ព័ត៌មានទាន់ហេតុការណ៍៖

ញឹម ចាន់ថន ថាមួយជីវិតនឹងស្ម័គ្រចិត្តជួយសង្គម និងសិល្បៈ

ចែករំលែក៖

ភ្នំពេញ៖ តារាចម្រៀង និងសម្តែង ញឹម ចាន់ថន បានធ្វើឲ្យគេភ្ញាក់ផ្អើលជាមួយនឹងស្នាដៃសិល្បៈ ពិសេសសកម្មភាពជួយសង្គមរបស់នាងកន្លងមករហូតទទួលបានមេដាយកិត្តិយសថ្នាក់ជាតិពីប្រមុខរដ្ឋាភិបាលកម្ពុជាទៀតផង។

តារាស្រីរូបនេះលើកឡើងថា នាងនឹងបន្តចូលរួមស្ម័គ្រចិត្តចូលរួមចំណែកក្នុងកិច្ចការងារសង្គមឲ្យបានកាន់តែច្រើន តាមរយៈការច្រៀង សម្តែង និងចែករំលែកថវិកាតាមលទ្ធភាព។

តារាចម្រៀងញឹម ចាន់ថនទើបនឹង ទទួលបានគ្រឿងឥស្សរិយយសពីរដ្ឋាភិបាលបន្ទាប់ពីនាងបានចំណាយកម្លាំងកាយចិត្តនិងពេលវេលាចូលរួមលើកកម្ពស់សកម្មភាពមនុស្សធម៌នៅក្នុងសង្គមពិសេសជុំវិញការជំរុញ និងផ្សព្វផ្សាយឲ្យមហាជនបានយល់ពីបញ្ហាអំពើពុករលួយ។

កញ្ញាញឹម ចាន់ថន លើកឡើងថា នាងទទួលបានគ្រឿងឥស្សរិយយសជាច្រើនលើកច្រើនសារមកហើយ ប៉ុន្តែលើកនេះនាងរំភើបចិត្តជាងគ្រាកន្លងទៅ។ នាងបន្តថា ដែលបានធ្វើការស្ម័គ្រចិត្តសកម្មភាពសិល្បៈជាមួយអង្គភាពប្រឆាំងអំពើពុករលួយរយៈពេល៤ឆ្នាំមកហើយនោះទទួលបានគ្រឿងឥស្សរិយយសបន្តបន្ទាប់គ្នាហើយឆ្នាំនេះនាងទទួលបានគ្រឿងឥស្សរិយយសមុនីសារាភណ្ឌថ្នាក់ធិបឌិន្ទដែលចុះហត្ថលេខាដោយសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

តារាស្រីរូបនេះលើកឡើងថា មិនត្រឹមតែកម្មវិធីនេះទេកន្លងមកនាងតែចូលរួមច្រើនជាមួយនឹងសិល្បករសិល្បការិនីក្នុងការងារសង្គមជាច្រើនដូចជាជួយសិល្បករចាស់ជរា មានជំងឺ ក្មេងកំព្រា ជនក្រីក្រជាដើម ដែលពេលខ្លះសូម្បីតែ នាងមមាញឹកនឹងការងារសិល្បៈក៏នាងឆ្លៀតផ្ញើថវិកាចូលរួមដែរ។ នាងថាវាគឺជាអ្វីដែលចេញពីទឹកចិត្តចូលរួមដល់កិច្ចការសង្គមដោយមិនគិតពីការនឿយហត់ហើយនាងពិតជាចង់ឲ្យសិល្បករល្បីឈ្មោះកាន់តែច្រើនចូលរួមកម្មវិធីនេះដើម្បីប្រយោជន៍ជាតិ ហើយនាងនឹងនៅតែបន្តស្ម័គ្រចិត្តចូលរួមសកម្មភាពនានារបស់សង្គមទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន។

នាងក៏សំណូមពរឲ្យសិល្បករសិល្បការិនីជាច្រើនទៀតបន្តសាមគ្គីគ្នា និងចូលរួមស្ម័គ្រចិត្តនូវកិច្ចការងារណាដែលអាចជាប្រយោជន៍ជាតិ ប្រយោជន៍ប្រជាជន៕ វឌ្ឍនា

unnamed-1 unnamed-2 unnamed-3


ចែករំលែក៖