ខេត្តមណ្ឌលគិរី៖ កាលពីល្ងាចថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧ នៅចំណុចព្រៃរបោះតូចៗលើដីព្រលានយន្តហោះ ស្ថិតក្នុងភូមិ ចម្ការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែន មនោរម្យមានការភ្ញាក់ផ្អើលមួយខណៈអ្នករត់ម៉ូតូឌុបប្រទះឃើញគ្រោងឆ្អឹងសាកសពមនុស្សម្នាក់ដែលគេសង្ស័យថា ជាករណីឃាតកម្មតែសមត្ថកិច្ចសន្និដ្ឋានជំហានដំបូង ថាជាករណីធ្វើអត្តឃាត ។
ប្រជាពលរដ្ឋទៅមើលឆ្អឹងសពមិនស្គាល់ អត្តសញ្ញាណនេះឲ្យដឹងថា គ្រោងឆ្អឹងខាងលើនេះបានរលេះរលួយសាច់អស់ទៅ ហើយនៅសល់តែឆ្អឹងហើយជនរងគ្រោះអាចស្លាប់រយៈពេល៤-៥ខែមកហើយ។
មន្ត្រីនគរបាលខេត្តមណ្ឌលគិរីបានឲ្យដឹងថា គ្រោងឆ្អឹងជនរងគ្រោះត្រូវបានអ្នក រត់ម៉ូតូឌុបប្រទះឃើញកាលពីល្ងាចថ្ងៃទី១៦ ខែមករា ជាបឋមសមត្ថកិច្ចសន្និដ្ឋានថា ករណីនេះមិនមែនជាករណីឃាតកម្មទេ អាចជាករណីធ្វើអត្តឃាត ព្រោះនៅកន្លែង កើតហេតុមិនមានភស្តុតាង និងម្យ៉ាងមិនទាន់ស្គាល់អត្តសញ្ញាណជនរងគ្រោះតែយ៉ាងណាសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវ ករណីនេះនៅឡើយ ។
មន្ត្រីដដែលបានបញ្ជាក់ថា សាកសពខាងលើអាចនឹងស្លាប់រយៈពេលយ៉ាងតិច ៤-៥ខែមកហើយ ។
គួរបញ្ជាក់ថា កាលពី៦ខែមុននៅឃុំ ពូជ្រៃ ស្រុកពេជ្រាដា មានករណីមនុស្ស ប្រុសបាត់ខ្លួនម្នាក់ ដូច្នេះករណីនេះនគរ បាលជំនាញបានបញ្ជាឲ្យមេប៉ុស្តិ៍នៅ
ទីនោះស្រាវជ្រាវរកបងប្អូនឲ្យទៅមើលឆ្អឹងសាកសពនៅព្រលានយន្តហោះនេះក្រែងមានតម្រុយខ្លះ ។
មន្ត្រីរូបនេះបានបន្ថែមថា នៅជិតគ្រោង ឆ្អឹងសាកសពខាងលើគេឃើញមានស្បែក ជើងរបស់មនុស្សប្រុសមួយគូធ្វើពីស្បែក ពណ៌ខ្មៅ ចំណែកខោអាវនិងរបស់របរ ផ្សេងៗទៀតគេមិនមាននោះទេ ៕ សហការី