ព័ត៌មានទាន់ហេតុការណ៍៖

ប្ដីស្ត្រីស្លាប់ដោយការកែសុដន់មិនទាន់ទទួលបានយុត្តិធម៌

ចែករំលែក៖

ភ្នំពេញ ៖ សំណុំរឿងស្ត្រីម្នាក់ស្លាប់ក្រោយពីវះកាត់កែសុដន់ដោយក្រុមគ្រូ ពេទ្យនៅគ្លីនិក ឌឺ បូតេ (De Beaut Clinic) ក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញកាលពី ខែវិច្ឆិកា ឆ្នាំ២០១៦ រហូតមកទល់ពេលនេះ ប្តីស្ត្រីរងគ្រោះអះអាងថា មិនទាន់ទទួល បានយុត្តិធម៌ ឬសំណងពីម្ចាស់គ្លីនិកនៅ ឡើយទេ។ ផ្ទុយទៅវិញពួកគេទទួលព័ត៌ មានថា គ្លីនិកដែលបង្កគ្រោះថ្នាក់នោះកំពុង រៀបចំបើកអាជីវកម្មឡើងវិញទៀតផង ។

លោក ផៃ វាសនា ប្តីស្ត្រីរងគ្រោះនិយាយ ថា ក្រុមគ្រួសារលោកនិងសាច់ញាតិនឹងលើកគ្នាមកតវ៉ាប្រសិនបើអាជ្ញាធរឬតុលាការធ្វើមិនដឹងមិនឮ ហើយអនុញ្ញាតឲ្យគ្លីនិក ដែលធ្វើឲ្យប្រពន្ធលោកស្លាប់នោះអាចបើក ដំណើរការអាជីវកម្មឡើងវិញដោយមិនស្វែងរកយុត្តិធម៌ឲ្យក្រុមគ្រួសារលោកជា មុននោះទេ ។

គួរបញ្ជាក់ថា កាលពីពាក់កណ្ដាលខែ វិច្ឆិកាស្ត្រីឈ្មោះ រស់ សុខនី បានធ្វើដំណើរ ពីខេត្តក្រចេះមករាជធានីភ្នំពេញដើម្បីទទួល ការវះកាត់កែសុដន់នៅមន្ទីរពេទ្យគ្លីនិក ឌឺ បូតេ ឋិតនៅសង្កាត់ទួលសង្កែ ខណ្ឌ ឫស្សីកែវ រាជធានីភ្នំពេញក្រោយពីបាន ទាក់ទងជាមួយគ្លីនិកនិងផ្ដល់តម្លៃវះកាត់ ចំនួន៣ពាន់ដុល្លារអាមេរិក។ ប៉ុន្តែក្រោយ ទទួលបានការវះកាត់ ពោលគឺនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ត្រីវ័យ៣៦ឆ្នាំរូបនេះ បានស្លាប់។ ក្រោយពេលស្លាប់នោះក្រុម គ្រួសារជនរងគ្រោះបានប្ដឹងទៅកាន់សមត្ថកិច្ចមួយថ្ងៃក្រោយមកសមត្ថកិច្ចរួមជាមួយមន្ត្រីសុខាភិបាល និងតុលាការផងបានចុះពិនិត្យដល់ទីតាំងគ្លីនិកវះកាត់ ។

ក្រោយការចុះពិនិត្យសមត្ថកិច្ចអះអាងថា គ្លីនិក ឌឺ បូតេ មានអាជ្ញាប័ណ្ណប្រកប អាជីវកម្មត្រឹមត្រូវ ប៉ុន្តែរកឃើញថាបន្ទប់វះកាត់គ្មានបច្ចេកទេស ឆ្លងមេរោគ និងការ ប្រើឱសថគ្មានបច្ចេកទេស។ សមត្ថកិច្ចក៏ សម្រេចឲ្យបិទគ្លីនិក ឌឺ បូតេ តាំងពីពេល នោះមក ប៉ុន្តែនាយកគ្លីនិកឈ្មោះ ផែ ថុង និងក្រុមគ្រូពេទ្យពាក់ព័ន្ធមិនទាន់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅឡើយដោយសារពេលចុះពិនិត្យនោះពួកគេមិនឋិតនៅក្នុង គ្លីនិកនោះឡើយ ។

ប្តីស្ត្រីរងគ្រោះលោក ផៃ វាសនា អះអាង ថា រហូតមកទល់ពេលនេះក្រុមគ្រួសារលោកមិនទទួលបានព័ត៌មានអ្វីបន្តិចឡើយ ពីសមត្ថកិច្ច ឬថាតើតុលាការនឹងមាន ចំណាត់ការយ៉ាងណានោះ? លោកថា នៅ តែបន្តទាមទាររកយុត្តិធម៌ឲ្យភរិយា និងឲ្យគ្លីនិកដែលធ្វើឲ្យភរិយាលោកស្លាប់ទទួលខុសត្រូវចំពោះអ្វីដែលបានកើតឡើង។

លោកថា ប្រសិនបើគ្លីនិក ឌឺ បូតេ បើកដំណើរការឡើងវិញដូចព័ត៌មានលោក ទទួលបាននោះសាច់ញាតិលោកនឹងឡើង មកភ្នំពេញទាមទារមិនឲ្យបើកឡើងវិញឡើយដរាបណាក្រុមគ្រួសារលោកមិនទាន់ ទទួលបានយុត្តិធម៌តាមផ្លូវច្បាប់ ។

លោក ផៃ វាសនា ឲ្យដឹងថា កន្លងទៅ ធ្លាប់មានមនុស្សអះអាងថា ជាមន្ត្រីសុខាភិ បាល ប៉ុន្តែលោកមិនស្គាល់ឈ្មោះបានទូរស័ព្ទផ្ដល់យោបល់ឲ្យលោកសម្របសម្រួល ទទួលយកសំណងដើម្បីបញ្ចប់រឿងនេះ ចំនួន១ម៉ឺន៥ពាន់ដុល្លារ ប៉ុន្តែលោកមិន ព្រម។ លោក ផៃ វាសនា រក្សាជំហរថា លោកចង់ឲ្យអ្នកប្រព្រឹត្តទទួលទោសតាមច្បាប់ផងនិងទទួលខុសត្រូវចំពោះការស្លាប់ របស់ភរិយាលោកផង ៕ ហេង សូរិយា

ស្ត្រីរងគ្រោះកាលមិនទាន់បាត់បង់ជីវិត

ស្ត្រីរងគ្រោះកាលមិនទាន់បាត់បង់ជីវិត


ចែករំលែក៖