ខេត្តបន្ទាយមានជ័យ៖ ស្រ្តីម្នាក់ ដែលជាប្រពន្ធឃាតកវាយសម្លាប់ប្លន់យកទ្រព្យសម្បត្តិស្រ្តីមេម៉ាយម្នាក់ ក្នុងផ្ទះសំណាក់យីហោម៉ារី ក្រុងសិរីសោភ័ណកន្លងទៅថ្មីៗនេះ ត្រូវបានកម្លាំងអាវុធហត្ថ ខេត្តបន្ទាយមានជ័យ ចាប់ឃាត់ខ្លួនចោទប្រកាន់ពីបទផ្សំគំនិតនៃអំពើប្លន់ ។ ចំណែកជនដៃដល់ជាឃាតកវិញ សមត្ថកិច្ចមិនទាន់បានចាប់ឃាត់ខ្លួននៅឡើយនោះទេ រហូតដល់បច្ចុប្បន្ននេះ។
ការឃាត់ខ្លួនស្រ្តីឈ្មោះ សឿយ ណាត អាយុ៤៥ឆ្នាំ រស់នៅភូមិរស់គោកស្វាយ ឃុំភូមិថ្មី ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ធ្វើឡើងកាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ ក្រោយពីសមត្ថកិច្ច បើកធ្វើការស្រាវជ្រាវស៊ើបអង្កេតរកឃើញទ្រព្យសម្បត្តិគ្រឿងអលង្ការមួយចំនួនរបស់ស្រ្តីរងគ្រោះ ត្រូវបានឃាតក ដែលជាប្តីស្រ្តីសង្ស័យយកទៅប្រគល់ឱ្យស្រ្តីសង្ស័យ ហើយស្រ្តីរូបនោះ ក៏យកទ្រព្យសម្បត្តិគ្រឿងអលង្ការ រំដោះផ្ញើលាក់ទុកនឹងបងប្អូនក្នុងភូមិរបស់ខ្លួនទៀតផង ក្នុងសកម្មភាពលាក់បាំង និងទទួលផលនៃអំពើប្លន់នោះ។
ជាមួយនឹងការឃាត់ខ្លួនស្រ្តីសង្ស័យ សមត្ថកិច្ចឆែកឆេររកឃើញដកហូតបានគ្រឿងអលង្ការរបស់ស្រ្តីរងគ្រោះមួយចំនួនរួមមាន៖ ខ្សែកផ្លាទីនច្រវាក់ឆាប១ខ្សែ ទម្ងន់៤ជី២ហ៊ុន , ខ្សែកផ្លាទីនក្បាច់ទម្ងន់៤ជី៩ហ៊ុន០៨លី, ខ្សែដៃមាស១ខ្សែ ទម្ងន់២ជី៩ហ៊ុន៨លី, ចិញ្ចៀនផ្លាទីន១វង់ទម្ងន់២ជី៤ហ៊ុន៨លី , មាសដុំទម្ងន់៣ជី , កងដៃផ្លាទីន១០កងទម្ងន់៦ជី, ខ្សែដៃផ្លាទីន១ខ្សែទម្ងន់២ជី៦ហ៊ុន៣លី , ខ្សែកផ្លាទីនក្បាច់ថ្នាំងអំពៅ១ខ្សែ ទម្ងន់២ជី១ហ៊ុន៥លី និងខ្សែកក្បាច់ផ្លាទីន ១ខ្សែទម្ងន់៤ជី៨លី។ ចំណែកម៉ូតូ១គ្រឿង និងប្រាក់មួយចំនួនធំទៀតត្រូវបានឃាតក យកជាមួយនិងការរត់គេចខ្លួនបាត់ ។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរយុត្តិធម៌នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យប្រាប់ឱ្យដឹងថា ស្រ្តីសង្ស័យខាងលើបានឆ្លើយសារភាពគ្រឿងអលង្ការទាំងនោះ គាត់មិនដឹងប្តីរបស់ខ្លួនបានមកពីណាទេ ដោយយកមកប្រគល់ឱ្យគាត់ហើយប្តីគេចខ្លួនបាត់។ ទ្រព្យសម្បតិ្តរបស់ស្រ្តីរងគ្រោះដែលដកហូតមកវិញ នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧ បានប្រគល់ឱ្យកូនស្រ្តីរងគ្រោះអាយុ១២ ឆ្នាំ ដែលមានការចូលរួមពីមេភូមិ ឃុំ និងបងប្អូនសាច់ញាតិផងដែរ ។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរយុត្តិធម៌នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យប្រាប់ឱ្យដឹងទៀតថា ពាក់ព័ន្ធនិងឃាតករដែលរត់គេចខ្លួនសមត្ថកិច្ចកំពុងតាមដានស្រាវជ្រាវស៊ើបអង្កេត ដើម្បីស្វែងរកចាប់ឃាត់ខ្លួនយកមកផ្តន្ទាទោសតាមផ្លូវច្បាប់។ ឃាតកត្រូវបានសមត្ថកិច្ចស្គាល់អត្តសញ្ញាណនោះ ហើយមានឈ្មោះសែន សុខន ភេទប្រុស អាយុ៤១ឆ្នាំ គ្មានមុខរបរពិតប្រាកដរស់នៅភូមិឃុំខាងលើ ។
សូមរំលឹកថា កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ ស្រ្តីមេម៉ាយម្នាក់ប្រកបមុខរបរលក់អីវ៉ាន់ចាប់ហួយនិងជាគ្រូទាយ មានឈ្មោះ ប៊ុន សូរៀត អាយុ៤០ឆ្នាំ រស់នៅភូមិស្លែង ឃុំស្លក្រាម ស្រុកស្វាយចេកខេត្តបន្ទាយមានជ័យ ត្រូវបានគេប្រទះឃើញស្លាប់ដោយស្នាមវាយនិងច្របាច់កសម្លាប់ នៅក្នុងបន្ទប់ដេកផ្ទះសំណាក់យីហោម៉ារី ស្ថិតនៅភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ក្រោយពីស្រ្តីរងគ្រោះបានជិះម៉ូតូជាមួយនិងឃាតករដែលគេស្គាល់ឈ្មោះ សែន សុខន ពួកគេទាំង២នាក់មានទំនាក់ទំនងស្នេហាជាមួយគ្នាហើយចូលមកដេកក្នុងផ្ទះសំណាក់នោះចំនួន៥លើកមកហើយ។ ក្រោយមកស្រាប់តែគេឃើញបុរសជាឃាតករចេញពីបន្ទប់ជិះម៉ូតូចេញបាត់គ្មានអ្នកណាចាប់អារម្មណ៍នោះឡើយ។ម៉ូតូដែលជនឃាតករយកទៅជារបស់ស្រ្តីររងគ្រោះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១២ ។
បន្ទាប់មករំលងរយៈពេល៣ទៅ៤ម៉ោង ទើបមានការភ្ញាក់ផ្អើលឆោឡោឡើងថា មានករណីស្រ្តីម្នាក់ត្រូវបានគេសម្លាប់ នៅក្នុងផ្ទះសំណាក់ខាងលើប្លន់យកទ្រព្យសម្បត្តិ៕ សំ វិច្ឆិកា