ភ្នំពេញ៖ អគ្គស្នងការនគរបាលជាតិ លោកនាយឧត្តមសេនីយ៍នេត សារវឿន បានព្រមានថា នឹងមានការចាប់បញ្ជូនមន្ត្រីនគរបាលរបស់ខ្លួនទៅអង្គភាពប្រឆាំងអំពើពុករលួយ ប្រសិនបើអគ្គស្នងការដ្ឋាននគរបាលជាតិ រកឃើញភស្តុតាងថា មន្ត្រីនគរបាលនោះបានប្រព្រឹត្តអំពើពុករលួយយកប្រាក់ខុសច្បាប់ពីកូនចៅក្រោមឱវាទរបស់ខ្លួន និង ការយកប្រាក់ខុសច្បាប់ពីប្រជាពលរដ្ឋជាដើម ។
នៅក្នុងពិធីប្រកាសផ្ទេរភារកិច្ច និង បំពាក់ឋានន្តរស័ក្តិជូននាយនគរបាលថ្នាក់ឧត្តមសេនីយ៍ នៅតាមនាយកដ្ឋាន និងស្នងការដ្ឋាននគរបាលតាមខេត្តមួយចំនួននាព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០១៧ នៅអគ្គស្នង ការដ្ឋាននគរបាលជាតិលោកនាយឧត្តមសេនីយ៍ នេត សាវឿន បានប្រកាសថា ចាប់ពីម៉ោងនេះទៅលោកនឹងចាត់វិធានការតាមច្បាប់ និងអនុវត្តវិន័យនគរបាលជាតិ ក្នុងករណីនគរបាលណារកឃើញភស្តុតាង ថាមានប្រព្រឹត្តអំពើពុករលួយដោយលោក នឹងស្នើចាត់បញ្ជូនមន្ត្រីនគរបាលនោះទៅអង្គភាពប្រឆាំងអំពើពុករលួយដើម្បីចាត់ វិធានការកសាងសំណុំរឿងបញ្ជូនទៅ តុលាការ ។
ការថ្លែងលើកឡើងបែបនេះ បានធ្វើឡើងបន្ទាប់ពីកន្លងមកលោកទទួលបានការរាយការណ៍ថា ប្រធាននាយកដ្ឋានមួយចំនួនបានធ្វើសកម្មភាពកាត់របបថវិកាពី មន្ត្រីក្រោមឱវាទរបស់ខ្លួនដូចជាកាត់របបប្រេងសាំង របបប្រាក់បេសកកម្ម និងប្រាក់ របបនានាទៀត ពិសេសជាងនេះ ការកាត់ប្រាក់របបលើកងកម្លាំងនគរបាលចរាចរនិងការដាក់កុងត្រូលចាំពួនស្ទាក់ផាកពិន័យយកប្រាក់ខុសច្បាប់ជាដើម ។
លោកនាយឧត្តមសេនីយ៍ នេត សាវឿន ក៏បានព្រមានថាសម្រាប់មន្ត្រីនគរបាល ចរាចរដែលប្រចាំការនៅតាមដងផ្លូវចាប់ពីម៉ោងនេះទៅលោកនឹងចាត់វិធានការលែងឲ្យមានការអប់រំទៀតហើយ ពោលគឺមន្ត្រី នគរបាលចរាចរដែលប្រចាំការនៅដងផ្លូវ ត្រូវប្រើប្រាស់ឥរិយាបថឲ្យបានត្រឹមត្រូវ ត្រូវប្តូរចរិតកោសរូសទារប្រាក់ឬទទួលប្រាក់សូកពីប្រជាពលរដ្ឋ ហើយត្រូវប្រើសម្តីសំដៅឲ្យសមរម្យដាក់ប្រជាពលរដ្ឋហើយសម្រាប់បញ្ហានេះ បើនគរបាលធ្វើមិនបានលោកថា បើរកឃើញភស្តុតាងគឺត្រូវបញ្ជូនទៅតុលាការតែម្តង ។
លោកនាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិមានប្រសាសន៍បន្តថា កន្លង មកនគរបាលចរាចរគឺជាកងកម្លាំងមួយ ដែលបានទទួលប្រាក់ឧបត្ថម្ភខាងក្រៅ ច្រើនជាងគេ ដូចជាប្រាក់ឧត្ថម្ភប្រចាំខែពីសម្តេចក្រឡាហោម ស ខេង និងការទទួលប្រាក់ឧបត្ថម្ភពីផាកពិន័យក៏ច្រើនជាងគេនិងប្រាក់ឧបត្ថម្ភនានាបន្ថែមលើប្រាក់បៀវត្ស ប៉ុន្តែបាតុភាព និងទង្វើមិនល្អនានាជាច្រើនរបស់នគរបាលចរាចរនៅមិនទាន់មានការថយចុះនៅឡើយ ។
គួរបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ក្នុង រយៈពេល១សប្តាហ៍ដើមខែមករាឆ្នាំ២០១៧នេះចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ ចរាចរណ៍បានកើនឡើងរហូតដល់ប្រមាណ៧នាក់ បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០១៦ ។
សម្រាប់បញ្ហានេះលោកនាយឧត្តម សេនីយ៍ នេត សាវឿន បានសុំឲ្យនគរបាលចរាចរត្រូវពង្រឹងឡើងវិញ និងចាត់វិធានការឲ្យបានខ្លាំងចំពោះបញ្ហាទី១-ប្រភេទ រថយន្តដឹកអ្នកដំណើរ, ទី២-រថយន្តដឹក កម្មករ និងទី៣-ពង្រឹងត្រួតពិនិត្យអ្នកបើក បរម៉ូតូ ពិសេសការបើកបរក្រោមឥទ្ធិពលស្រវឹងនៅពេលយប់ ។
សូមបញ្ជាក់ថា នាយនគរបាលថ្នាក់ ឧត្តមសេនីយ៍ ដែលត្រូវប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែងនិងបំពាក់ឋានន្ដរស័ក្ដិ ១-លោកឧត្តមសេនីយ៍ឯក សៀន សេន ត្រូវបានផ្ទេរពីប្រធាននាយកដ្ឋានសន្ដិសុខផ្ទៃក្នុងទៅជាប្រធាននាយកដ្ឋានប្រឆាំង បទល្មើសល្បែងពាណិជ្ជកម្ម ២-លោកឧត្តម សេនីយ៍ទោ លឹម សុខារស្មី ត្រូវបានដំឡើង ឋានន្តរស័ក្តិជា ឧត្តមសេនីយ៍ឯក និងតែងតាំងពីអនុប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ ទៅជាប្រធាននាយកដ្ឋាន គ្រប់គ្រងសន្ដិសុខឯកជន ៣-លោកឧត្តម សេនីយ៍ទោ សម វណ្ណវីរៈ ត្រូវបានផ្ទេរពីប្រធាននាយកដ្ឋាននគរបាលការពារបេតិក ភណ្ឌទៅជាប្រធាននាយកដ្ឋានសន្ដិសុខផ្ទៃក្នុង ៤-លោកឧត្តមសេនីយ៍ត្រី លី ឡាយ ត្រូវបានតែងតាំងពីអនុប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនទៅជាប្រធាននាយកដ្ឋាននគរបាលការពារបេតិកភណ្ឌ ៥-លោកឧត្តមសេនីយ៍ទោ ជួង ស៊ាងហាក់ ប្រធាននាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាលត្រូវបានដំឡើងឋានន្តរស័ក្តិជាឧត្តមសេនីយ៍ឯក ៦-លោក ឧត្តមសេនីយ៍ទោ ចាន់ ស៊ីថា ប្រធានអង្គ ភាពអន្តរាគមន៍ត្រូវបានដំឡើងឋានន្តរស័ក្តិ ជាឧត្តមសេនីយ៍ឯក ៧-លោកឧត្តមសេនី យ៍ទោ សិទ្ធិ ប៊ុនធី អនុប្រធានសេនាធិការត្រូវបានដំឡើងឋានន្តរស័ក្តិជាឧត្តមសេនីយ៍ឯក ៨-លោកឧត្តម សេនីយ៍ត្រី ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពតត្រូវបានដំឡើងឋានន្តរស័ក្តិជាឧត្តមសេនីយ៍ទោ ៩-លោក ឧត្តម សេនីយ៍ត្រី កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀងត្រូវបានដំឡើងឋានន្តរស័ក្តិ ជាឧត្តមសេនីយ៍ទោ ១០-លោកឧត្តម សេនីយ៍ត្រី អឹុង សំអុល ស្នងការនគរបាល ខេត្តកែប ត្រូវបានដំឡើងឋានន្តរស័ក្តិជា ឧត្តមសេនីយ៍ទោ ១១-លោកឧត្តមសេនីយ៍ ត្រី ស៊ី គីរី ស្នងការនគរបាលខេត្តព្រះវិហារ ត្រូវបានដំឡើងឋានន្តរស័ក្តិជាឧត្តមសេនីយ៍ទោ ១២-លោកឧត្តមសេនីយ៍ត្រី ជូ សំអាន ស្នងការនគរបាលខេត្តកំពង់ធំត្រូវបាន ដំឡើងឋានន្តរស័ក្តិជាឧត្តមសេនីយ៍ទោ ១៣-លោកឧត្តមសេនីយ៍ត្រី ស្រេង ជា ស្នងការនគរបាលខេត្តព្រៃវែងត្រូវបានដំឡើង ឋានន្តរស័ក្តិជា ឧត្តមសេនីយ៍ទោ ១៤-លោក ឧត្តមសេនីយ៍ត្រី លន់ សុផាត ស្នងការនគរបាលខេត្តក្រចេះត្រូវបានដំឡើងឋានន្តរស័ក្តិជាឧត្តមសេនីយ៍ទោ ១៥-លោកឧត្តម សេនីយ៍ត្រី អេង គឹមហៃ អនុប្រធាននាយក ដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចត្រូវបានដំឡើងឋានន្តរស័ក្តិជាឧត្តមសេនីយ៍ទោ ៕ តាឡឹម