ខេត្តកំពង់ធំ៖ មានការភ្ញាក់ផ្អើលទាំងកណ្តាលអធ្រាត្រ ដោយសារតែមានអគ្គីយភ័យ បានឆេះផ្សារក្រវ៉ា ស្ថិតនៅភូមិក្រវ៉ា ឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំអស់ចំនួន៦០តូប កាលពីវេលាម៉ោង១និង៥០នាទីយប់ឈានចូលថ្ងៃទី៦ ខែមករា ឆ្នាំ២០១៧ ។ រថយន្តពន្លត់អគ្គីភ័យ របស់ស្នងការខេត្តកំពង់ធំ និងរថយន្តរបស់ស្រុកបារាយណ៍ ចំនួន៣គ្រឿងបានជួយធ្វើអន្តរាគមន៍ ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា ករណីដែលបង្ករឲ្យមានអគ្គីភ័យឆាបឆេះផ្សារក្រវ៉ានេះ គឺបណ្តាលមកពីមានការដុតភ្លើងភ្នក់នៅក្បែរតូបផ្សារ ក្រោយមក ក៏មានខ្យល់បក់ ធ្វើអោយរងើកភ្លើងប៉ើងទៅ ឆេះតូបផ្សារ ខណៈនោះប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍ ក៏បាននំាគ្នាជួយពន្លត់ តែដោយសារតែពុំមានទឹក ក៏បណ្តាលឲ្យឆេះរាលដាលដល់តូបដទៃៗទៀត ។ គេបានរាយការណ៍ជូនដល់សមត្ថកិច្ចឲ្យជួយអន្តរាគមន៍ តែដោយសារតែរថយន្តពន្លត់អគ្គីភ័យនៅឆ្ងាយ ពីស្នងការខេត្តកំពង់ធំ មកផ្សារក្រវ៉ាប្រមាណ៤៥គីឡូម៉ែត្រ ធ្វើឲ្យអគ្គីភ័យឆេះផ្សារក្រវ៉ាផ្នែកខាងមុខដែលមានប្រមាណ៦០តូប។
តាមការឲ្យដឹងពីលោកស្រី អឹុម សុជា ជំទប់ឃុំទីមួយបានអះអាងថា ករណីភ្លើងឆេះផ្សារក្រវ៉ានេះ បើតាមការមើលជាក់ស្តែងគឺអស់៦០តូប ដែលជាតូបធ្វើអំពីរឈើ ប្រកស័ង្កសី តូបទាំងនេះ លក់អីវ៉ាន់ចាបហួយ កាត់ដេរលក់ផ្លែឈើ លក់បាយ ហាងកាហ្វេ ត្រូវបានឆេះអស់ទាំងស្រុង ខណៈនោះក៏មានរថយន្តពន្លត់អក្គីភ័យរបស់ស្នងការខេត្តកំពង់ធំ ចំនួន២គ្រឿង និងរថយន្តរបស់អធិការស្រុកបារាយណ៍ចំនួន១គ្រឿង សរុប៣គ្រឿង បានប្រើប្រាស់ឡានទឹកអស់ចំនួន៥ ឡាន ទើបអាចគ្រប់គ្រងភ្លើងបាននៅវេលាម៉ោង ៤និង៣០នាទីព្រឹក ។
នៅក្នុងហេតុការណ៍អគ្គីភ័យឆេះផ្សារក្រវ៉ានេះ គេសង្កេតឃើញវត្តមានលោក អ៊ុត សំអន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ បានចុះមកកន្លែងកើតហេតុដើម្បីជួយអន្តរាគមន៍ ក៏ដូចជាថ្ងៃចុង ក្រោយដែលលោក ត្រូវបានផ្ទេរតំណែងអភិបាលខេត្តទៅឲ្យអភិបាលខេត្តថ្មីឡើងកាន់តំណែង នៅរសៀលម៉ោង២ ថ្ងៃទី៦ ខែមករា ឆ្នាំ២០១៧ ក្នុងនោះក៏មានការចូលរួមពីសំណាក់លោក ហាក់ មុងហួត អភិបាលស្រុកបារាណ៍ ព្រមទាំងកម្លាំងផ្នែកសឹករងស្រុកបារាយណ៍ ចំនួន៨នាក់ និងប៉ូលិស ប៉េអឹម និងប្រជាពលរដ្ឋចូលរួមពន្លត់ភ្លើងយ៉ាងសស្រាក់ស្រាំផងដែរ។ តែទោះជាយ៉ាងណានោះនៅវេលាម៉ោង៥ សមត្ថកិច្ច ពុំទាន់អាចសរុបការខូចខាតនៅឡើយទេ ក្នុងនោះដែរ ក៏ពុំមានអ្នកណារងគ្រោះដោយសារតែករណីភ្លើងឆេះនោះទេ៕ ប៊ុន រិទ្ធី