ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន សំណេះសំណាលជាមួយបងប្អូនពលរដ្ឋខ្មែរនៅស្វុីស

ចែករំលែក៖

ភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី១៦ ខែមករា (ម៉ោងនៅប្រទេសកម្ពុជា) សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ និស្សិតកម្ពុជាមកពីប្រទេសមួយចំនួន ស្ថិតនៅប្រទេសស្វុីស ។

ហ្វេសប៊ុកសម្តេចតេជោបានផ្សព្វផ្សាយថា បញ្ជាក់ថា៖ នៅល្ងាចនេះ សម្តេចតេជោ ហ៊ុន សែន រីករាយស្វាគមន៍យ៉ាងកក់ក្តៅដល់ បងប្អូនខ្មែរដែលបានមកចូលរួមក្នុងពិធី ជួបជុំល្ងាចនេះ។ សម្តេចតេជោ បានយល់អំពីការពិបាកមួយចំនួនសម្រាប់បងប្អូន ព្រោះជាថ្ងៃធ្វើការផង ហើយ ធ្លាក់ទឹកកកផង គឺពិបាកក្នុងការធ្វើដំណើរ។ ប៉ុន្តែបងប្អូនយើងបានមកជួបជុំគ្នាថ្ងៃនេះ គឺបង្ហាញអំពីក្តីស្រឡាញ់ និងយកចិត្តទុកដាក់ចំពោះប្រទេសជាតិ។ ក្នុងការជួបជុំថ្ងៃនេះគឺមានបងប្អូនប្រជាពលរដ្ឋ និងនិស្សិតខ្មែររាប់រយ នាក់មកពីប្រទេសមួយចំនួនដូចជា ឆេកូ អាល្លឺម៉ង់ បារាំង បែលហ្សិក និងស្វីសជាដើម។

ប្រភពបន្តថា៖ សម្តេចតេជោ ធ្លាប់បានមកប្រជុំនៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកនៅប្រទេសស្វីសកាលពីឆ្នាំ ២០១៥។ នេះជា លើកទី២ ហើយដែលសម្តេចតេជោបានដឹកនាំគណៈប្រតិភូមកចូលរួមប្រជុំនៅទីក្រុង Davos ប្រទេសស្វីស។ ហើយសម្តេចតេជោតែងតែចង់ជួបសំណេះសំណាលជាមួយបងប្អូននៅទីនេះនិងមកពីបណ្តាប្រទេសនានាក្នុងអឺរ៉ុប។ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ ២០១៧ នៅកម្ពុជា ដែលនឹងធ្វើនៅខែ ឧសភា ក្នុងឆ្នាំនេះ។

ហ្វេសប៊ុកសម្តេចតេជោបន្តទៀតថា៖ កម្ពុជាគឺត្រូវការសន្តិភាព ដើម្បីយើងមានឱកាសកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ។ សព្វថ្ងៃទំហំពាណិជ្ចកម្មរវាងកម្ពុជានិងអឺរ៉ុបគឺមានជាង ៤ពាន់លានដុល្លារ។ សម្តេចតេជោ ក៏បានជម្រាបជូនបងប្អូនយើងផងដែរអំពីការរីក ចម្រើនវិស័យកសិកម្មនៅកម្ពុជា ដែលសព្វថ្ងៃនេះគឺ ៨% ភ្ជួររាស់ដោយគោក្របី ក្រៅពីនោះគឺប្រើប្រាស់គ្រឿងយន្តទាំអស់។ យើងចូលរួមរក្សាស្ថេរភាពនយោបាយផង និងរក្សាស្ថេរភាពម៉ាក្រូសេដ្ឋកិច្ចផង។ កម្ពុជាយើងប្តេជ្ញាទម្លាក់អត្រាភាពក្រីក្រក្នុងមួយឆ្នាំគឺ ១%។ នៅឆ្នាំ ២០៣០ កម្ពុជានឹងក្លាយជាប្រទេសមានប្រាក់ចំណូលកម្រិតខ្ពស់។ វិស័យទេសចរណ៍ក៏កំពុងជួយជំរុញកំណើនសេដ្ឋកិច្កម្ពុជាផងដែរ។ ក្នុងឆ្នាំកន្លងទៅគឺយើងបានទទួលទេស ចរណ៍ប្រមាណ ៥លាននាក់។ យើងនឹងបង្កើនការទាក់ទាញទេសចរណ៍ពីប្រទេសចិនអោយបាន ច្រើនឡើង។ ពិតមែនតែកម្ពុជាយើងក្រថវិកា និងសំភារៈ តែយើងមិនក្រគំនិតទេ។

ប្រភពបន្តថា៖ មុននឹងបញ្ចប់កម្មវិធីសំណេះសំណាល សម្តេចតេជោ ហ៊ុន សែន បានផ្តល់កិត្តិយសអញ្ជើញថតរូបជាមួយបងប្អូន ខ្មែរ និងនិស្សិតដែលកំពុងបន្តសិក្សានៅបរទេស រួមទាំងនៅប្រទេសឆេកូ និងអាល្លឺម៉ង់ជាដើម។ សម្តេចតេជោ បានផ្តាំផ្ញើអោយនិស្សិតខិតខំយកចិត្តទុកដាក់សិក្សាដើម្បីយកចំណេះដឹងទៅបម្រើប្រទេសជាតិ ៕

1 2 3 f


ចែករំលែក៖