ភ្នំពេញ៖ រថយន្តដឹកទំនិញធុនធំជាច្រើនគ្រឿង ដែលធ្វើចរាចរណ៍តាមបណ្តោយផ្លូវភ្នំពេញ ហាណូយ និងឆ្លងកាត់ផ្លូវ៩២ ត្រូវក្រុមមន្ត្រីជំនាញរបស់មន្ទីរសាធារណការរាជធានីភ្នំពេញ បានដាក់ប៉ុស្តិ៍ចល័តតាមដងផ្លូវសាធារណៈនានា ដើម្បីឃាត់ត្រួតពិនិត្យ និងរកឯកសារដែលមិនមានលក្ខណៈបច្ចេកទេសត្រឹមត្រូវជាដើម ដើម្បីកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍ និងភាពអនាធិបតេយ្យនៃផ្នែកយានយន្ត ។
លោក គួយ គីម អនុប្រធានការិយាល័យសាធារណៈការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ដែលបានកំពុងដឹកនាំគណៈកម្មការ និងមន្ត្រីជំនាញចុះមកឆែកឆេររថយន្តតាមផ្លូវសាធារណៈនៅចំណុចផ្លូវលេខ១០១៩ ក្នុងខណ្ឌសែនសុខ នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧ បានអោយដឹងថា ប្រតិបត្តិការបែបនេះ បានអនុវត្តចាប់តាំងពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦ មកម្ល៉េះ ដែលក្រុមការងាររបស់លោកបានធ្វើកិច្ចការនេះ ដោយដាក់កុងត្រូលចល័ត គិតរហូតមកដល់ពេលនេះ បានឃាត់រថយន្តចំនួន១០៧៤គ្រឿង ក្នុងនោះរថយន្តដែលកែច្នៃតទ្រុងឡើងលើ ខុសលក្ខណៈបច្ចេកទេស ដែលតម្រូវអោយកាត់ចេញវិញ មានចំនួន៧២គ្រឿង និងគ្មានលិខិតអនុញាត អោយបើកចេញ ចូលក្រុងភ្នំពេញចំនួន៣៤៦គ្រឿង ក្រៅពីនោះមិនមានឯកសារសម្គាល់យានយន្តគ្រប់គ្រាន់។
ជាមួយគ្នានេះដែរ មន្ត្រីខាងលើបានអោយដឹងថា គ្រប់រថយន្តដឹកទំនិញឬរថយន្តខ្នាតធំៗទាំងអស់មិនត្រូវបានអនុញាតអោយបើកបរចូលក្នុងក្រុងឡើយនៅពេលថ្ងៃ លើកលែងតែពេលយប់ ចាប់ពីម៉ោង៩យប់ ដល់ម៉ោង៦ព្រឹក ហើយរថយន្តទាំងនោះ ចាំបាច់ត្រូវមានឯកសារគ្រប់គ្រាន់ ជាពិសេសត្រូវមានឯកសារលិខិតអនុញាតពីសាលារាជធានី ក្នុងការសុំច្បាប់បើកបរចេញចូលក្នុងក្រុង ។
កន្លងមករថយន្តប្រភេទនេះតែងតែបង្កបញ្ហាគ្រោះថ្នាក់ចរាចរណ៍ និងបង្កអោយមានការកកស្ទះចរាចរណ៍ក្នុងរាជធានី នាំអោយរំខានដល់ការធ្វើដំណើររបស់មន្ត្រីរាជការ សិស្សសាលានានា ទៅធ្វើការ ឬរៀនសូត្រ ដោយសារតែរថយន្តដឹកទំនិញទាំងនេះបើកបរគ្មានសណ្តាប់ធ្នាប់៕ តុង សីហា