ភ្នំពេញ៖ ព្រឹត្តិការណ៍រត់ប្រណាំង ចម្ងាយឆ្ងាយនៅប្រាសាទអង្គរវត្ត ឆ្នាំ២០១៧នេះ មានអ្នកចូលរួមប្រមាណ៥០០នាក់ កើនឡើងជិត២ដងកាលពីឆ្នាំ២០១៦កន្លងទៅ ។ នេះបើតាមការលើកឡើងរបស់ លោក ហ្សង់ឃ្លោក អ្នកផ្តួចផ្តើមកម្មវិធី Angkor Ultral Trail ក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧ នៅស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។
លោក ហ្សង់ ឃ្លោក បានឲ្យដឹងថា គិតត្រឹមថ្ងៃនេះ គណៈកម្មការរៀបចំលការប្រកួត បានទទួលការចុះឈ្មោះ របស់អ្នករត់ប្រណាំង ចម្ងាយឆ្ងាយ ១២៨គីឡូម៉ែត្រ ប្រមាណ៥០០នាក់រួចហើយ ក្នុងចំណោមនោះ ក៏មានកីឡាករកម្ពុជា ៣០នាក់ ដែរ ។ លោកបានបន្តទៀតថា ព្រឹត្តិការណ៍នេះ ទទួលបានជោគជ័យកាលពីឆ្នាំកន្លងទៅ ដោយមានកិច្ចសហការល្អជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងបណ្តាញផ្សព្វផ្សាយក្នុងស្រុកទាំងអស់បានជួយផ្សព្វផ្សាយ ទូរលំទូរលាយ ព្រមទាំងមានកិច្ចសហការពីដៃគូឧបត្ថម្ភផងដែរ។
អ្នកគ្រប់គ្រង់កម្មវិធីជនជាតិបារាំងរូបនេះ អះអាងថា ព្រឹត្តិការណ៍ Angkor Ultral Trail 2017 មានវិញ្ញាសា សម្រាប់ឲ្យអ្នករត់ចូលរួម ដូចជា រត់ចម្ងាយ១២៨គីឡូម៉ែត្រ ដែលមានតម្លៃ ចុះឈ្មោះចំនួន១៦០ដុល្លារ សម្រាប់ជនបរទេស និងខ្មែរ ៥០ដុល្លារ ។ រត់ចម្ងាយ ៦៤គីឡូម៉ែត្រ តម្លៃចុះឈ្មោះ ជនបរទេស ៩០ដុល្លារ ខ្មែរ ៣០ដុល្លារ ចម្ងាយ ៣២គីឡូម៉ែត្រ បរទេស៦៣ដុល្លារ ខ្មែរ ២០ដុល្លារ និងរត់ចម្ងាយ១៦គីឡូម៉ែត្រ បរទេស៤៣ដុល្លារ ខ្មែរ ១០ដុលារ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកម្ពុជា មានប្រសាសន៍ថា ព្រឹត្តិការណ៍ គោលបំណងរបស់យើង ទី១-ដើម្បីផ្សព្វផ្សាយឲ្យពលរដ្ឋយល់ដឹងអំពី បរិស្ថាន និងចេះស្រលាញបរិស្ថាន ធម្មជាតិ ។ទី២- ផ្សព្វផ្សាយតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រឯក របស់កម្ពុជាទៅពិភពលោក ទី៣- ស្វែងរកថវិកាជួយដល់អង្គការ NGOដែលធ្វើការងារផ្នែកមនុស្សធម៌នៅក្នុងព្រះរាជណាចក្រកម្ពុជា។
គួររំលឹកថា ព្រឹត្តិការណ៍រត់ប្រណាំងចម្ងាយ១២៨គីឡូម៉ែត្រ មានអ្នករត់ប្រមាណ៥០០នាក់ មកបី ២៧ប្រទេស ក្នុងអ្នករត់មកពីប្រទេសបារាំងច្រើនជាងគេ ដោយប្រព្រឹតទៅនៅមុខទីលានជល់ដំរី វេលាម៉ោង១១យប់ ថ្ងៃទី២០ខែមករាឆ្នា២០១៧ ៕សារីម