ខេត្តកណ្តាល ៖ ប្រជាពលរដ្ឋបានរិះគន់ ថា អាជ្ញាធរមូលដ្ឋានមិនបានយកចិត្តទុក ដាក់ ហើយក៏បានបណ្តែតបណ្តោយឲ្យក្រុមឈ្មួញរកស៊ីដឹកជញ្ជូនទំនិញគ្រប់ ប្រភេទ ដែលមានចំណុះលើសតោនទាំងតូចទាំងធំតាមច្រករបៀងពីវៀតណាមឆ្លង កាត់ផ្លូវលំ នៅចំណុចវត្តទួលស្បូវ ក្នុង ភូមិលេខ៧ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ទាំងយប់ទាំងថ្ងៃបង្កឲ្យខូច ផ្លូវនេះស្ទើរទាំងស្រុងធ្វើឲ្យប្រជាពលរដ្ឋ រស់នៅតាមដងផ្លូវលំនេះធ្វើដំណើរ ឆ្លងកាត់ ស្ទើរមិនរួច ដែលករណីនេះគឺបណ្តាល មកពីអាជ្ញាធរមូលដ្ឋាន ឃុំស្រុក មើល រំលង ។
ប្រជាពលរដ្ឋបានឲ្យដឹងថា ផ្លូវលំនេះ អាជ្ញាធរទើបតែជួសជុលរួច ក្នុង រយៈពេល ប្រហែលជាង១ខែប៉ុណ្ណោះ ។ បន្ទាប់ មកគេសង្កេតឃើញក្រុមឈ្មួញទាំងតូចទាំងធំបាននាំគ្នាសម្រុកធ្វើសកម្មភាពដឹកជញ្ជូន ទំនិញ គ្រប់ប្រភេទចេញចូលពីវៀតណាម មកកម្ពុជា ពីកម្ពុជាចូលទៅវៀតណាម យ៉ាងគគ្រឹកគគ្រេង ដោយមិនដែលឃើញ អាជ្ញាធរ ឬសមត្ថកិច្ចពិនិត្យទប់ស្កាត់ នោះឡើយ ។ ទង្វើបែបនេះគេសង្ស័យថា ផ្តើមចេញពីអំពើពុករលួយរបស់អាជ្ញា ធរមូលដ្ឋានដែលឃុបឃិតជាមួយក្រុម ឈ្មួញ ទើបបណ្តែតបណ្តោយឲ្យផ្លូវលំ មួយខ្សែនេះខូចខ្ទេច ។
លោក អ៊ុក ស្រន មេឃុំសំពៅពូនបាន ឆ្លើយតបយ៉ាងខ្លីថា លោកបានដឹងដែរ តែលោកមិនដឹង ហាមឃាត់យ៉ាងម៉េច ហើយលោកថា កំពុងជាប់ប្រជុំ នៅខេត្ត ហើយក៏បិទទូរស័ព្ទបាត់ទៅ ។
ប្រជាពលរដ្ឋ សូមអំពាវនាវយ៉ាងទទូច ដល់លោក ម៉ៅ ភិរុណ អភិបាល នៃគណៈ អភិបាល ខេត្តកណ្តាល មេត្តាជួយចុះពិនិត្យ មើលផ្លូវលំ ១ខ្សែ មានប្រវែង៤.៥០០ម៉ែត្រ ដែលជាច្រករបៀងមួយ ត្រូវបានក្រុមឈ្មួញ ធំតូចធ្វើសកម្មភាព ដឹកជញ្ជូនទំនិញលើស តោនបំផ្លាញផ្លូវលំនេះស្ទើរទាំងស្រុង ហើយ សូម្បីតែដើរក៏ដើរមិនរួចផង ៕ ហេង នរិន្ទ្រ