ខេត្តបាត់ដំបង៖ ជនសង្ស័យគ្រឿងញៀនចំនួន៤នាក់ ត្រូវបានកម្លាំងអាវុធហត្ថស្រុកកំរៀងបង្រ្កាបចាប់ឃាត់ខ្លួនខណៈដែលជនសង្ស័យកំពុងធ្វើសកម្មភាពប្រព្រឹត្តបទល្មើសលក់ចែកចាយនិងប្រើប្រាស់គ្រឿងញៀនខុសច្បាប់កាលពីរសៀលថ្ងៃទី៨ ខែមករា ឆ្នាំ២០១៧ នៅចំណុចភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។
ជាមួយនិងការបង្រ្កាបចាប់ឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចឆែកឆេរ រកឃើញដកហូតបានថ្នាំញៀនមេតំហ្វេតាមីន wy ចំនួន១០៤គ្រាប់ និងឧបករណ៍ប្រើប្រាស់ថ្នាំញៀនមួយចំនួនផងដែរ។
ការបង្រ្កាបជនសង្ស័យគ្រឿងញៀននោះដែរ ក្រោយពីលោកឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណៈ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង បានបើកកិច្ចប្រជុំនិងដាក់ផែនការដល់កងកម្លាំងអាវុធហត្ថគ្រប់ផ្នែកនិងជំនាញក្រោមឳវាទទាំងអស់ ត្រូវអនុវត្តកិច្ចការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនឱ្យមានប្រសិទ្ធភាពខ្ពស់ ក្នុងខេត្តបាត់ដំបង ដើម្បី អនុវត្តតាមគោលការណ៍នៃការដាក់ចេញដោរាជរដ្ឋាភិបាលកម្ពុជា ទៅលើវិធានការបង្រ្កាប គ្រឿងញៀនលក្ខណៈទ្រង់ទ្រាយធំ ទូទាំងប្រទេស ឱ្យទទួលបានជោគជ័យ។
ជនសង្ស័យគ្រឿងញៀនទាំង៤នាក់ ត្រូវបានអាវហត្ថស្រុកកំរៀងបង្ហាញអត្តសញ្ញាណ ឱ្យដឹងថា ១,ឈ្មោះ ស៊ូ ខឿន ភេទប្រុស អាយុ៥១ឆ្នាំ ប្រកបមុខរបរធ្វើចំការ រស់នៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ២,ម៉ែន រ៉ាវី ភេទប្រុស អាយុ២៩ឆ្នាំ ប្រកបមុខរបរកម្មករ រស់នៅភូមិកណ្តាល ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង ៣,ឈុន សុភាព ភេទប្រុសអាយុ ៣២ឆ្នាំ ប្រកបមុខរបរកម្មករ មានស្រុកកំណើតនៅស្រុកព្រៃឈរ ខេត្តកំពង់ចាម ស្នាក់នៅបណ្តោះអាសន្ននៅស្រុកកំរៀង និង៤,វ៉ាន់ វុទ្ធី ភេទប្រុស អាយុ១៧ឆ្នាំ ប្រកបមុខរបរកម្មករ រស់នៅភូមិអូរដាលើ ឃុំបឹងរាំង ស្រុកគំរៀង ខេត្តបាត់ដំបង។
ជនសង្ស័យគ្រឿងញៀនទាំង៤នាក់សេចក្តីរាយការណ៍ឱ្យដឹងថា ពួកគេត្រូវបានកម្លាំងអាវុធហត្ថស្រុកកំរៀង ចាប់បញ្ជូនទៅកាន់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបាត់ដំបង ដើម្បីយកទៅចាត់ការតាមផ្លូវច្បាប់នោះហើយ៕សំ វិច្ឆិកា