ភ្នំពេញ៖ លោកឃួង ស្រេងអនុប្រធានគណៈបក្សរាជធានីនិងជាប្រធានក្រុមការងារថ្នាក់រាជធានីចុះជួយខណ្ឌព្រែកព្នៅបានជម្រុញ ការកសាង កែលំអ ហេដ្ឋារចនាសម្ព័ន្ធ ធានាទឹកប្រើប្រាស់ និងថាមពលអគ្គិសនី គឺជាកម្មវិធីនយោបាយ អភិវឌ្ឍសង្កាត់ សម្រាប់ក្រុមប្រឹក្សាសង្កាត់អណត្តិ ថ្មី
នៅក្នុងសន្និបាតរបស់គណៈកម្មាធិការបក្សប្រជាជនកម្ពុជា សង្កាត់ទាំង៥ក្នុងខណ្ឌព្រែកព្នៅ នាព្រឹកថ្ងៃទី១៤ ខែមករា អង្គសន្និបាតបានដាក់ចេញនូវកម្មវិធី នយោបាយជាច្រើនដើម្បីអភិវឌ្ឍមូលដ្ឋាន សម្រាប់ អណត្តិថ្មី ឆ្នាំ២០១៧ – ២០២២ ខាងមុខនេះក្នុង ដោយផ្តោតលើ ផ្នែកហេដ្ឋារចនាសម្ព័ន្ធ សង្កាត់ទាំង៥ នឹងជំរុញ ការថែរក្សារជួសជុលផ្លូវ ស្ពានលូដែលមានស្រាប់ និងជាពិសេសបន្ដរៀបចំ ជួសជុល ផ្លូវបេតុងនឹងរៀបចំប្រព័ន្ធលូរំដោះទឹក នៅតាមបណ្ដាភូមិ១ចំនួន ដែលមិនទាន់មានលូ ផ្លូវ។
ដោយឡែកលើបញ្ហាទឹកប្រើប្រាស់សង្កាត់ខិតខំលើកកម្ពស់ការស្ដារស្រះ ជីកអណ្ដូងទឹក និង ដោះស្រាយ ទឹកតាមមធ្យោបាយផ្សេងៗ នៅភូមិដែលខ្វះខាតទឹកប្រើប្រាស់និងបង្កើនការផ្គត់ផ្គង់ទឹកស្អាតតាមរយៈ បំពង់ទឹក ប្រកបដោយប្រសិទ្ធភាពនិងឆាប់រហ័ស។បង្កើនសមត្ថភាពកសិករឲ្យចេះប្រើប្រាស់ទឹក ក្នុងការគ្រប់គ្រង និងការប្រើប្រាស់ទឹកក្នុងប្រព័ន្ធធរាសាស្ដ្រ និងជួយអន្ដរាគមន៍ បូមទឹកសង្គ្រោះស្រូវជូនប្រជាកសិករនៅពេលជួបគ្រោះរាំងស្ងួត។ចំណែកផ្នែកផ្គត់ផ្គង់ថាមពលអគ្គិសនី សង្កាត់នឹងជម្រុញការប្រើប្រាស់ភ្លើងឯកជន មកប្រើប្រាស់ភ្លើងរដ្ឋ ដែលមានបរិមាណលើសពី ៥០គីឡូវ៉ាត់ម៉ោងក្នុង១ខែមានតម្លៃត្រឹមតែ ៦១០រៀល ក្នុង១គីឡូវ៉ាត់ម៉ោង ចាប់ពីខែមេសានេះទៅ។នេះគ្រាន់តែជាចំណុច១ចំនួន នៃកម្មវិធីនយោបាយអភិវឌ្ឍមូលដ្ឋានសង្កាត់តែប៉ុណ្ណោះ។ ក្រៅពីនេះនៅមានកម្មវិធីនយោបាយជាច្រើនទៀត ដែលក្រុមប្រឹក្សាអណត្តិថ្មី ត្រូវប្រឈមដោះស្រាយជូនប្រជាពលរដ្ឋ។
តែទោះជាយ៉ាងនេះក្ដី ក៏ស្ថានភាពជីវភាពរបស់ប្រជាពលរដ្ឋនៅតំបន់១ចំនួន មានបញ្ហាប្រឈមខ្លះ លើបញ្ហាផ្លូវ ទឹកស្អាតប្រើប្រាស់ និងភ្លើងអគ្គិសនី ដែលតម្រូវឲ្យក្រុមប្រឹក្សាសង្កាត់អណត្តិក្រោយនេះ ខិតខំដោះស្រាយ ជូនប្រជាពលរដ្ឋឲ្យបាន ។
លោក សុខ សម្បត្តិ ប្រធានគណៈកម្មាធិការបក្សខណ្ឌព្រែកព្នៅ ក្នុងរយៈពេលជិត៥ឆ្នាំ នៃ អណត្តិក្រុមប្រឹក្សាសង្កាត់ មូលដ្ឋាននៃសង្កាត់ទាំង៥ក្នុងខណ្ឌព្រែកព្នៅ មានការវិវឌ្ឍន៍រីកចំរើនគួរឲ្យកត់សម្គាល់ ទាំងការងារអភិវឌ្ឍសេដ្ឋកិច្ច ការងារកសាងហេដ្ឋារចនាសម្ព័ន្ធជាដើម ដែលធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមានលក្ខណៈល្អប្រសើរ ។
លោកសុខសម្បត្តិបានលើកឡើងថា ថ្វីត្បិតតែនៅចុងអណត្តិក្រុមប្រឹក្សានេះ សង្កាត់ពន្សាំង នៅមានការងារសេសសល់១ចំនួន តែការងារ១ចំនួនទៀត ដែលនៅក្រៅពីកម្មវិធីគោលនយោបាយ ក៏យើង សម្រេចបានច្រើនដែរ ដែលបាន ឆ្លើយតបទៅនឹងតម្រូវការ និងស្ថានភាពរបស់ប្រជាពលរដ្ឋជាក់ស្ដែង។
គួរបញ្ជាក់ថាគណៈកម្មធិការបក្សប្រជាជនកម្ពុជាទាំង៥សង្កាត់ បានធ្វើសន្និបាតគឺសង្កាត់ពន្សាំងនៅព្រឹកថ្ងៃទី ០៨ ខែមករា សង្កាត់សំរោង ព្រឹកថ្ងៃទី១៤សង្កាត់ព្រែកព្នៅនៅពេលរសៀលនិងសង្កាត់ពញ្ញាពន់នៅពេលព្រឹកថ្ងៃទី១៥ហើយសង្កាត់គោករការរសៀលថ្ងៃដដែល ខែមករា ឆ្នាំ២០១៧ លើរបៀបវារៈ១ចំនួនរួមមាន របាយការបូកសរុបលទ្ធផល ការអនុវត្ត កម្មវិធី នយោបាលអភិវឌ្ឍសង្កាត់ អណត្តិទី៣ និងទិសដៅបន្ដសម្រាប់អណត្តិទី៤ រយៈពេល៥ឆ្នាំ និងការបោះឆ្នោតស្ទៀបស្ទង់មតិ ដើម្បីជ្រើសរើស អង្គបោះឆ្នោត ក្រុមប្រឹក្សាសង្កាត់ជាច្រើនទាំង៥សង្កាត់ ដែលត្រូវឈរឈ្មោះ បោះឆ្នោតក្រុមប្រឹក្សាសង្កាត់អណត្តិទី៤ នាខែមិថុនាខាងមុខនេះ ៕ព្រែកជ័យ