ព័ត៌មានទាន់ហេតុការណ៍៖

លោក ហែម ដារិទ្ធ៖ ក្រុមខណ្ឌពោធិ៍សែនជ័យយកតែពានរង្វាន់Soccer League២០១៧ ចំណែកប្រាក់រង្វាន់ប្រគល់ជូនពេទ្យគន្ធបុប្ផា

ចែករំលែក៖

ភ្នំពេញ៖ លោក ហែមដារិទ្ធ ប្រធានក្លិបបាល់ទាត់ខណ្ឌពោធិ៍សែន បានថ្លែងប្រាប់ក្រុមអ្នកព័ត៌មានថា ប្រសិនក្រុមខណ្ឌពោធិសែនជ័យអាចលើកពានរង្វាន់ Soccer League 2017 សម្រាប់វគ្គផ្តាច់ព្រ័ត្រនោះ ក្រុមរបស់លោក យកតែពានរង្វាន់ទេ ចំណែកឯកថវិការង្វាន់ទាំងប៉ុន្មាន នឹងប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផាទាំងអស់ ។ ការថ្លែងបែបនេះរបស់លោកហែម ដារិទ្ធធ្វើ ក្រោយពេលក្រុមរបស់ខ្លួនបានឈ្នះក្រុមជើងឯកឆ្នាំចាស់អាណាចក្របៃតង ក្នុងលទ្ធផល២ទល់០ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កាលពីល្ងាចថ្ងៃទី២២ ខែមករា ឆ្នាំ២០១៧ នៅពហុកីឡដ្ឋានជាតិ។

លោក ហែម ដារិទ្ធបានអះអាងថា ក្តីសង្ឃឹមយើងមានសម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ ប៉ុន្តែក្រុមខ្លាំងចំនួន២គឺ ក្រុមយុវជនកំចាយមា និងក្រុមឆន្ទៈកីឡា សុទ្ធតែក្រុមដែលមិនធម្មតា ព្រោះក្រុមដែលឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រគឺជាក្រុមខ្លាំង។ យ៉ាងណាលោក និងគ្រូបង្វឹកបានគិតគូររួចហើយដែរ នូវយុទ្ធវិធីក្នុងការលេង ដើម្បីទប់ស្កាត់ជាមួយក្រុមទាំងនោះ ប្រសិនក្រុមណាមួយអាចឡើងជួបក្រុមរបស់លោក នៅវគ្គផ្តាច់ព្រ័ត្រ នាថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ ។

លោកបានបញ្ជាក់បន្ថែមថា “ប្រសិនបើក្រុមខណ្ឌពោធិសែនជ័យអាចលើកពានSoccer League2017មែននោះ ក្រុមរបស់យកតែពានប៉ណ្ណោះ រីឯប្រាក់រង្វាន់ទាំងប៉ុន្មាន នឹងយកទៅប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផាទាំងអស់ ហេតុដូច្នេះលោកសូមអំពាវនាវ ដល់បងប្អូនស្នេហាវិស័យកីឡា សូមចូលរួមគាំទ្រ និងលើទឹកចិត្ត សម្រាប់ក្រុមខណ្ឌពោធិសែននៅថ្ងៃប្រកួតផ្តាច់ព្រ័ត្រផង” ។

ដោយឡែកលោក ភាសុភ័ត្រ្កា គ្រូបង្វឹកក្រុមអាណាចក្របៃតងអតីតម្ចាស់ជើងឯកឆ្នាំចាស់បានធ្លាក់មកដណ្តើមពានរង្វាន់លេខ៣ នៃការប្រកួតបាល់ទាត់ Soccer League រដូវកាលទី៤ ឆ្នាំ២០១៧ បានលើកឡើងថា ការប្រកួត វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ ក្រុមទាំងពីរ សុទ្ធតែលេងបានយ៉ាងល្អ និងស្វិតស្វាញមែនទែន ប៉ុន្តែក្រុមអាណាចក្របៃតង ធ្វើមិនជោគជ័យដោយលេងចាញ់ក្រុមខណ្ឌពោធិសេនជ័យក្នុងលទ្ធផល២ទល់សូន្យ ដោយសារក្រុមរបស់លោកបាត់បង់កីឡាករល្អ៣នាក់មិនបានមកចូលរួមហ្វឹកហាត់ និងប្រកួតនៅក្នុងជំនួបដ៏សំខាន់នេះ។

គួររំលឹកថា ក្រុមខណ្ឌពោធិសែនជ័យ នៅក្នុងជំនួបវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាមួយក្រុមអាណាចក្របៃតង់នេះ គឺរកបានដោយកីឡាករស៊ាំ សារ៉ាន់ និងកីឡាករនួន ស៊ីថាន នៅវគ្គទី២ នៃការប្រកួត៕ សារីម

unnamed (1) unnamed (2) unnamed (3) unnamed (4) unnamed (5) unnamed


ចែករំលែក៖