ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលអន្តោប្រវេសន៍ច្រកអន្តរជាតិអូរស្មាច់កាន់តែប្រព្រឹត្តអំពើពុករលួយក្រោយអភិបាលខេត្តព្រមាន

ចែករំលែក៖

ខេត្តឧត្តរមានជ័យ ៖ នគរបាលអន្តោ ប្រវេសន៍ប្រចាំនៅច្រកអន្តរជាតិអូរស្មាច់ខេត្តឧត្តរមានជ័យ លោកវរសេនីយ៍ឯកខូង ទីន និងមន្ត្រីរបស់ខ្លួននៅតែបន្តគាបសង្កត់ កេងប្រវ័ញ្ចយកប្រាក់ពីប្រជាពលរដ្ឋក្រីក្រនិងអ្នកជំងឺដែលបានទៅព្យាបាលអាការរោគនៅឯប្រទេសថៃ តាមរយៈការផ្ដល់ បណ្ណឆ្លងដែន Borde Pass ដោយតម្រូវឲ្យ ពលរដ្ឋទាំងអស់ដែលបានទៅធ្វើបណ្ណឆ្លងដែនបង់ប្រាក់លើសសៀវភៅបន្ទុក ។

ការប្រព្រឹត្តល្មើសច្បាប់របស់អង្គភាព អន្តោប្រវេសន៍ប្រចាំនៅច្រកអន្តរជាតិអូរស្មាច់ក៏ត្រូវបានលោកសរ ថាវី អភិបាលនៃ គណៈអភិបាលខេត្តឧត្តរមានជ័យកោះប្រជុំ ជាបន្ទាន់មួយ កាលពីពេលកន្លងទៅថ្មីៗ ដោយលោកបានដាក់ការព្រមានទៅលើស្ថាប័នពាក់ព័ន្ធនៅច្រកទ្វារអូរស្មាច់ក្រោយពីមានការបែកធ្លាយរឿងអាស្រូវនៃអំពើពុក រលួយធ្ងន់ធ្ងរ ។

ផ្ទុយទៅវិញស្ថាប័នពាក់ព័ន្ធប្រចាំការនៅច្រកទ្វារអន្តរជាតិអូរស្មាច់មិនបានគោរពនិងអនុវត្តអនុសាសន៍របស់លោកអភិបាល ខេត្តនោះឡើយ ថែមទាំងផ្គើនជាងមុនដោយស្ថាប័នទាំងនោះនៅតែបន្តធ្វើការគាបសង្កត់កេងប្រវ័ញ្ចធ្វើបាបមកលើពលរដ្ឋក្រីក្រនិងអ្នកជំងឺដដែល ។ នេះក៏ដោយសារតែការប្រព្រឹត្តអំពើពុករលួយរបស់នគរបាល អន្តោប្រវេសន៍នៅច្រកទ្វារអូរស្មាច់បានធ្វើឡើងជាលក្ខណៈប្រព័ន្ធហើយសកម្មភាពទាំងនេះបានប្រែក្លាយទៅជាទម្លាប់ទៅ ហើយដោយការប្រព្រឹត្តអំពើពុករលួយ មួយនេះបានធ្វើឡើងច្រើនឆ្នាំមកហើយ ។

អ្នកជំងឺមកពីខេត្តសៀមរាបនិងពលករ ដែលបានធ្វើបណ្ណព្រំដែនសម្រាប់ប្រើប្រាស់ឆ្លងដែនទៅប្រទេសថៃបានលើកឡើង ស្រដៀងគ្នាថាពួកគេបានបង់លុយចំនួន៧ម៉ឺនរៀលក្នុងម្នាក់ដែលតម្លៃនេះត្រូវបានគេដឹងថាគឺតម្លៃទ្វេគុណនៃតម្លៃក្រសួងដែល បានកំណត់ ។

ជុំវិញករណីខាងលើលោក ខូង ទីន ប្រធានការិយាល័យនគរបាលអន្តោ ប្រវេសន៍ច្រកទ្វារអូរស្មាច់ ។ ភ្នាក់ងារយក ព័ត៌មាននគរវត្តមិនអាចសុំការបំភឺ្លបានទេពីព្រោះទូរស័ព្ទចូលតែមិនមានអ្នកទទួល ៕ ប៉ែន នួន

oddor


ចែករំលែក៖