីវិតមានឈ្មោះ លាក់ ម៉ីជីង ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិអូរដាលើ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង បើកបររថយន្តម៉ាកESTIMA ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខនប២-១៦៨១ ។ អ្នកបើកត្រាក់ទ័រមានឈ្មោះ បូ វីបុល ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិផ្លូវប្រាំមួយ ឃុំតាក្រី ស្រុកកំរៀង ទទួលរងរបួសស្រាល។ចំណែកអ្នករងរបួស៣នាក់ទៀតធ្វើដំណើរតាមរថយន្ត និងត្រាក់ទ័រសមត្ថកិច្ចនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយនោះទេ។
លោកអធិការរងបានប្រាប់ឱ្យដឹងទៀតថា មុនពេលកើតហេតុគេឃើញត្រាក់ទ័រពណ៌ខៀវ បានបើកដឹកដំឡូងមីស្ងួតចេញពីចំការយ៉ាងសំពីពោងទាំងមុខទាំងក្រោយ បាំងភ្លើងបំភ្លឺ ខាងក្រោយ អ្នកជិះលើត្រាក់ទ័រទាំងអស់៣នាក់ ក្នុងទិសដៅពីកើតមកលិច។ លុះបន្ទាប់មកស្រាប់តែគេឃើញរថយន្តម៉ាកESTIMA ដែលគេស្គាល់បើកបរដោយកូនប្រុសរបស់មន្រ្តីនគរបាលអន្តោប្រវេសន៍នៅច្រកអន្តរជាតិដូងស្រុកកំរៀង បានបើកធ្វើដំណើរក្នុងល្បឿនលឿនទិសដៅស្របគ្នា។លុះធ្វើដំណើរមកដល់ចំណុចកើតហេតុនៅពេលនោះគេសង្ស័យថារថយន្តម៉ាកESTIMA មើលមិនឃើញត្រាក់ទ័រនៅខាងមុខ ក៏ជ្រុលបុកត្រាក់ពីក្រោយពេញទំហឹងបណ្តាលឱ្យរថយន្ត និងគោយន្តរងការខូចខាតយ៉ាងធ្ងន់។ ក្រោយមកគេឃើញអ្នកបើករថយន្តម៉ាកESTIMA បានស្លាប់គាបជាប់ក្នុងរថយន្ត ចំណែកអ្នករួមដំណើរម្នាក់ទៀតទទួលរងរបួសធ្ងន់ និងអ្នកជិះលើត្រាក់ទ័រ៣នាក់ទទួលរងរបួសធ្ងន់និងស្រាល ដំឡូងមីដឹកផ្ទុកលើត្រាក់ទ័រខ្ទាតខ្ចាត់ខ្ចាយពេញថ្នល់ជាតិ ផងដែរ។បន្ទាប់មកសមត្ថកិច្ចនិងប្រជាពលរដ្ឋបានទៅជួយអន្តរាគមន៍គាស់រថយន្តយកសពជនរងគ្រោះចេញក្រៅរថយន្ត ចំណែកអ្នករងរបួសត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ។
បើតាមប្រភពព័ត៌មានឱ្យដឹងថា ជនរងគ្រោះដែលបាត់បង់ជីវិតមុនពេលកើតហេតុពួកគេទាំង២នាក់ មកពីលេងផ្ទះមិត្តភក្តិ នៅខេត្តបាត់ដំបង។ ក្រោយមកបានបើករថយន្តធ្វើដំណើរក្នុងគោលបំណងត្រឡប់មកផ្ទះវិញនៅស្រុកកំរៀង ធ្វើដំណើរមកចំណុចខាងលើក៏ជួបគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យស្លាប់ និងរងរបួសតែម្តង។
ជុំវិញនៃហេតុការណ៍ខាងលើ បើតាមការសន្និដ្ឋានរបស់សមត្ថកិច្ចមូលហេតុគ្រោះថ្នាក់ចរាចរណ៍ខាងលើរថយន្តបើកបរល្បឿនលឿន ចំណែកត្រាក់ទ័រដឹកផ្ទុកដំឡូងមីសំពីសំពោងបាំងភ្លើងបំភ្លឺខាងក្រោយ។រថយន្តនិងត្រាក់ទ័រទាំង២គ្រឿងក្រោយពីសមត្ថកិច្ចវាស់វែងតាមជំនាញរួចរាល់ហើយ ក៏ស្ទូចអូសយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំរៀងដើម្បីទុកចាត់ការតាមផ្លូវច្បាប់៕ សំ វិច្ឆិកា