ខេត្តកណ្តាល : ដើម្បីឈានទៅលុបបំបាត់ឧករណ៍នេសាទខុសច្បាប់ ដែលពុំមានចែងក្នុងតារាងឧបសម្ព័ន្ធរបស់ក្រសួងកសិកម្ម ស្តីពីការកំណត់អោយប្រើឧបករណ៍នេសាទនោះ… មួយរយៈកន្លងទៅនេះ សមត្ថកិច្ចជលផលនៅក្នុងខេត្តកណ្តាល ចាប់ពីថ្នាក់ខណ្ឌរហូតដល់សង្កាត់ សហការជាមួយអាជ្ញាធរមូលដ្ឋាន បានបើកប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទជាបន្តបន្ទាប់ នៅតាមបណ្តាស្រុកទាំង១១ទូទាំងខេត្ត រឹបអូសបានឧបករណ៍នេសាទខុសច្បាប់ជាច្រើនប្រភេទយកមកដុតកម្ទេចចោល ។
ជាក់ស្តែងកាលពីព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ នេះកម្លាំងចម្រុះបានចុះបង្ក្រាបបទល្មើសនេសាទម្តងទៀតនៅក្នុងភូមិសាស្ត្រស្រុកស្អាងរឹមអូសបានឧបករណ៍នេសាទខុសច្បាប់ជាច្រើនប្រភេទរួមមានអួនស្បៃមុងរាប់ពាន់ម៉ែត្រយកមកដុតកម្ទេចចោល រួមនិងឧបករណ៍ខុសច្បាប់មួយចំនួនទៀត ។
នៅរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧លោកវិត ធារិទ្ធ នាយខណ្ឌរដ្ឋបាលជលផលកណ្តាលបានប្រាប់ដូច្នេះថា ករណីដែលកម្លាំងចម្រុះបើកប្រតិបត្តិការជាបន្តបន្ទាប់បង្ក្រាបបទល្មើសនេសាទនៅតាមបឹងបួរ តាមព្រែកនេះគឺដើម្បីការពារធន់ធានមច្ឆារជាតិ ការពារតំបន់ព្រៃលិចទឹកដែលជម្រកសម្រាប់ត្រីពង-កូន និងមួយផ្នែកទៀតទប់ស្កាត់កុំអោយមានការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ដូចជាអួនស្បៃមុង ,សៃយ៉ឺនស្បៃមុង និងឧបករណ៍ឆក់ត្រីជាដើម ដែលឧបករណ៍ទាំង៣ប្រភេទនេះបំផ្លាញមច្ឆារជាតិខ្លាំងណាស់….។ ការប្រើប្រាស់ឧបករណ៍នេសាទណាផ្ទុយពីតារាងឧបសម្ព័ន្ធស្តីពីការកំណត់អោយប្រើប្រាស់ឧបករណ៍នេសាទ របស់ក្រសួងកសិកម្មនិងត្រូវចាប់យកមកដុតកម្ទេចចោលទាំងអស់….។
លោកនាយខណ្ឌបានបន្តថា ការបង្ក្រាបបទល្មើសនេសាទកន្លងមកកម្លាំងចម្រុះបានជួបនូវបញ្ហាប្រឈមជាច្រើនដូចជាអាកាសធាតុមិនអំណោយផលចុះបង្ក្រាបទាំងប្រថុយនិងគ្រោះថ្នាក់ , មានការតតាំងពីសំណាក់ប្រជានេសាទដែលប្រកបមុខរបរនេសាទដើម្បីចិញ្ចឹមជីវិតតែពុំដែលកើតមានហឹង្សានោះទេ…ពេលជួបសកម្មភាពរារាំងពីសំណាក់ប្រជានេសាទ កម្លាំងចម្រុះបានធ្វើការពន្យល់ណែនាំអោយពួកគាត់បានយល់ពីការប្រើប្រាស់ឧបករណ៍នេសាទ…។ ដោយឡែកអ្នកប្រើប្រាស់ឧបករណ៍ឆក់វិញបើគិតពីផ្លូវច្បាប់ត្រូវជាប់ពន្ធនាគារដូចអ្នកប្រព្រិត្តិបទល្មើសផ្សេងៗដែរ…ប៉ុន្តែពេលចាប់ខ្លួនបានម្តងៗពិបានក្នុងការចាត់ការតាមផ្លូវច្បាប់ណាស់…ដោយសារកត្តាជីវភាពជាសំខាន់….ដូច្នេះហើយសមត្ថកិច្ចជលផលតម្រូវអោយធ្វើកិច្ចសន្យា និងអប់រំអោយត្រឡប់ទៅផ្ទះវិញបន្ទាប់ពីមានការអនុញ្ញាតិពីលោកព្រះរាជអាជ្ញា ។ ថ្មីៗនេះមានការបង្ក្រាបឧបករណ៍នេសាទខុសច្បាប់នៅស្រុកស្អាង គឺឧបក រណ៍នេសាទទាំងនោះពុំមានចែងនៅក្នុងតារាងឧបសម្ព័ន្ធស្តីពីការកំណត់អោយប្រើប្រាស់ឧបករណ៍នេសាទរបស់ក្រសួងកសិកម្មនោះឡើយដូច្នេះហើយត្រូវតែបង្ក្រាបព្រោះឧបករណ៍នេសាទដែលច្បាប់ហាមឃាត់គឺបំផ្លាញធន់ធានមច្ឆារខ្លាំងណាស់ ។
ដោយឡែកការនេសាទដាក់ដាយនៅក្នុងទន្លេក៍ក្រសួងកសិកម្មបានកំណត់អោយដែរទៅតាមគន្លងនីមួយៗមិនមែនចេះតែដាក់ទៅតាមការចង់បាននោះទេ….ហើយគន្លងសម្រាប់ដាក់ដាយនេះបែងចែកជា៣ប្រភេទ,ទី១-ដាយដេញថ្លៃ , ទី២-ដាយវិនិយោគ និងទី៣-ដាយស្រាវជ្រាវ….ដូច្នេះសូមកុំអោយមានការយល់ច្រឡំ ។
ជាមួយគ្នានេះដែរសូមបងប្អូនប្រជានេសាទចូលរួមជាមួយសមត្ថកិច្ចជំនាញជលផលក្នុងការប្រើប្រាស់ឧបករណ៍នេសាទស្របទៅតាមច្បាប់កំណត់ដើម្បីរួមចំណែកក្នុងការការពារធន់ធានមច្ឆារជាតិរបស់យើង ៕ សណ្តោស