ព័ត៌មានទាន់ហេតុការណ៍៖

បទល្មើសនេសាទនៅបឹងធំស្រុកព្រៃឈរកើតយ៉ាងគគ្រឹកគគ្រេង

ចែករំលែក៖

ខេត្តកំពង់ចាម ៖ ប្រជាពលរដ្ឋឃុំមៀន ស្រុកព្រៃឈរមើលឃើញថា បទល្មើស នេសាទខុសច្បាប់ដូចជាឆក់ត្រជាក់អូសអួន និងលូស្បៃមុងនៅតែកើតមានឡើងដោយគ្មានការទប់ស្កាត់ឱ្យមានប្រសិទ្ធភាពនោះឡើយ។ ប្រធានសហគមន៍នេសាទ នៅឃុំមៀនបញ្ជាក់ថា បទល្មើសនេសាទ ពិតជាកើតមានប្រាកដមែន ។

ប្រជាពលរដ្ឋនៅឃុំមៀនស្នើឱ្យមន្ត្រី ជំនាញ ឬអាជ្ញាធរពាក់ព័ន្ធជួយចាត់វិធានការលើករណីបទល្មើសនេសាទនៅតំបន់បឹងធំដើម្បីធានាដល់ការរក្សាពូជត្រីឱ្យនៅគង់វង្សដល់មនុស្សជំនាន់ក្រោយ។ បន្ថែម ពីនេះដើម្បីផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋដែលរករបរនេសាទដោយប្រើ ប្រាស់ឧបករណ៍ស្របច្បាប់និងជាលក្ខណៈ គ្រួសារជាដើម ។

លោក រ៉េន រ៉ាន ប្រជាពលរដ្ឋនៅភូមិ កំពង់សំរិទ្ធិ ឃុំមៀនបានឲ្យដឹងថា បទល្មើស នេសាទរួមមានការប្រើប្រាស់ឧបករណ៍ ឆក់ត្រជាក់ប្រមាណ៦វង់កំពុងតែធ្វើសកម្ម ភាពរាល់ថ្ងៃហើយលូស្បៃមុងរាប់រយម៉ែត្រក៏នៅតែបន្តកើតមាននៅក្នុងតំបន់បឹងធំ ដដែល ។ លោកបន្តថា អាជ្ញាធរ ឬមន្ត្រី ជំនាញមានវិធានការខ្លះដែរ ប៉ុន្តែពុំមាន ប្រសិទ្ធភាពឡើយ ។

បឹងធំជាបឹងមួយដែលមានទទឹងប្រវែង ប្រមាណ៤គីឡូម៉ែត្រនិងបណ្តោយប្រមាណ ៨គីឡូម៉ែត្រជាប់ស្រុកចំនួន៣នៅក្នុងខេត្តកំពង់ចាមរួមមានស្រុកកងមាស ស្រុក កំពង់សៀម និងស្រុកព្រៃឈរ។ បឹងនេះគឺជាផ្នែកមួយជួយសម្រួលដល់ជីវភាពរស់នៅរបស់ពលរដ្ឋរាប់រយគ្រួសារដែលរស់ ពឹងផ្អែកទៅលើមុខរបរនេសាទ ។

ប្រធានសហគមន៍នេសាទសាមគ្គី ឃុំ មៀនលោក ម៉ុន ឆៃលាង បានមាន ប្រសាសន៍ថា បទល្មើសលូស្បៃមុងពិតជាកើតឡើងប្រាកដមែន។ ចំណែកអួនមាន មួយវង់ប៉ុន្តែឆក់ត្រជាក់មិនទាន់ឃើញមានទេ ព្រោះទឹកបឹងជ្រៅនៅឡើយ។ លោក បន្ថែមថា ទិន្នផលត្រីនៅឆ្នាំនេះសម្បូរជាងឆ្នាំមុន ប៉ុន្តែលោកបារម្ភខ្លាចទិន្នផលត្រី អាចនឹងថយចុះប្រសិនបើបទល្មើសនៅតែ កើតមានឡើងបន្តទៀតនោះ ។

ប្រធានសហគមន៍នេសាទរូបនេះនឹង បន្តចុះបង្ក្រាបបន្ថែមទៀតប្រសិនបើមាន កិច្ចសហការជាមួយអាជ្ញាធរ ឬមន្ត្រីជំនាញ ប៉ុន្តែលោកថា ខាងសហគមន៍ជួបបញ្ហា ប្រឈមមួយចំនួន ពីព្រោះមិនមានសិទ្ធិ អំណាចចុះបង្ក្រាបដោយផ្ទាល់ទេ ពោលគឺបានត្រឹមរាយការណ៍ទៅមន្ត្រីជំនាញ ឬ អាជ្ញាធរប៉ុណ្ណោះ ។

នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ ចាមលោក អ៊ុក ណារិន មានប្រសាសន៍ថា បទល្មើសនេសាទនៅតំបន់បឹងធំខាងមន្ត្រីជំនាញតែងតែបង្ក្រាបជាហូរហែ ព្រមទាំងផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋទាំងឡាយ ដែលរករបរខុសច្បាប់ឱ្យពួកគាត់ត្រឡប់ មកនេសាទដោយប្រើឧបករណ៍ស្របច្បាប់ វិញ ប៉ុន្តែមានករណីនេសាទខុសច្បាប់ដោយ លួចលាក់ខ្លះដែរ។ ប៉ុន្តែទោះជាយ៉ាងនេះក្តីក៏លោកសង្កេតឃើញថា បទល្មើសឆ្នាំនេះហាក់ថយចុះច្រើនជាងពេលមុនហើយអួនត្រជាក់គឺមិនមានទេ ប៉ុន្តែមានករណីអូស អួនធម្មតា ។

មន្ត្រីជំនាញដដែលបញ្ជាក់ថា នៅឆ្នាំ ២០១៦អាជ្ញាធរខេត្តកំពង់ចាមបង្ក្រាបបទល្មើសនេសាទបាន១៧៨ករណី។ បន្ថែមពី នេះមន្ត្រីជំនាញបានសម្រេចបញ្ជូនជន សង្ស័យទៅតុលាការចំនួន៤ករណីដែលមានមនុស្សចំនួន៤នាក់ ។ ក្រៅពីនេះយើង បានរឹបអូសនិងបំផ្លាញលូស្បៃមុងជាង២ពាន់មាត់ ហើយរបាំងស្បៃមុងមានប្រវែងជាង៧ម៉ឺនម៉ែត្រទៀតផង ៕ ហេង សូរិយា

kcham


ចែករំលែក៖