ភ្នំពេញ៖ តារាចម្រៀងប្រចាំផលិតកម្មសាន់ដេ កញ្ញា សុខ ពិសី បានធ្វើឲ្យកក្រើកជាថ្មីជាមួយនឹងការងារសិល្បៈពិសេសការច្រៀង និងសម្តែង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ការទទួលការងារថ្មីជាបន្តបន្ទាប់នេះបានធ្វើឲ្យតារាស្រីរូបនេះបញ្ចេញតម្លៃខ្លួនថ្មីដែលមានកម្រៃខ្ពស់ជាងឆ្នាំមុន។
តារាចម្រៀងសុខ ពិសី បានសម្រេចសមិទ្ធផលធំៗជាច្រើនកាលពីឆ្នាំចាស់ពិសេសនាង ទើបនឹងទទួលបានគ្រឿងឥស្សរិយយសពីព្រះមហាក្សត្រកម្ពុជាដែលបំពាក់ដោយប្រធានអង្គភាពប្រឆាំងអំពើពុករលួយផងដែរ។ ចូលឆ្នាំ២០១៧ភ្លាម តារាចម្រៀង សុខពិសី ត្រូវបានផលិតករទម្លាយពីការទាមទារតម្លៃខ្លួនខ្ពស់ជាងឆ្នាំមុន។ ប្រភពបញ្ជាក់ថា សុខពិសីដែលពីមុនជា ទទួលការច្រៀងក្នុងកម្មវិធីប្រគុំតន្ត្រីមួយចន្លោះពី១៥០០ទៅ១៨០០ដុល្លារអាមេរិក ប៉ុន្តែពេលនាងបានប្រកាសឡើងតម្លៃខ្លួនចាប់ពី២ពាន់ទៅជាង២ពាន់ដុល្លារអាមេរិកដែលតម្លៃខ្លួននេះគឺមានចំនួនប្រហាក់ប្រហែលនឹងតារាចម្រៀងល្បីឈ្មោះ ឱក សុគន្ធ កញ្ញា និងមាស សុខសោភា។ ប្រភពបញ្ជាក់ដែរថា ការឡើងតម្លៃខ្លួននេះដែរគឺស្របពេលដែលតារាចម្រៀងស្រីរូបនេះទទួលបានការងារសិល្បៈច្រើនពិសេសការសម្តែងក្នុងឈុតឆាកផ្សព្វផ្សាយពាណិជ្ជកម្មធំៗបន្តបន្ទាប់។
ក្នុងជំនួបជាមួយតារាចម្រៀងរូបនេះកាលពីថ្មីៗនេះបញ្ជាក់ថា នាងពិតជាសប្បាយចិត្តនឹងការងារដែលសម្រេចបានក្នុងពេលកន្លងមកទាំងកម្មវិធីធំៗនិងកម្មវិធីសប្បុរសធម៌នានា។ តារាស្រីរូបនេះទទួលស្គាល់ថាក្នុងឆ្នាំថ្មីនេះតម្លៃខ្លួននៃការឡើងច្រៀងរបស់នាងពិតឡើងថ្លៃជាមុនបន្តិចមែន ព្រោះតែការចំណាយ និងផ្គត់ផ្គង់ក្រុមរាំរបស់នាងក៏មានកំណើនដែរ។ តារាស្រីរូបនេះទទួលស្គាល់ថាតម្លៃខ្លួនអាចប្រហាក់ប្រហែលទៅនឹងការលើកឡើងខាងលើនេះមែនប៉ុន្តែនាងស្នើមិនធ្វើការលម្អិតអំពីបញ្ហានេះ។ នាងថាមិនសំឡឹងមើលឃើញតែប្រាក់ជាធំទេ ប៉ុន្តែសម្រាប់ការងារប្រគុំតន្ត្រីមនុស្សធម៌នាងនៅតែជួយទៅតាមលទ្ធភាពនិងពេលវេលាអំណោយផល។
អ្នកផលិតកម្មវិធីប្រគុំតន្ត្រីខាងលើលើកឡើងដែរថា ការតំឡើងថ្លៃខ្លួនរបស់ តារាចម្រៀង សុខ ពិសី មិនធ្វើឲ្យប៉ះពាល់ដល់ទីផ្សារការងារសិល្បៈរបស់នាងនោះទេ ប៉ុន្តែនាងកាន់តែមានឱកាសច្រើនជាមួយនឹងគូប្រជែងទៅវិញព្រោះតែ សុខ ពិសីបានបង្ហាញពីគំនិតច្នៃប្រឌិតថ្មីជាមួយការច្រៀង និងក្រុមរាំរបស់នាង៕ វឌ្ឍនា