ខេត្តត្បូងឃ្មុំ៖ យុវជនមួយក្រុមជិះម៉ូតូ៤គ្រឿងដេញគ្នាត្រូវរថយន្តធុនធំ១គ្រឿងបុកបណ្ដាលឲ្យស្លាប់៣នាក់និងរបួសធ្ងន់ស្រាល៤នាក់កាលពីវេលាម៉ោង១១និង៣០ នាទីយប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវជាតិលេខ៧ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ២១៣-២១៤ ស្ថិត ក្នុងភូមិដូងទី១ ឃុំទ្រមូង ស្រុកមេមត់ ខេត្ត ត្បូងឃ្មុំ។
មន្ត្រីនគរបាលស្រុកមេមត់បានឲ្យដឹងថា មុនពេលកើតហេតុមានម៉ូតូក្រុមយុវជន៤គ្រឿងជិះប្រដេញវាយគ្នាក្នុងទិសដៅពីកើតទៅលិចហើយនៅពេលជិះមកដល់ ចំណុចកើតហេតុមានរថយន្ត១គ្រឿងមិនស្គាល់ម៉ាកបានបុករះម៉ូតូទាំង៤គ្រឿងពីក្រោយបណ្តាលឲ្យអ្នកជិះផ្លោងខ្ទាតចេញពីម៉ូតូស្លាប់៣នាក់ និងរបួសធ្ងន់ស្រាល៤ នាក់ ហើយអ្នកបើករថយន្តបានបន្ថែម ល្បឿនបើកទៅមុខបាត់ស្រមោលតែម្តង។
មន្រ្តីនគរបាលដដែលបន្តថា យុវជន ដែលជិះម៉ូតូម៉ាកMSXពណ៌ខ្មៅមិនស្គាល់ឈ្មោះនិងអាសយដ្ឋានបានស្លាប់នៅនឹង កន្លែងនិងអ្នករួមដំណើរម្នាក់មិនស្គាល់ឈ្មោះបានស្លាប់នៅមន្ទីរពេទ្យបង្អែកស្រុកមេមត់។ ចំណែកម៉ូតូម៉ាកវ៉េវឆ្លាម ពណ៌ ស្វាយគ្មានស្លាកលេខបើកបរដោយឈ្មោះ សេត ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិ ទី២ ឃុំទ្រមូង ស្រុកមេមត់បានស្លាប់នៅនឹងកន្លែងកើតហេតុ។ រីឯម៉ូតូម៉ាកMSX គ្មានស្លាកលេខបើកបរដោយឈ្មោះ វង់ សិលា ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិ ចង្កំកណ្តាល ឃុំទន្លូង ស្រុកមេមត់បានរង របួសធ្ងន់ដោយឌុបឈ្មោះ អឿន សុធា ភេទ ប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិ-ឃុំជាមួយ គ្នារបួសស្រាលនិងម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ បើកបរដោយឈ្មោះ ចាន់ អូន ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅ ភូមិអណ្តូងថ្មលើ ឃុំទ្រមូង ស្រុកមេមត់ រង របួសធ្ងន់ និងអ្នករួមដំណើរឈ្មោះ អ៊ន អន ភេទប្រុស អាយុ២៥ឆ្នាំ រងរបួសស្រាល។
ជនរងគ្រោះទាំងអស់ត្រូវបានសាច់ញាតិដឹកតាមម៉ូតូយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តត្បូងឃ្មុំ និងអ្នកស្លាប់ដឹកយកទៅផ្ទះដើម្បីធ្វើបុណ្យតាមប្រពៃណី ។
មន្រ្តីដដែលបន្តថា មូលហេតុដែលបង្កឲ្យមានគ្រោះថ្នាក់នេះ ដោយសារតែក្រុមយុវជនទាំងនេះជិះម៉ូតូដេញវាយគ្នាពេញ ដងផ្លូវស្របពេលដែលរថយន្តធុនធំបើកលឿនក៏បុកបណ្តាលឲ្យស្លាប់៣នាក់ និង របួសធ្ងន់ស្រាល៤នាក់តែម្តង៕ សហការី