ខេត្តកណ្តាល ៖ បុរសមានសតិមិនប្រក្រតីម្នាក់បានចងក សម្លាប់ខ្លួនដោយមិនដឹងពីមូលហេតុកាលពីវេលាម៉ោង២រសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ចំណុចភូមិតារាបដូនស ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងអាជ្ញាធរមូលដ្ឋាន ។
ប្រភពព័ត៌មានពីមន្រី្តនគរបាលស្រុកកៀនស្វាយបានឲ្យដឹងថា បុរសចងក ធ្វើអត្តឃាតនេះមានឈ្មោះ ហ៊ន ធារ៉ាត់ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិ ឃុំ កើតហេតុខាងលើ ។
តាមសម្តីអ្នកជិតខាងបានប្រាប់ថាមុនពេលកើតហេតុគឺនៅថ្ងៃ ជនរងគ្រោះឈ្មោះហ៊ន ធារ៉ាត់បានអង្គុយហូបនំប៉ាវនៅក្នុងផ្ទះរបស់ខ្លួនជាធម្មតា តែក្រោយមកដោយសារគាត់មានសតិ មិនប្រក្រតី ក៍បានលួចយកក្រមាអំបោះពណ៌ខ្មៅ ខៀវក្រហមមកចងកសម្លាប់ខ្លួននៅនិងផ្ទោងដំបូលសំយាបផ្ទះរបស់ខ្លួន ដែលមានកំពស់ ពីដំបូលមកដី ០២ម៉ែត្រមួយតឹក បណ្ដាលឲ្យស្លាប់ ដោយគ្មានអ្នកណាដឹងឡើយ ។
បន្ទាប់មកសមត្ថកិច្ចជំនាញស្រុកកៀនស្វាយដោយមានការចូលរួមពីក្រុមគ្រួសារសព នគរបាលប៉ុស្តិ៍គគីរ លោកអនុប្រធានភូមិតារាបដូនស ក្រុមប្រឹក្សាឃុំគគីរ ពេទ្យបង្អែកឃុំបានចុះទៅធ្វើកោសល្យវិច័យដល់លំនៅដ្ឋានហើយ បានបញ្ជាក់ថា ឈ្មោះ ហ៊ន ធារ៉ាត់ ពិតជាស្លាប់ដោយសារចងកប្រាកដមែន។ ក្រោយពីធ្វើការពិនិត្យនិងធ្វើកោសល្យវិច័យរួច សមត្ថកិច្ចបានប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ប្រាថ្នា