ខេត្តសៀមរាប៖ កាលពីវេលាម៉ោង៤ រសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០១៧ នៅឯ អធិការដ្ឋាននគរបាលក្រុងសៀមរាបបានបើកសន្និសីទកាសែតបង្ហាញមុខជនដៃដល់ ជាឃាតកក្នុងសំណុំរឿងឃាតកម្មអារកសម្លាប់មនុស្ស២នាក់ និងរបួសធ្ងន់ម្នាក់ ដែលប្រព្រឹត្តកាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៧កន្លងទៅក្នុងរាត្រីឆ្លងឆ្នាំសកល នៅចំណុចបន្ទប់ជួលក្នុងភូមិសាលាកន្សែង សង្កាត់ស្វាយដង្គុំ ក្រុង-ខេត្តសៀមរាប។
ជនរងគ្រោះទី១-ឈ្មោះ ឃុន សុយិន ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរបុគ្គលិក ក្រុមហ៊ុនអាហារបំប៉ន មានស្រុកកំណើត នៅស្រុកឈូក ខេត្តកំពត(ស្លាប់), ទី២-ឈ្មោះ វេត រដ្ឋា ភេទប្រុស អាយុ២៥ឆ្នាំ មានស្រុកកំណើតនៅស្រុកអូរជ្រៅ ខេត្ត បន្ទាយមានជ័យ (ស្លាប់) និងទី៣-ឈ្មោះ ឡេង ស្រីពៅ ភេទស្រី អាយុ២៨ឆ្នាំ (រង របួសធ្ងន់)។ ចំណែកជនដៃដល់ឈ្មោះ ជា សុខជៀន ភេទប្រុស អាយុ២៣ឆ្នាំ មាន ស្រុកកំណើតនៅភូមិក្នុង ឃុំស្វាយជ្រំ ស្រុក រលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
សូមបញ្ជាក់ថា ក្រោយពីមានអំពើឃាត កម្មកើតឡើងកម្លាំងនគរបាលផ្នែកព្រហ្ម ទណ្ឌក្រុងសៀមរាបដឹកនាំដោយលោកវរសេនីយ៍ត្រី នួន សក្តិចំរើនរិទ្ធ ក្រោមការ បញ្ជាផ្ទាល់ពីសំណាក់លោកឧត្តមសេនីយ៍ ទោ សត ណាឌី ស្នងការនគរបាលខេត្ត សៀមរាប និងលោកវរសេនីយ៍ឯក ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌនគរបាលបានបែងចែកកម្លាំងពិសេសជា៣ក្រុមសហការជាមួយកម្លាំងនគរបាល រាជធានី-ខេត្តកំពង់ឆ្នាំងស្រាវជ្រាវតាម ប្រមាញ់ចាប់បានជនសង្ស័យនៅស្រុកជីក្រែង ខណៈដែលជនសង្ស័យរូបនេះកំពុង ជិះរថយន្ដតាក់ស៊ីប្រុងបន្ដគេចខ្លួនឆ្ពោះទៅស្រុកកំណើតនៅឯស្រុករលាប្អៀរ កាលពី វេលាម៉ោង៦និង៣០នាទីល្ងាចថ្ងៃទី៤ ខែ មករា ឆ្នាំ២០១៧។
នគរបាលជំនាញបានបន្ថែមថា មូល ហេតុពិតនៃរឿងឃាតកម្មនេះគឺផ្ដើមចេញពីរឿងគំនុំដោយជនសង្ស័យនិងជនរងគ្រោះបានស្គាល់គ្នាតាមហ្វេសប៊ុក ហើយ ខាងជនរងគ្រោះបានប្រាប់ឲ្យចូលបម្រើ ការងារជាបុគ្គលិកក្រុមហ៊ុនអាហារបំប៉ន ដូចពួកគេ ។
ពេលនោះជនដៃដល់យល់ព្រមចូល បម្រើការងារស្រាប់តែក្រុមជនរងគ្រោះបាន ប្រាប់ឲ្យរូបគេបង់ប្រាក់ចំនួន១.៣៥០ ដុល្លារតែជនសង្ស័យមិនមានប្រាក់បង់ឲ្យ ហើយក្រុមជនរងគ្រោះបានបន្ដបង្ខំឲ្យជនសង្ស័យទៅខ្ចីលុយគេ ឬសុំពីគ្រួសារ។ ដោយការបង្ខំឲ្យបង់ប្រាក់បែបនេះហើយ ធ្វើឲ្យជនដៃដល់ខឹងសម្បានិងដោយសារចាញ់បោកពួកគេផងទើបរៀបចំផែនការតែម្នាក់ឯងសម្លាប់ជនរងគ្រោះតែម្ដង។ ជនសង្ស័យបានដាក់ថ្នាំសណ្តំឲ្យជនរងគ្រោះផឹកមុននឹងសម្លាប់ ។
ក្នុងពេលធ្វើសកម្មភាពជនសង្ស័យបាន ប្រើប្រាស់កាំបិតកាប់ទៅលើជនរងគ្រោះទាំង៣នាក់ ហើយជិះម៉ូតូចេញទៅដោយបានយកវត្ថុតាងទៅចោលនៅក្នុងទឹកស្ទឹងព្រៃប្រស់ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ចំណែកទូរស័ព្ទរបស់ជនរងគ្រោះចំនួន៣ គ្រឿងត្រូវបានជនសង្ស័យយកទៅលក់ ១គ្រឿង នៅចំណុចផ្សារ ក្នុងក្រុងស្ទឹងសែន និង២គ្រឿងទៀត ជនសង្ស័យយកទៅលក់ នៅចំណុចភូមិសង់ឃ្លាំង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបាន នគរបាលផ្នែកព្រហ្មទណ្ឌក្រុងសៀមរាប កសាងសំណុំរឿងបញ្ជូនទៅការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ដើម្បីចាត់ការតាម នីតិវិធី ៕ ហេង នរិន្ទ្រ