ភ្នំពេញ៖ លោក ថោង រដ្ឋាស័ក្កិ អនុប្រធានសហព័ន្ធកីឡាទូកក្តោងកម្ពុជាបានឲ្យដឹងថា កីឡាករ ៣នាក់របស់សហព័ន្ធកីឡាទូកក្តោងកម្ពុជា ដែលបញ្ជូនទៅចូលរួមការប្រកូត 36th Singapore Open Windsurfing Championship និងទៅហ្វឹកហាត់ កាលពីថ្ងៃទី ១១ – ១៥ ខែមករា ឆ្នាំ ២០១៧ នៅប្រទេសសង្ហបុរី ទទួលបានលទ្ធផលល្អប្រសើរក្នុងតារាងចំណាត់ថ្នាក់ការប្រកួត ។
លោកបានអនុប្រធានប្រធានសហព័ន្ធរូបនោះ បានឲ្យដឹងថា កីឡាករ៣នាក់ខាងលើ មានដូចជា កីឡាករ ហៀង ស៊ុនហេង អាយុ ១៤ឆ្នាំ កីឡាករ សូត្រ មេសា អាយុ ១៤ឆ្នាំនិងកីឡាករ ឌុច ប៊ុនធឿន ទៅហ្វឹកហាត់។
លោក បញ្ជាក់ថា ការប្រកូតកីឡាទូកក្តោង 36th Singapore Open Windsurfing Championshipដែលដំណើរការប្រកួត ចាប់ពីថៃ្ងទី ១១ – ១៥មករានោះមានទូកចូលរួមចំនួន១០០ទូក មានកីឡាករមកពីចំនួន៣០ប្រទេស ដោយប្រកួតចំនួន១៣ប្រកួត ប៉ុន្តែត្រូវលុបចោល២ប្រកួត ដោយសារអាកាសធាតុមិនអំណោយផល ។
នៅក្នុងការប្រកួតនោះដែរ កីឡាករ ហៀង ស៊ុនហេង ទទួលបានចំណាត់ថ្នាក់លេខ១១ ក្នុងចំណោម២៨ទូក ក្នុងជុំទី៨ ទូកចំណាត់ថ្នាក់១០ បាននាំមុខកីឡាករ ហៀង ស៊ុនហេង ក្នុងការប្រកួតនោះ គឺអតីតៈកីឡាករមេដាយមាសរបស់ថៃ។ រីឯកីឡាករ ឌុច ប៊ុនធឿន ទៅចូលរួមហ្វឹកហាត់ ទូកក្តោងប្រភេទ Laser 470 ក៏ទទួលបានលទ្ធផលល្អប្រសើរដែរ ដោយកីឡាកររូបនេះ ទទួលបានចំណាត់ថ្នាក់លេខ២៥ ក្នុងចំណោមទូកធំចំនួន៣០ ក្នុងការហ្វឹកហាត់រួមគ្នាជាមួយបណ្តាប្រទេសដទៃទៀត។
លោក អនុប្រធាន រូបនេះបន្តថា លទ្ធផលនេះ សហព័ន្ធទូកក្តោងកម្ពុជា គិតថា វាទទួលបានលទ្ធផលល្អ ព្រោះនេះជាលើកទី១របស់កីឡាករទូកក្តោងកម្ពុជាដែលចូលរួមក្នុងការប្រកួតលក្ខណៈអន្តរជាតិ បន្ទាប់ពីបានហ្វឹកហាត់បានតែរយៈពេល៣ខែនៅក្រៅប្រទេស។
លោក បន្ថែមថា បន្ទាប់ពីព្រឹត្តិការណ៍ប្រកួតអន្តរជាតិនេះទៅ កីឡាករទូកក្តោងនឹងបន្តចូលរួមហ្វឹកហាត់នៅខេត្តប៉ាតាយ៉ា ប្រទេសថៃទៀត ព្រោះសហព័ន្ធទូកក្តោងកម្ពុជា មានទិសដៅសម្រួចសមត្ថភាពពួកគេសម្រាប់ ចូលរួមប្រកួតកីឡាស៊ីហ្គេម នៅប្រទេសម៉ាឡេស៊ី នាខែតុលាខាងមុខនេះ។
គួរបញ្ជាក់ថា សហព័ន្ធកីឡាទូកក្តោងកម្ពុជាបានបង្កើតឡើង នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៥ ទើបមានអាយុ១ឆ្នាំ៤ខែប៉ុណ្ណោះ។ ប៉ុន្តែសហព័ន្ធទទួលបានសមិទ្ធផលល្អគួរឱ្យកត់សម្គាល់ តាមរយៈសកម្មភាពការងារហ្វឹកហាត់នានា ដែលសហព័ន្ធកីឡាទូកក្តោងកម្ពុជាបានខិតខំប្រឹងប្រែង ក្នុងនោះសហព័ន្ធធ្លាប់បានបញ្ជូនកីឡាករទៅហ្វឹកហាត់ ផ្លាស់ប្តូរបទពិសោធន៍ជាមួយកីឡាករជម្រើសជាតិរបស់ថៃចំនួន២សប្តាហ៍ផងដែរ ៕ សារីម