ព័ត៌មានទាន់ហេតុការណ៍៖

ផ្លូវកែងខាងជើងសាលាបឋមសិក្សាបាក់ទូកក្លាយជាកន្លែងផ្ញើម៉ូតូ ដោយសារតែ ម្ចាស់ទីតាំងលក់វត្ថុអនុស្សាវរីយ៍ ហុង កុង យកធ្វើជាចំណតសម្រាប់អតិថិជន

ចែករំលែក៖

ភ្នំពេញ ៖ ជារៀងរាល់ថ្ងៃ ការកកស្ទះចរាចរ នៅត្រង់ចំណុចផ្លូវកែងសាលាបឋមសិក្សាបាក់ទូក ដែលម្ចាស់ទីតាំងលក់វត្ថុអនុស្សាវរីយ៍ បានយកចំណីផ្លូវសាធារណៈ មកធ្វើជាកន្លែងផ្ញើកង់ម៉ូតូ និងចតរថយន្ត ពាសពេញផ្លូវបង្កឲ្យមានការកកស្ទះ ចំណែកមន្រ្តីពាក់ព័ន្ធ និងលោកអភិបាលខណ្ឌ៧មករា មិនឃើញ និងមិនខ្វល់ពីប្រជាពលរដ្ឋដែលធ្វើដំណើរនៅតាមផ្លូវមួយនេះ ទោះជាមានការកកស្ទះចរាចរក៏ដោយ ។

ផ្លូវនេះតែងតែស្ទះចរាចររាល់ថ្ងៃ ជាពិសេសនៅពេលល្ងាច មានទីតាំងនៅតាមផ្លូវលេខ១៤៩ កែងផ្លូវលេខ១៥២ ស្ថិតនៅសង្កាត់វាលវង់ ខណ្ឌ៧មករា ហើយបញ្ហាដែលនាំឲ្យមានការស្ទះចរាចរនេះ គឺមកពីម្ចាស់ទីតាំងដែលលក់វត្ថុអនុស្សាវរីយ៍ ដែលមានយីហោ ហុងកុង និងភីហោស៍ បានយកចំណីផ្លូវធ្វើជាចំណតសំរាប់ម៉ូតូ និងរថយន្តភ្ញៀវរបស់ពួកគេដែលចូលមករកទិញឥវ៉ាន់នៅទីនេះ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថាជារៀងរាល់ថ្ងៃ ជាពិសេសនៅពេលល្ងាចពួកគាត់ធ្វើដំណើរកាត់តាមផ្លូវនេះម្តង ឃើញថា មានកន្លែងផ្ញើម៉ូតូបានយកចិញ្ចើមផ្លូវ (សឹងតែពាក់កណ្តាលទ្រូងផ្លូវទៅហើយ) ធ្វើកន្លែងទទួលផ្ញើម៉ូតូ មិនតែប៉ុនណឹងទេ គឺមានរថយន្តនឹម៉ូតូរ៉ឺម៉កកង់បីមកចតពេញផ្លូវនេះថែមទៀត ដែលធ្វើឲ្យផ្លូវរួមតូចមានសភាពកកស្ទះចរាចរផងដែរ ។

ជាចុងក្រោយប្រជាពលរដ្ឋ ក៏បានសំណូមពរដល់អាជ្ញាធរខណ្ឌ៧មករា ឲ្យចុះត្រួតពិនិត្យទីតាំងនេះផងកុំឲ្យយកចិញ្ចើមផ្លូវ ធ្វើជាកម្មសិទ្ធិខ្លួនឯងបែបនេះ៕ ស រស្មី

image1 copy image2 copy image3 copy image4 copy image5 copy


ចែករំលែក៖